ភាពយន្តភាគកូរ៉េដ៏ល្បីល្បាញពីល្បែងមរណៈ គឺរឿង “Squid Game” ទើបតែបញ្ចេញ Trailer ផ្លូវការដំបូងសម្រាប់រដូវកាលទី២។

ស្របពេលជាមួយគ្នានេះដែរ ផលិតករ អ្នកនិពន្ធ និងអ្នកដឹកនាំភាពយន្តនេះគឺលោក Hwang Dong Hyuk រួមជាមួយតួសម្ដែងសំខាន់ៗរួមមានតារាប្រុស Lee Jung Jae និង Wi Ha Jun ក៏បានបង្ហាញខ្លួនរួមគ្នាក្នុងពិធីផ្សព្វផ្សាយជាសាកលសម្រាប់រដូវកាលទី២ នេះនៅទីក្រុង Lucca ប្រទេសអ៊ីតាលី។
ត្រៀមចេញផ្សាយផ្លូវការនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ភាពយន្ត “Squid Game” រដូវកាលទី២ នឹងមានការវិលត្រលប់របស់តួឯកប្រុសដែលសម្ដែងដោយ Lee Jung Jae មកចូលរួមប្រកួតប្រជែងក្នុងល្បែងដ៏គ្រោះថ្នាក់ក្នុងពិភព Squid Game ម្ដងទៀត បន្ទាប់ពីលោកគឺជាអ្នកលេងដែលរួចជីវិតតែម្នាក់គត់ក្នុងរដូវកាលមុន។
ទោះយ៉ាងណាក្នុងរដូវកាលថ្មីនេះ តួឯកប្រុសរបស់យើងបានត្រលប់មកម្ដងទៀតមិនមែនចង់ដណ្ដើមយកប្រាក់រង្វាន់រាប់លានដុល្លារនោះទេ ប៉ុន្តែគឺដើម្បីមកសងសឹក និងវែកមុខអ្នកនៅពីក្រោយការរៀបចំល្បែង Squid Game ដើម្បីនាំពួកគេទៅទទួលទោសតាមច្បាប់។
ក្រៅពី Lee Jung-jae និង Wi Ha-jun រដូវកាលទី២នេះនឹងមានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនទៀតដូចជាសមាជិក Bigbang T.O.P, តារាសម្ដែង Lee Byung-hun, Yim Si-wan, Kang Ha-neul, Park Gyu-young និង Park Sung-hoon ជាដើម។
គួររំឭកថា ភាពយន្តភាគ “Squid Game” បានក្លាយជាភាពយន្តភាគដែលមានការទស្សនាច្រើនបំផុតរបស់ Netflix នៅពេលចេញរដូវកាលទី១ កាលពីឆ្នាំ២០២១ ខណៈត្រឹម ២៨ ថ្ងៃដំបូងក្រោយការចេញផ្សាយ គឺមានអ្នកចូលទស្សនាសរុប ១១១ លាននាក់ ជាមួយរយៈពេលទស្សនាសរុប ១៦៥០ លានម៉ោង ៕





























Account
Security
Favourite Content