ផលិតកម្ម Warner Bros. បានបញ្ចេញនូវ Trailer ផ្លូវការដំបូងរបស់ The Conjuring: Last Rites ដើម្បីត្រៀមចាក់ផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ខាងមុខ ខណៈវគ្គទី ៤នេះ ជាភាពយន្តចុងក្រោយពីចក្រវាលភាពយន្តបែបរន្ធត់ផ្អែកលើហេតុការណ៍ពិត The Conjuring។


ដូចគ្នានឹងវគ្គមុនៗដែរ The Conjuring: Last Rites គឺជាភាពយន្តរន្ធត់ដែលបំផុសគំនិតចេញពីដំណើរដោះស្រាយរឿងអមនុស្សរបស់ប្ដីប្រពន្ធជនជាតិអាមេរិកាំង លោក Ed Warren សម្ដែងដោយ Patrick Wilson និងលោកស្រី Lorraine Warren សម្ដែងដោយ Vera Farmiga។
ជាក់ស្ដែង ភាពយន្តដែលដឹកនាំដោយលោក Michael Chaves គឺមានគ្រោងរឿងផ្ដោតទៅលើករណីរបស់គ្រួសារត្រកូល Smurl ដែលត្រូវទទួលរងទារុណកម្មពីបិសាចអស់ពេលជាងមួយទសវត្សរ៍ ក្រោមដំបូលផ្ទះរបស់ខ្លួន។ នៅក្នុងជីវិតពិត ដែលកើតឡើងតាំងតែពីឆ្នាំ ១៩៨៦ ហេតុការណ៍លើសធម្មជាតិរបស់គ្រួសារនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងក្រាស់ក្រែលពីប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកមិនថាពីកម្មវិធីទូរទស្សន៍ Larry King Live និងកាសែត Times Leaders ជាដើម។

នៅក្នុងឈុតឆាកខ្លីដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅនេះ តួអង្គ Lorraine Warren បានបង្ហើបថា ហេតុការណ៍នេះអាចជាហេតុការណ៍ដែលគ្រោះថ្នាក់បំផុត ខណៈលោកស្រីបាននិយាយថា វាខុសប្លែកៗពីករណីចាស់ៗដែលខ្លួនធ្លាប់ជួប។
គួរឱ្យដឹងផងដែរថា ចក្រវាលរឿង The Conjuring គឺជាភាពយន្តរន្ធត់កំពូលប្រជាប្រិយភាព ជាមួយនឹងប្រាក់ចំណូលមិនតិចជាង ២ពាន់លានដុល្លារអាមេរិកនោះទេ។ ក្រៅពីរឿងធំៗដែលស្ថិតនៅក្រោមចំណងជើង The Conjuring នៅមានកុនដែលពាក់ព័ន្ធដើមហេតុនៃសាច់រឿងគោលទាំង ៤ ផ្សេងទៀត ដូចជា The Nun និង Annabelle ជាដើម៕


























Account
Security
Favourite Content