នៅថ្ងៃទី៦ ខែសីហានេះ ផលិតកម្ម SM Entertainment បានប្រកាសថា ប្រាក់ចំណូលសរុបប្រចាំត្រីមាសទី២ បានកើនឡើងចំនួន ១៩.៣ភាគរយ សរុបប្រមាណ ៣០២.៩ ពាន់លានវ៉ុន ឬប្រមាណ ២១៦.៥ លានដុល្លារអាមេរិក តាមរយៈការចេញស្នាដៃថ្មីរបស់ RIIZE, NCT WISH និង Aespa រួមទាំងការលក់វត្ថុអនុស្សាវរីយ៍។

នៅក្នុងត្រីមាសនេះ SM បានជួយប្រទះនឹងបញ្ហាការធ្លាក់ចុះនៃចំណូលពីកម្មវិធីប្រគំតន្រ្តី ក៏ប៉ុន្តែចំណូលពីការលក់អាល់ប៊ុមបានកើនឡើងចំនួន ៣៧.៩ភាគរយ ដែលមានតម្លៃស្មើនឹង ៩៩ ពាន់លានវ៉ុន ឬ ៧០.៨លានដុល្លារអាមេរិក។
ជាក់ស្ដែង អាល់ប៊ុមរបស់ RIIZE បានលក់ចេញចំនួន ១.៩៣ លានច្បាប់ ស្របពេលដែលអាល់ប៊ុមថ្មីរបស់ NCT WISH បានលក់ចេញក្នុងចំនួន ១.៣៤ លានច្បាប់ និង Dirty Work របស់ Aespa បានលក់ចេញក្នុងចំនួន ៩សែនច្បាប់។
យ៉ាងណាមិញ ប្រាក់ចំណូលពីការប្រគំតន្ត្រីដែល SM រកបានគឺតិចជាងមុន ១.៩ភាគរយ សរុបចេញជាទឹកប្រាក់ ៣៣.៦ ពាន់លានវ៉ុន ឬប្រមាណ ២៤.៣ លានដុល្លារអាមេរិក។ នៅក្នុងត្រីមាសទី ២ នេះ ផលិតកម្ម SM Entertainment បានរៀបចំការប្រគំតន្ត្រីគម្រប់ខួប ៣០ ឆ្នាំរបស់ SMTOWN នៅក្នុងទីក្រុងជាច្រើន ទន្ទឹមគ្នានឹងកម្មវិធីរបស់ TVXQ!, NCT 127, TEN, NCT WISH និង SHINee ។


ប្រភពចំណូលមួយទៀត គឺអាស្រ័យទៅលើការលក់ទំនិញវត្ថុអនុស្សាវរីយ ជាពិសេសពីក្នុងកម្មវិធីប្រគំតន្ត្រី NCT WISH និង RIIZE ដែលតួលេខបានកើនឡើង ៣៩.៦ភាគរយ ទទួលបានប្រាក់ចំនួន ៦៣.៩ ពាន់លានវ៉ុន ល្បាក់ ៤៦.៣ លានដុល្លារអាមេរិក។ បូករួមនឹងចំណូលដទៃទៀត នៅក្នុងត្រីមាសទី២ ប្រចាំឆ្នាំ ២០២៥ នេះ SM បានរាយការណ៍ថា ខ្លួនអាចរកចំណូលបាន ៣០២.៩ ពាន់លានវ៉ុន ឬប្រមាណ ២១៦.៥ លានដុល្លារអាមេរិក។
ទន្ទឹមគ្នានេះ នៅក្នុងត្រីមាសក្រោយ SM អាចនឹងរកចំណូលបានច្រើនជាងមុន អមជាមួយនឹងគម្រោងការងារជាច្រើន រាប់ចាប់ពីអាល់ប៊ុម Express Mode របស់ SUPER JUNIOR អាល់ប៊ុម Go Back to the Future របស់ NCT DREAM អាល់ប៊ុមទោលរបស់ TAEYEON បទចម្រៀងថ្មីរបស់ RIIZE និងអាល់ប៊ុមខ្នាតតូចរបស់សិល្បករផ្សេងទៀតដូចជា Aespa, NCT WISH, NCT DREAM, WayV និង Hearts2Hearts៕
























Account
Security
Favourite Content