បទចម្រៀងស្នាដៃនិពន្ធថ្មី «វាចានួននាង» ច្រៀងដោយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានចេញវីដេអូចម្រៀងជាផ្លូវការហើយ កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីអបអរទិវាឧទ្យានុរក្សពិភពលោក។ ក្រោយចម្រៀងដ៏ពីរោះលន្លង់លន្លោចនេះ បានចេញជាផ្លូវការ មិនបានប៉ុន្មានម៉ោងផង មានការចូលទស្សនាជាង ១០ម៉ឺនដងហើយ នៅលើទំព័រហ្វេសប៊ុកផេក AMS-Infotainment និងទទួលបានការគាំទ្រជាច្រើនពីទស្សនិកជន បានពោលសរសើរអំពីអត្ថន័យ ជាពិសេសនោះគឺសម្រស់ដ៏ត្រកាលនៃតំបន់បេតិកភណ្ឌ តំបន់ធម្មជាតិ នៅក្នុងប្រទេសកម្ពុជា។

«វាចានួននាង» ជាស្នាដៃនិពន្ធដោយលោកស្រី ឌិត នីតា និពន្ធបទភ្លេង និងកែសម្រួលតន្ត្រីដោយលោក អ៊ាម វណ្ណី។ ក្រោមការសហការរវាង AMS និង ក្រុមការងារ កម្ពុជាអស្ចារ្យ-Cambodia Amazing ប្លង់នីមួយៗនៃវីដេអូចម្រៀងនេះ បានសម្រិតសម្រាំងយកទីកន្លែងស្អាតៗបំផុតក្នុងប្រទេសកម្ពុជា រំលេចពណ៌បៃតងត្រជាក់ភ្នែក។ លើសពីនេះថែមទាំងបង្ហាញអំពីសិល្បៈវប្បធម៌ខ្មែរ ជាមួយនឹងការបង្ហាញផ្ទាំងទស្សនីយភាពរបាំបុរាណពីនាដការិនីយ៉ាងរស់រវើក។

«វាចានួននាង» គឺជាស្នាដៃថ្មីមួយទៀត ដែលមានខ្លឹមសារឆ្លើយតបទៅបទ “នួននាង” ។ ក្នុងអត្ថន័យនេះ អ្នកនិពន្ធ បានបញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់ និងតួនាទីរបស់ធម្មជាតិ តាមរយៈការផ្សារភ្ជាប់ធម្មជាតិទៅនឹងជីវភាពរស់នៅរបស់ប្រជាជន។ អ្នកនិពន្ធមានគោលបំណងចង់បង្ហាញពីការឆ្លើយតប និងការដឹងគុណរបស់ធម្មជាតិ នៅពេលមានការថែរក្សា និងការពារ។

ចម្រៀងមួយបទនេះក៏បានបានបង្ហាញពីការបំពេញតួនាទីរបស់មន្ត្រីឧទ្យានុរក្ស ដែលជាអ្នកដើរតួនាទីដ៏សំខាន់ដើម្បីការពារ និងថែរក្សាសម្បត្តិធម្មជាតិរបស់កម្ពុជា ឱ្យនៅគង់វង្ស។ ទន្ទឹមនឹងនេះ អ្នកនិពន្ធក៏ចង់បង្ហាញផងដែរថា ទេសចរណ៍វប្បធម៌ធម្មជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជនតាមមូលដ្ឋាន និងជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិផងដែរ ៕
ទស្សនាវីដេអូចម្រៀង វាចានួននាង ដូចខាងក្រោម៖























Account
Security
Favourite Content