បន្ទាប់ពីបានប្រកាសភ្ជាប់ពាក្យជាមួយគ្នាយ៉ាងផ្អែមល្ហែមកាលពីចុងឆ្នាំ២០២៤ នៅពេលនេះ តារាចម្រៀង និងសម្ដែងអាមេរិក Selena Gomez ជាមួយគូដណ្តឹងរបស់ខ្លួនគឺផលិតករ និងអ្នកនិពន្ធបទចម្រៀង Benny Blanco ក៏បានចាប់ដៃគ្នាសម្រាប់អាល់ប៊ុមថ្មីមួយ ត្រៀមចេញនៅខែក្រោយ។


“I Said I Love You First” នឹងជាអាល់ប៊ុមសហការដំបូងរបស់សិល្បករទាំងពីររូប ដែលត្រៀមចេញនៅថ្ងៃសុក្រ ២១ មីនា។ ថ្មីៗនេះ អ្នកទាំងពីរបានបញ្ចេញវីដេអូផ្សព្វផ្សាយដំបូងសម្រាប់បទចម្រៀងមួយពីអាល់ប៊ុមនេះមានចំណងជើងថា “Scared of Loveing You” ។ បទនេះដែរគឺជាស្នាដៃនិពន្ធរួមគ្នាដោយ Selena Gomez, Benny Blanco និងផលិតករ Finneas O’Connell។
បណ្ដាញព័ត៌មានផ្លូវការរបស់ពួកគេបានរៀបរាប់ថា៖ “អាល់ប៊ុមនេះនឹងជាការអបអរចំពោះរឿងរ៉ាវស្នេហារបស់គូស្នេហ៍មួយគូនេះ ដោយនឹងផ្តល់ឱ្យអ្នកគាំទ្រនូវបង្អួចពិសេសមួយទៅកាន់ទំនាក់ទំនងរបស់ពួកគេ”។
គួររំឭកថា សិល្បករទាំងពីរបានបើកចំហរពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈកាលពីខែធ្នូ ឆ្នាំ ២០២៣ ពោលគឺរយៈពេលពីរឆ្នាំបន្ទាប់ពីបានរួមកាងារជាមួយគ្នាក្នុងបទចម្រៀង “I Can’t Get Enough”។ រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ ពួកគេក៏បានប្រកាសភ្ជាប់ពាក្យជាមួយគ្នា។
ក្រៅពីការងារចម្រៀង បច្ចុប្បន្ន Selena Gomez ក៏មានភាពលេចធ្លោណាស់ដែរក្នុងអាជីពសម្ដែងរបស់នាង។ ជាក់ស្ដែង ចុងក្រោយនេះនាងបានសម្តែងក្នុងភាពយន្ត “Emilia Perez” ដែលបានជាប់បេក្ខភាពប្រកួតប្រជែងពានរង្វាន់អូស្ការដល់ទៅ ១៣ ពានក្នុងឆ្នាំនេះ មានដូចជាពានរង្វាន់ធំភាពយន្តល្អបំផុត ពានរង្វាន់តួរងស្រីឆ្នើមសម្រាប់តារាសម្ដែង Zoe Saldana និងពានរង្វាន់អ្នកដឹកនាំរឿងឆ្នើមសម្រាប់លោក Jacques Audiard ៕



























Account
Security
Favourite Content