ក្រុមតូច (Unit) ថ្មីរបស់ Seventeen គឺ S.Coups x Mingyu បានទទួលជោគជ័យយ៉ាងលេចធ្លោទាំងការលក់អាល់ប៊ុម និងចំណាត់ថ្នាក់នៅលើតារាងតន្ត្រីផ្សេងៗ។

នៅថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅ S.Coups x Mingyu បានចេញអាល់ប៊ុមខ្នាតតូចដំបូងរបស់ពួកគេមានចំណងជើងថា ‘HYPE VIBES’ ហើយយោងតាមតារាង Hanteo អាល់ប៊ុមថ្មីនេះអាចលក់បាន ៦០០ ៥៧៥ ច្បាប់នៅថ្ងៃចេញលក់ដំបូងនេះ និងបានឡើងដល់ចំណាត់ថ្នាក់លេខមួយក្នុងតារាងអាល់ប៊ុមប្រចាំថ្ងៃ ដែលចាត់ទុកជាសមិទ្ធិផលមិនធម្មតាសម្រាប់ក្រុម Unit។
ភាពជោគជ័យរបស់ពួកគេនៅតារាងតន្ត្រីអន្តជាតិក៏គួរឱ្យកត់សម្គាល់ផងដែរ ដោយអាល់ប៊ុម ‘HYPE VIBES’ អាចដណ្តើមបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង Top Album របស់ iTunes ក្នុង ១១ ប្រទេស/តំបន់ និងជាប់ចំណាត់ថ្នាក់ទី ៦ នៅលើតារាងអាល់ប៊ុមទូទាំងពិភពលោក។
មិនតែប៉ុណ្ណោះ ពួកគេទទួលបានវិញ្ញាបនបត្រមាសពីរ (Double Gold Certification) នៅលើវេទិកាតន្ត្រីដ៏ធំបំផុតរបស់ប្រទេសចិន QQ Music ជាកិត្តិយសមួយដែលបានផ្តល់ជូនចំពោះការសម្រេចការលក់បាន ៥ សែនយ៉ន់ (៧ ម៉ឺនដុល្លារ)។
ស្របពេលជាមួយគ្នានេះ ប្រជាប្រិយភាពនៃបទ “5, 4, 3 (Pretty Woman)” ក៏កំពុងកើនឡើងផងដែរ។ ភ្លាមៗបន្ទាប់ពីចេញផ្សាយ បទនេះបានឈានដល់លេខ ១ នៅលើតារាង real time របស់ Bugs ខណៈបទទាំងអស់ពីអាល់ប៊ុមបានជាប់ក្នុងចំណោម ‘Top 100’ របស់ Melon ។
បទចម្រៀងនេះបានចូលក្នុងតារាងនៅលើតារាង ‘Top Song’ របស់ iTunes ក្នុង ១៦ ប្រទេស/តំបន់ រួមទាំងអេស្ប៉ាញ ឥណ្ឌូនេស៊ី និងអេហ្ស៊ីប។
គួរបញ្ជាក់ថា S.Coups X Mingyu បានចូលរួមនិពន្ធបទចម្រៀងទាំង ៦ បទសម្រាប់អាល់ប៊ុមថ្មីនេះ។ តារាទាំងពីររូបនឹងសម្តែងបទចម្រៀងថ្មីរបស់ពួកគេផ្ទាល់ជាលើកដំបូងនៅលើកម្មវិធី ‘M Countdown’ របស់ Mnet នៅថ្ងៃទី ២ ខែតុលា ៕
























Account
Security
Favourite Content