ដ្បិតវិស័យខេប៉ុបកំពុងតែទទួលបានការគាំទ្រពីទស្សនិកជនជុំវិញពិភពលោក អមដោយការវិនិយោគទៅលើតារាហ្វឹកហាត់ក៏កើនឡើង ក៏ប៉ុន្តែចំនួនអ្នកចុះឈ្មោះ ដើម្បីហ្វឹកហាត់មានការធ្លាក់ចុះ ស្របពេលដែលចំនួនអ្នកសម្រេចចិត្តបោះបង់ក្ដីសុបិនកណ្ដាលទីក៏កើនឡើងដូចគ្នា។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៥ នេះ។

នៅក្នុងឆ្នាំ ២០២៤ JYP Entertainment បានបញ្ហាតួលេខក្នុងរបាយការណ៍ប្រចាំឆ្នាំថា ទីភ្នាក់ងាររបស់ខ្លួនបានចំណាយប្រាក់ជាង ១.១២ ពាន់លានវ៉ុន ឬប្រមាណ ៧៦ ៥០០០ ដុល្លារអាមេរិកសម្រាប់បង្វឹកតារាខេប៉ុបថ្មី ដោយចំនួននេះមានការកើនឡើងជាង ៣០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលទីភ្នាក់ងារចំណាយប្រាក់ ៨៥០ លានវ៉ុន ឬប្រមាណ ៥៧ ៩០០០ ដុល្លារអាមេរិកសម្រាប់គោលបំណងតែមួយ។
បន្ថែមពីនេះ ការដែលបទ APT និង Golden ទទួលបានសិទ្ធិដណ្ដើមពានរង្វាន់ចម្រៀងប្រចាំឆ្នាំពីកម្មវិធី Grammy Awards គឺជាតួយ៉ាងមួយដែលបង្ហាញថា វិស័យខេប៉ុបកំពុងទទួលបានភាពជោគជ័យ និងការទទួលស្គាល់លំដាប់ពិភពលោក។
យ៉ាងណាមិញ ចំនួនតារាហ្វឹកហាត់ថ្មីបែរជាមានចំនួនធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយការស្ទង់មតិលើឧស្សាហកម្មវប្បធម៌ និងសិល្បៈប៉ុបរបស់ Korea Creative Content Agency បានបង្ហាញថា ចំនួនតារាហ្វឹកហាត់មានការធ្លាក់ចុះជាង ៣៨.៣ ភាគរយក្នុងចន្លោះឆ្នាំ ២០២០ និង ២០២២ ពីចំនួន ១ ៨៩៥ នាក់មកត្រឹមតែ ១ ១៧០នាក់ប៉ុណ្ណោះ។

ស្របពេលដែលចំនួនតារាហ្វឹកហាត់ពីគ្រួសារដែលមានជីវភាពធម្មតាមានចំនួនតិចជាងមុននៅក្នុងវិស័យនេះ។ ផ្ទុយមកវិញ ចំនួនតារាហ្វឹកហាត់ដែលមកពីគ្រួសារធូរធារមានការកើនឡើង ខណៈពេលដែលពួកគេមានឱកាសបានចូលហ្វឹកហាត់ មុននឹងពេលចុះកុងត្រាជាមួយនឹងទីភ្នាក់ងារណាមួយទៅទៀត។ នេះចាត់ទុកជាហេតុផលមួយនៃការធ្លាក់ចុះ ដោយរបាយការណ៍ពីការស្ទង់មតិនេះ បានសន្មតថា ទីភ្នាក់ងារអាចបន្ថយចំនួនតារាហ្វឹកហាត់ ព្រោះតែការកើនឡើងនៃការចំណាយ សម្រាប់បង្វឹកតារាជំនាន់ថ្មី។
ដោយឡែក ចំនួនអ្នកស្ម័គ្រចិត្តចាកចេញពីវិស័យនេះដោយខ្លួនឯង ស្ថិតនៅក្នុងចំនួន ៣៤.៣ ភាគរយ ពោលគឺកើនឡើង ៣.៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២០ ព្រោះហេតុផលថា ទីភ្នាក់ងារភាគច្រើននៅតែបន្តមានបរិយាកាសការងារដែលមិនល្អប្រសើរនៅឡើយ។

យោងតាមនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរបស់លោក Kang Won-rae ក្នុងឆ្នាំ ២០២៥ នេះ ក្រោមប្រធានបទ “បញ្ហាប្រឈម និងការកែលម្អប្រព័ន្ធបង្វឹកខេប៉ុបអាយដល” បានរកឃើញថា តារាហ្វឹកហាត់ដែលជាស្រ្តីវ័យជំទង់ចំនួន ៧ ទៅ ៨ នាក់ ក្នុង ១០នាក់ បានជួបប្រទះនឹងបញ្ហា ការមករដូវមិនប្រក្រតី“។
តារាហ្វឹកហាត់ មិនបង្ហាញអត្តសញ្ញាណម្នាក់បានចែករំលែកថា៖ “ដោយសារតែពួកគេនៅក្មេងពេក ពួកគេមិនយល់ច្បាស់ពីបញ្ហារដូវនោះទេ។ ឯទីភ្នាក់ងារក៏មិនបានខ្វល់ពីរឿងនេះដូចគ្នា ព្រោះអ្វីដែលពួកគេចង់បាន គឺរាងស្អាត”។
បន្ថែមពីនេះ តារាហ្វឹកហាត់ជាច្រើនរូបបានប្រាប់ពីបញ្ហាដូចគ្នាថា ពួកគេតម្រូវឱ្យទប់ដង្ហើមនៅពេលរាំ រហូតដល់ពួកគេបានជួបប្រទះនឹងអាការ Hyperventilation ដែលបណ្ដាលឱ្យពួកគេដកដង្ហើមញាប់ ព្រោះតែបញ្ហាថប់បារម្ភ ឬភ័យខ្លាច។ ទន្ទឹមគ្នាដែរ តារាហ្វឹកហាត់ម្នាក់ទៀតបានឱ្យដឹងថា ទីភ្នាក់ងារធ្លាប់បានឱ្យគេហ្វឹកហាត់តែម្នាក់ឯង ចាប់តាំងពីម៉ោង ១រសៀល ដលម៉ោង ១១យប់ ទាំងមិនមានគ្រូបង្វឹកចាំជួយនោះទេ។
ស្របគ្នានេះ អ្នកធ្វើការនៅក្នុងវិស័យខេប៉ុបម្នាក់ បានប្រាប់ពីកាលវិភាគហ្វឹកហាត់ថា តារាហ្វឹកហាត់ទាំងនេះភាគច្រើនត្រូវចូលរៀនភាសារបរទេសតាំងតែពីម៉ោង ៩ព្រឹក រហូតដល់ម៉ោងសម្រាកថ្ងៃត្រង់ មុននឹងចូលរៀនច្រៀង និងរាំដល់ម៉ោង ១០ យប់។ យ៉ាងណាមិញ បុគ្គលដដែលនេះ បានប្រាប់បន្ថែមថា ដ្បិតមានភាពតឹងតែងបែបនេះក្ដី តែឱកាសក្នុងការបង្ហាញវត្តមានជាតារាខេប៉ុបពេញទី គឺជាឱកាសកម្រណាស់។

លើសពីនេះទៀត ឱកាសទាំងនេះ គឺសម្រាប់តែតារាហ្វឹកហាត់ដែលស្ថិតនៅក្នុងវ័យជំទង់ប៉ុណ្ណោះ ខណៈពេលដែលតារាហ្វឹកហាត់ដែលមានវ័យលើសពី ២០ឆ្នាំ គឺជាវ័យមួយដែលគេចាត់ទុកថា ចាស់ពេកសម្រាប់ការបង្ហាញខ្លួនជាតារាខេប៉ុប។ ករណីនេះ គឺមានករណីរបស់ Ejae ម្ចាស់បទ Golden ជាឧទាហរណ៍ស្រាប់ ដែលនាងផ្ទាល់មិនមានឱកាសអាចចាប់ផ្ដើមអាជីពនេះបានទេ ទោះបីជាបានខិតខំចំណាយពេលហ្វឹកហាត់អស់ពេល ១២ ឆ្នាំជាមួយនឹង SM Entertainment ក៏ដោយ។
ការបាត់បង់ឱកាសនេះក៏ជាបញ្ហាមួយទៀតដែរ សម្រាប់តារាហ្វឹកហាត់ដែលមិនមានជីវភាពធូរធារ ស្របពេលដែលពួកគេភាគច្រើនបានជួបបញ្ហាក្នុងការស្វែងរកការងារ ខុសពីយុវជនទូទៅដែលបានចូលរៀនទៀងទាត់។ តារាហ្វឹកហាត់មួយបានប្រាប់ទៅលោក Kang Won-rae ថា បញ្ហានេះគួរតែមានដំណោះស្រាយណាមួយ ដូចជាការបណ្ដុះបណ្ដាលជំនាញការងារជាដើម ព្រោះតារាហ្វឹកហាត់ដែលមិនអាចក្លាយជាតារាខេប៉ុបជាច្រើន បានប្រកបអាជីពជាអ្នកធ្វើការក្រៅម៉ោងសម្រាប់ដោះស្រាយជីវភាព៕

























Account
Security
Favourite Content