ថ្មីៗនេះអ្នកចូលចិត្តទស្សនាខ្សែភាពយន្ដជាច្រើនបានសម្ដែងអារម្មណ៍សោកស្ដាយ ក្រោយវេបសាយ DRAMACOOL ត្រូវបានប្រកាសបិទជាផ្លូវការកាលពីថ្ងៃទី២៧ ខែវិច្ឆិកា នៅលើបណ្ដាញសង្គម X។
ទន្ទឹមនឹងនេះយោងតាមការបង្ហោះនៅលើបណ្ដាញសង្គម DRAMACOOL បានបញ្ជាក់ថាខ្លួននឹងវេបសាយចំនួន ៥ គឺ Asianc, Dramanice, Watchasia, Runasian, Asianwiki.co។ ចំពោះមូលហេតុចម្បងនោះគឺបញ្ហានៃការក្សាសិទ្ធិ ទើបធ្វើឱ្យវេបសាយរបស់ពួកគេមិនអាចបន្ដដំណើរការទៅមុខទៀតបាន។
DRAMACOOL គឺជាគេហទំព័រដ៏ធំមួយសម្រាប់អ្នកគាំទ្រខ្សែភាពយន្ដអាស៊ីដែលបានចាប់ផ្ដើមដំណើរការជាលើកដំបូងនៅឆ្នាំ ២០១៤ ដោយជាដំបូងវេបសាយមួយនេះបានផ្ដោតខ្លាំងទៅលើខ្សែភាពយន្ដកូរ៉េ បន្ទាប់មកពីប្រទេសចិន ជប៉ុន តៃវ៉ាន់ និងអាស៊ីអាគ្នេយ៍។
ចំពោះរឿងភាគកូរ៉េ ឬ K-drama គឺជាការនាំចេញនូវវប្បធម៌ដ៏សំខាន់មួយរបស់កូរ៉េខាងត្បូង និងជាផ្នែកមួយនៃឧស្សាហកម្មតម្លៃរាប់លានដុល្លារដែលអាចជួយបង្កើតឥទ្ធិពលរបស់ខ្លួនទូទាំងពិភពលោកផងដែរ។ ហេតុនេះហើយទាក់ទិននឹងបញ្ហាការរក្សាសិទ្ធិនេះដែរនៅក្នុងខែឧសភា និងសីហា ឆ្នាំ២០២៤ នេះរដ្ឋាភិបាលកូរ៉េខាងត្បូង និងក្រុមផ្សព្វផ្សាយ SBS បានប្រកាសបិទវេទិកាផ្សាយរឿងខុសច្បាប់ដែលមានម៉ាស៊ីនមេនៅប្រទេសចិន និងប្រទេសថៃរួចមកហើយ។
នេះមិនមែនជាលើកទីមួយនោះទេដែលប្រទេសកូរ៉េតាមបិទគេហទំព័រខុសច្បាប់ ពោលគឺនៅក្នុងឆ្នាំ ២០២៣ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសបិទ Nonoo TV ដែលជាវេទិកាផ្សាយខុសច្បាប់ដែលមានម៉ាស៊ីនមេនៅសាធារណរដ្ឋដូមីនីកែន ប៉ារ៉ាហ្គាយ និងប្រទេសបរទេសផ្សេងទៀត។ បន្ទាប់ពីការប្រកាសបិទជាផ្លូវការហើយ អ្នកនិយមទស្សនាខ្សែភាពយន្ដភាគច្រើនកំពុងងាកមកប្រើប្រាស់នូវកម្មវិធី ឬវេទិកាចាក់ផ្សាយភាពយន្ដស្របច្បាប់ដែលមានដូចជា Netflix, iQIYI, Viki និង Viu ជាដើម។
ប៉ុន្តែស្របពេលគ្នានេះក៏មានអ្នកមើលជាច្រើននៅជុំវិញពិភពលោកបាននាំគ្នាសម្ដែងអារម្មណ៍ខកចិត្ត ខណៈមានកម្មវិធី ឬខ្សែភាពយន្ដមួយចំនួនតម្រូវការឱ្យបង់ប្រាក់ក៏ដោយ ក៏មិនអាចចូលមើលបានក្នុងតំបន់របស់ពួកគេដែរ។
ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនផ្សេងទៀតបានទទួលស្គាល់ថាថ្វីត្បិតតែ DRAMACOOL ជាគេហទំព័រខុសច្បាប់ពិតមែន ប៉ុន្តែវេបសាយមួយនេះបានផ្ដល់ឱ្យមាតិកាអាស៊ីយ៉ាងច្រើនដែលមានស្ទើរគ្រប់កម្មវិធីសមស្របនឹងតម្រូវការរបស់អ្នកទស្សនា។ លើសពីនេះគេក៏អាចចូលមើលរឿងភាគក្នុងកម្រិត HD យ៉ាងងាយស្រួលដោយឥតគិតថ្លៃដែលជាចំណុចមួយទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាបានខ្លាំងបំផុត៕