SBS បញ្ជាក់ថា ភាពយន្តភាគរឿង Taxi Driver រដូវកាលទី ៣ នឹងចេញផ្សាយនៅចន្លោះខែកក្កដា ដល់ដំណាច់ឆ្នាំ២០២៥នេះ ដោយនៅតែរក្សាតួសម្ដែងពីរដូវកាលមុនដដែល តែសាច់រឿងគួរឱ្យចាប់អារម្មណ៍ជាងមុន។

នៅថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ ស្ថានីយទូរទស្សន៍ខាងលើបានរៀបរាប់ថា៖ “រដូវកាលថ្មីរបស់រឿង Taxi Driver ដែលទទួលបានការចូលចិត្តជាច្រើនពីទស្សនិកជន បានគ្រោងនឹងចាក់ផ្សាយជាផ្លូវការនៅលើទូរទស្សន៍ SBS ក្នុងឆមាសទី២ នាឆ្នាំនេះ”។
ផ្អែកលើប្រលោមលោកគំនូររបស់ webtoon ក្រោមចំណងជើងតែមួយ Taxi Driver ជារឿងរ៉ាងរបស់សេវាកម្មឡានតាក់ស៊ីចម្លែកមួយ ដែលមានបេសកកម្មជួយដល់ជនរងគ្រោះរូបណា ដែលមិនទទួលបានយុត្តិធម៌តាមរយៈផ្លូវច្បាប់។
នៅក្នុងរដូវកាលថ្មីនេះ ទោះ Taxi Driver 3 នឹងទទួលបានអ្នកដឹកនាំរឿងថ្មី គឺលោក Kang Bo Seung មកដឹកនាំក្ដី តែលោក Oh Sang Ho ដែលជាអ្នកនិពន្ធរឿងនេះកាលពីរដូវកាលមុនៗនឹងត្រឡប់មកធ្វើការនៅលើរឿងនេះដូចដើម។ ទន្ទឹមគ្នានេះដែរ តួសម្ដែងសំខាន់ៗនៅក្នុងក្រុម Rainbow Taxi ដែលមានដូចជា Lee Je Hoon, Kim Eui Sung, Pyo Ye Jin, Jang Hyuk Jin និង Bae Yoo Ram ក៏នឹងត្រឡប់មកសម្ដែងតួអង្គរបស់ខ្លួនវិញដូចគ្នាដែរ។

ទាក់ទងនឹងសាច់រឿងថ្មីនេះវិញ ក្រុមការងារបានបង្ហើបថា នឹងនៅតែរក្សាចំណុចសំខាន់ៗ និងរសជាតិនៃសាច់រឿងដែលទស្សនិកជនចូលចិត្តឱ្យនៅដដែល ក៏ប៉ុន្តែសាច់រឿងទាំងមូលនឹងភាពស៊ីជម្រៅ និងស្មុគស្មាញជាងមុន ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុកខ្ពស់របស់អ្នកគាំទ្រកាលពីរដូវកាលមុនៗ៕























Account
Security
Favourite Content