ក្រុមចម្រៀងខេប៉ុបបុរស SEVENTEEN ប្រកាសបញ្ចេញអាល់ប៊ុមថ្មីនៅថ្ងៃទី២៦ ខែឧសភាខាងមុខនេះ ដើម្បីអបអរសាទរដល់គម្រប់ខួប ១០ឆ្នាំរបស់ក្រុម ដែលប្រឡូកក្នុងវិស័យសិល្បៈ។

PLEDIS Entertainment ដែលជាទីភ្នាក់ងាររបស់ក្រុមចម្រៀងខាងលើនេះបានប្រកាសដំណឹងខាងលើនេះតាមរយៈសារព័ត៌មាន Star News នៅថ្ងៃទី២៤ ខែមីនានេះ។ ទីភ្នាក់ងារនេះបានឱ្យដឹងបន្ថែមថា សមាជិកទាំង ១៣នាក់សុទ្ធសឹងតែមានចំណែករួមនៅក្នុងអាល់ប៊ុមថ្មីមួយនេះ រួមទាំង Jeonghan ដែលកំពុងតែចូលទៅបំពេញកាតព្វកិច្ចការពារជាតិ ក្នុងជួរទាហាន និង Wonwoo ដែលកំពុងតែត្រៀមខ្លួនចូលទៅបំពេញការងារតែមួយ នៅថ្ងៃទី៣ ខែមេសាខាងមុខនេះ។
អាល់ប៊ុមថ្មីនេះ រាប់ជាអាល់ប៊ុមខ្នាតពេញក្នុងរយៈពេល ៣ឆ្នាំ ដែល SEVENTEEN បានបញ្ចេញ ចាប់តាំងពីអាល់ប៊ុមប្រភេទតែមួយ Face the Sun ដែលបានចេញកាលពីឆ្នាំ ២០២២ ទន្ទឹមគ្នានឹងអាល់ប៊ុមខ្នាតតូច និងអាល់ប៊ុមពិសេសដែលក្រុមតែងតែបញ្ចេញមកជារឿយៗ។

សូមរំឭកផងដែរថា SEVENTEEN គឺក្រុមច្រៀងបុរសដែលចាប់ផ្ដើមប្រឡូកក្នុងវិស័យខេប៉ុបជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ២០១៥ ជាមួយនឹងសមាជិកចំនួន ១៣នាក់ បែងចែកជា ៣ក្រុមតូចៗទៀត គឺ Hip-hop Unit រួមមាន S.Coups, Woozi, Vernon, Mingyu បន្ដដោយ Vocal Unit រួមមាន Jeonghan, Joshua, DK, Seungkwan និង Performance Unit រួមមាន Hoshi, Jun, The8, Dino។
ឈ្មោះក្រុមដែលមានន័យជាភាសាខ្មែរថា “១៧” គឺជាលទ្ធផលនៃការបូកបញ្ចូលលេខសំខាន់ៗរបស់ក្រុមបុរសមួយនេះ តំណាងឱ្យសមាជិកទាំង ១៣នាក់ ដែលត្រូវបែងចែកជា ៣ក្រុមតូចៗ និងត្រូវមករួមគ្នាជាក្រុមធំ ១ ដែលពេញលេញ។ ក្រៅពីសមត្ថភាពច្រៀង និងរាំ សមាជិកម្នាក់ៗក៏មានជំនាញតែងនិពន្ធ ផលិត និងបង្កើតក្បាច់រាំសម្រាប់ចម្រៀងរបស់ខ្លួនដែរ៕






















































Account
Security
Favourite Content