បន្ទាប់ពីប្រឡូកសិល្បៈជាអ្នកសម្ដែងជាង ៣ទសវត្សរ៍ តារាសម្ដែងស្រីតៃវ៉ាន់ Shu Qi ក៏បានបង្ហាញភាពយន្តដែលខ្លួននិពន្ធនិងដឹកនាំផ្ទាល់ដំបូងមានចំណងជើងថា “Girl” ។

កាលពីថ្ងៃទី ៤ ខែកញ្ញា តារាសម្តែងជួរមុខដែលបានវិវត្តខ្លួនក្លាយជាផលិតករភាពយន្តថ្មីថ្មោងរូបនេះបាននាំយកភាពយន្តជាស្នាដៃដឹកដំបូងរបស់នាងមានចំណងជើងថា “Girl” ទៅចាក់បញ្ចាំងលើកដំបូងនៅមហោស្រពភាពយន្តក្រុង Venice ប្រទេសអ៊ីតាលី ។
មុនដល់ពេលបញ្ចាំងភាពយន្ត តារាស្រីវ័យ ៤៩ឆ្នាំរូបនេះព្រមជាមួយតួសម្តែងរបស់នាង រួមមានតារាសម្ដែង Roy Chiu, Bai Xiao-Ying និងតារាចម្រៀង 9m88 បានថតរូបជុំគ្នាសម្រាបសន្និសីទសារព័ត៌មានរបស់កម្មវិធីមហោស្រព។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន AFP តារាស្រី Shu Qi បានរៀបរាប់ថានាងបាននិពន្ធរឿង “Girl” ឡើងដោយដកស្រង់បទពិសោធន៍ជីវិតដ៏លំបាករបស់នាងពេលនៅក្មេង ខណៈត្រូវធំឡើងជាមួយឪពុកដែលញៀនស្រា។
ធ្លាប់បានសម្ដែងភាពយន្តរាប់រយចំណងជើងចាប់តាំងពីប្រឡូកសិល្បៈនៅឆ្នាំ១៩៩៦ តារាស្រីរូបនេះបានចំណាយពេល ១០ ឆ្នាំដើម្បីនិពន្ធរឿង “Girl” នេះឡើង ដោយសាច់រឿងនិយាយអំពីខ្សែជីវិតក្មេងស្រីក្នុងគ្រួសារក្រីក្រមួយក្នុងរដ្ឋធានីតៃប៉ិរបស់តៃវ៉ាន់ក្នុងចុងទសវត្សរ៍ឆ្នាំ ១៩៨០ ដោយមានការផ្តោតលើប្រធានបទដូចជា អំពើហិង្សាក្នុងគ្រួសារ ការសេពគ្រឿងស្រវឹង និងការប៉ះទង្គិចផ្លូវចិត្តសម្រាប់មនុស្សជំនាន់ក្រោយ។
គួរបញ្ជាក់ដែរថា “Girl” គឺជាខ្សែភាពយន្តមួយក្នុងចំណោមភាពយន្តចំនួន ២១ ដែលមានឈ្មោះប្រកួតប្រជែងដណ្តើមពានរង្វាន់ Golden Lion ជាពានរង្វាន់ធំរបស់មហោស្រព Venice ដែលនឹងប្រកាសអ្នកឈ្នះនៅថ្ងៃទី៦ ខែកញ្ញានេះ ៕



























Account
Security
Favourite Content