ស្នាដៃចម្រៀង All I Want for Christmas is You របស់ Mariah Carey ត្រឡប់មកបន្លឺសំឡេងជាថ្មី ត្រៀមសម្រាប់បុណ្យណូអែលដែលនឹងឈានមកដល់នៅថ្ងៃទី២៥ ខែធ្នូនេះ។
«All I Want for Christmas is You» បានក្លាយទៅជាចម្រៀងប្រចាំថ្ងៃបុណ្យ Christmas ដែលស្ថិតនៅក្នុងដួងចិត្តរបស់អ្នកស្ដាប់ រហូតបាននាំយកកិត្តិនាម “មហាក្សត្រីនៃបុណ្យណូអែល” ដល់ម្ចាស់សំនៀង គឺតារាចម្រៀងស្រីដ៏ល្បាញល្បី Mariah Carey។
មិនខុសពីរាល់ឆ្នាំនោះទេ «All I Want for Christmas is You» ចាប់ផ្ដើមទទួលបានប្រជាប្រិយភាពម្ដងទៀតនៅចុងខែវិច្ឆិកានេះ រហូតដល់មានអ្នកចូលស្ដាប់ប្លូកទឹកប្លូកដី ជាមួយនឹងចំណាត់ថ្នាក់លេខ១៦ នៅលើតារាង Billboard Hot 100 និងចំណាត់លំដាប់ទី ៩ នៅលើតារាង Billboard Global 200។
ចម្រៀងមួយក្នុងចំណោមអាល់ប៊ុម Merry Christmas ដែលបានចេញលក់កាលពីឆ្នាំ ១៩៩៤ ទទួលបានការពេញនិយមជារឿយៗពីមួយឆ្នាំទៅមួយឆ្នាំរហូតបានជាប់ឈានជើងចូលតារាង Billboard Hot 100 ក្នុងនាមជាចម្រៀងលំដាប់លេខ ១ នៅក្នុងឆ្នាំ ២០១៩។ បន្ទាប់ពីនេះ ចម្រៀងដែលពេញដោយក្ដីសុខក្នុងពិធីបុណ្យចុងឆ្នាំ បានត្រឡប់មកគ្រងតំណាងដដែលរហូតដល់ទៅ ៥ ឆ្នាំជាប់គ្នារហូតដល់ឆ្នាំ ២០២៣។
ក្រៅពីស្នាដៃចម្រៀងរបស់ Mariah Carey នៅមានបទចម្រៀងសម្រាប់បុណ្យណូអែលជាច្រើនទៀត ដែលត្រឡប់មកពេញនិយមសាជាថ្មីនៅក្នុងគ្រាចុងឆ្នាំនេះ។ ជាក់ស្ដែងបទ «Last Christmas» របស់ Wham! ចេញឆ្នាំ ១៩៨៤ បានជាប់ចំណាត់ថ្នាក់លេខ ២៤ នៅលើតារាង Billboard Hot 100 បន្ដដោយបទ «Rockin’ Around the Christmas Tree» របស់ Brenda Lee ចេញឆ្នាំ ១៨៥៨ ក្នុងចំណាត់ថ្នាក់លេខ ២៣។ ទន្ទឹមគ្នានេះ បទ «It’s The Most Wonderful Time Of The Year» របស់ Andy Williams ចេញឆ្នាំ ១៩៦៣ ជាប់ចំណាត់ថ្នាក់លេខ ៤៧ ប្រកិតគ្នានឹងបទ «A Holly Jolly Christmas» របស់ Burl Ives ចេញឆ្នាំ ១៩៦៥ ក្នុងលំដាប់ទី ៤៨៕