កាលពីថ្ងៃទី២៧ ខែវិច្ឆិកានេះ ព្យុះព្រិលបានវាយប្រហារផ្នែកខ្លះនៃខេត្ត Gyeonggi និងទីក្រុងសេអ៊ូល ដែលជាមូលហេតុបង្ខំចិត្តឱ្យមនុស្សមួយចំនួនត្រូវសម្រាកនៅផ្ទះមិនអាចចេញទៅបំពេញភារកិច្ចរបស់ខ្លួនបាន។ ដោយឡែក បុរសជនជាតិកូរ៉េខាងត្បូងម្នាក់បានបង្កភាពភ្ញាក់ផ្អើល ក្រោយពីសារធាណជនប្រទះឃើញលោកជិះស្គីទឹកកកនៅលើថ្នល់កៅស៊ូកណ្ដាលក្រុង ដើម្បីទៅការិយាល័យ។
ផ្ទុយពីប្រជាជនកូរ៉េខាងត្បូងក្នុងទីក្រុង Yogin ជាច្រើនរូបបានជាប់គាំងនៅក្នុងទីលំនៅរបស់ខ្លួន ដោយសារតែមធ្យោបាយធ្វើដំណើរសាធារណៈបានផ្អាដំណើរការ ព្រោះតែគ្រោះធម្មជាតិដូចខាងលើ គ្រូកីឡាម្នាក់ដែលក្រោយមកត្រូវបាន គេស្គាល់ថាជាអតីតកីឡាករជម្រើសជាតិឈ្មោះ Kim Jung Min បានសម្រេចចិត្តជិះស្គីទឹកកកទៅសាលា។
តាមរយៈសារព័ត៌មាន SBS News លោកបានរៀបរាប់ថា៖ “ដំបូងខ្ញុំចង់ជិះឡានក្រុងសារធារណៈដើម្បីទៅសាលាដែរ តែព្រិលធ្លាក់ខ្លាំងពេក។ ខ្ញុំក៏គិតថា បើខ្ញុំជិះស្គីទៅធ្វើការប្រហែលជាដល់លឿនជាង”។
ក្នុងរយៈចម្ងាយ ១២ គីឡូម៉ែត្រ គ្រូកីឡារូបនេះចំណាយពេលប្រមាណ ១ម៉ោង និង ៣០នាទីក្នុងការធ្វើដំណើរ មុននឹងលោកទទួលដំណឹងថា សាលាបានឈប់សម្រាកដោយសារព្យុះព្រិលទឹកកក។ ជាមួយនឹងសំណើច អតីតកីឡាករលំដាប់អូឡាំពិករូបនេះ បាននិយាយបន្តថា៖ “វារាងយូរដែរហើយ ដែលខ្ញុំខានជិះស្គីនេះ។ ខ្ញុំមានអារម្មណ៍ថា ដៃខ្ញុំស្ទើរតែបាក់ទៅហើយ”។
ក្រោយពីវីដេអូជាច្រើនបានចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គម X ប្រជាជនកូរ៉េខាងត្បូងបាននឹកឃើញដល់គ្រាដែលប្រទេសខ្លួនជួបនឹងគ្រោះទឹកជំនន់កាលពីខ្ទង់ឆ្នាំ ១៩៩០ ហើយបុគ្គលិកម្នាក់ៗនៅតែមិនរុញរាក្នុងការទៅបំពេញកិច្ចការងាររបស់ខ្លួន ដោយពួកគេបាននិយាយលេងសើចនឹងរូបថតទាំងនោថា៖ “គ្មានអ្វីអាចហាមឃាត់ប្រជាជនកូរ៉េខាងត្បូងពីការទៅធ្វើការនោះទេ”។