ក្រុមហ៊ុន Netflix បានកំណត់គោលដៅប្រើប្រាស់ថវិកាចំនួន ១៨ ពាន់លានដុល្លារសម្រាប់ការបង្កើតមាតិកានៅឆ្នាំ ២០២៥ ខណៈប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះគឺលោក Spencer Neumann បានបង្ហើបថាតួលេខនេះអាចកើនបន្តឡើងទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Netflix បានបង្ហាញផែនការថវិការបស់ខ្លួននៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនកាលពីថ្ងៃទី៥ ខែមីនាដោយនិយាយថា ក្រោយពិនិត្យមើលទិន្នន័យរៀងរាល់ត្រីមាស ជារៀងរាល់ឆ្នាំ ពួកគេគិតថាចំនួននេះមិនទាន់ដល់ចំណុចខ្ពស់បំផុតនោះទេ។ នៅពេលសួរថាតើទិន្នន័យអ្វីខ្លះដែល Netflix ប្រើដើម្បីវាស់ថាតើពួកគេនឹងចំណាយប៉ុន្មាននាពេលអនាគតនោះ លោក Spencer Neumann បាននិយាយថា គ្រប់យ៉ាងចាប់ផ្តើមជាមួយនឹងសមត្ថភាពរបស់ពួកគេក្នុងការទស្សន៍ទាយប្រាក់ចំណូលតែម្ដង។ បន្ទាប់ពីនោះ គេនឹងកំណត់គោលដៅប្រាក់ចំណេញដោយមើលលើតម្លៃប្រព័ន្ធផ្សព្វផ្សាយ ទិន្នន័យ engagement ប្រាក់ចំណូល និងប្រាក់ចំណេញ។
លើសពីនេះ លោក Spencer Neumann ក៏បានបង្ហាញផងដែរថាក្រុមហ៊ុន Netflix ត្រូវការបង្កើនប្រាក់ចំណេញរបស់ខ្លួនជារៀងរាល់ឆ្នាំ ដែលអាចបានតិចឬច្រើនអាស្រ័យលើឱកាសពីការវិនិយោគរបស់ខ្លួន ហើយពួកគេនឹងចំណាយប្រាក់ដែលនៅសេសសល់ទៅបង្កើតមាតិកា ដោយមើលតាមប្រភេទអ្នកទស្សនា ប្រទេស និងភូមិសាស្ត្រ។
ប៉ុន្មានឆ្នាំមកនេះ មានភាពយន្តភាគ និងភាពយន្តដុំល្បីៗជាច្រើនដែល Netflix បានចំណាយថវិកាខ្ពស់សម្រាប់ផលិតរឿង Stranger Things ឬ One Piece ដែលប្រើប្រាស់ថវិកាផលិត ចាប់ពី ១៨-៣០ លានដុល្លារអាមេរិកក្នុងមួយភាគ ខណៈរឿងភាគ The Grey Man កាលពីឆ្នាំ ២០២២ បានចំណាយប្រាក់សរុប ២០០ លានដុល្លារ។
បច្ចុប្បន្ននេះ Netflix មានអ្នក Subscribe ជាង ៣០១ លានគណនីជុំវិញពិភពលោក។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Netflix សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ២០២៤ គឺខ្ទង់ ១០ ពាន់លានដុល្លារ ដែលកើនឡើង ១៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន ខណៈចំណូលសម្រាប់ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថានឹងកើនដល់ ៤៤,៥ ពាន់លានដុល្លារ ៕



























Account
Security
Favourite Content