កាលពីថ្ងៃទី២១ មករា ក្រុមហ៊ុន Netflix បានរាយការណ៍អំពីកំណើនអតិថិជនដែលជា Subscriber ថ្មីចំនួន ១៨,៩ លាននាក់សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ២០២៤ខណៈដែលមានមាតិកាពេញនិយមជាច្រើនដូចជា ភាពយន្តកូរ៉េ “Squid Game” រដូវកាលថ្មី និងកម្មវិធីកីឡាផ្សេងៗ។
ទន្ទឹមនឹងរបាយការណ៍នេះ ក្រុមហ៊ុនយក្សផ្នែក Streaming ខាងលើក៏បានប្រកាសផងដែរថានឹងដំឡើងតម្លៃសេវាប្រចាំខែរបស់ខ្លួនចំនួន ១,៥ ដុល្លារសម្រាប់កញ្ចប់ស្តង់ដារ និង ២ ដុល្លារបន្ថែមសម្រាប់កញ្ចប់ Premium នៅតំបន់មួយចំនួនរួមមានសហរដ្ឋអាមេរិក កាណាដា ព័រទុយហ្គាល់ និងអាហ្សង់ទីន ដើម្បីបង្កើនការវិនិយោគមាតិកាឱ្យកាន់តែមានគុណភាព និងភាពសម្បូរបែប។
ខណៈពេលបញ្ចេញរបាយការណ៍នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Netflix បានកើនឡើងប្រហែល ១០ភាគរយ ធ្វើឱ្យតម្លៃទីផ្សារភាគហ៊ុនសរុបឡើងដល់ ៤០ ពាន់លានដុល្លារ។ យោងតាមទិន្នន័យពីក្រុមហ៊ុន LSEG ធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន ប្រាក់ចំណូលរបស់ក្រុមហ៊ុន Netflix សម្រាប់ត្រីមាសចុងក្រោយឆ្នាំ២០២៤ បានកើនឡើង ១៦% រហូតដល់ ១០ ពាន់លានដុល្លារ ខណៈចំណូលសម្រាប់ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថានឹងកើនដល់ ៤៤,៥ ពាន់លានដុល្លារ។


ក្រុមហ៊ុន Netflix បាននិយាយថាតារាងកម្មវិធីក្នុងត្រីមាសទី ៤ នៃឆ្នាំ២០២៤របស់ខ្លួនបានទទួលការគាំទ្រលើសពីការរំពឹងទុក ដោយក្នុងនោះការប្រកួតប្រដាល់ Jake Paul ទល់នឹង Mike Tyson បានក្លាយជាព្រឹត្តិការណ៍កីឡាដែលមានការទស្សនាច្រើនបំផុតរហូតដល់ ១០៨ លាន view ទូទាំងពិភពលោក ខណៈការប្រកួតកីឡាបាល់ឱបអាមេរិកចំនួនពីរនៅថ្ងៃបុណ្យណូអែលក៏បានទទួលអ្នកទស្សនាដល់ ៣០ លាននាក់ ជាតួលេខទស្សនាខណៈពេលផ្សាយផ្ទាល់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ។
ការត្រលប់មកវិញរបស់ភាពយន្តភាគ “Squid Game” ដែលបានក្លាយជាភាពយន្តភាគមានការចូលទស្សនាច្រើនបំផុតមួយទៀតរបស់ Netflix ក៏រួមចំណែកខ្ពស់ក្នុងកំណើន Subscriber ក្នុងកំលុងពេលនេះដែរ បន្ទាប់ពីអាចទាក់ទាញការទស្សនារហូតដល់ ៦៨ លានដងក្នុងសប្ដាហ៍ដំបូង ៕


























Account
Security
Favourite Content