កម្មវិធីប្រគល់ពានរង្វាន់ MTV Video Music Awards ឆ្នាំ ២០២៥ ដែលទើបតែបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ទទួលបានអ្នកទស្សនាច្រើនបំផុតក្នុងរយៈពេល ៦ឆ្នាំ ក្នុងចំនួន ៥.៥លាននាក់ តាមរយៈតួលេខសរុបពីការចាក់ផ្សាយនៅលើ CBS ប្រព័ន្ធផ្សាយផ្សាយរបស់ MTV និង Paramount+ ។

បើប្រៀបធៀបនឹងកម្មវិធីកាលពីឆ្នាំមុនដែលមានអ្នកទស្សនាចំនួន ៣.៩១លាននាក់ ចំនួនទស្សនិកជននៅឆ្នាំនេះ បានកើនឡើងដល់ទៅ ៤២ភាគរយ ក្លាយជាកម្មវិធីដែលមានអ្នកទស្សនាច្រើន លំដាប់លេខ១ នៅក្នុងរាត្រីថ្ងៃអាទិត្យ ទី១០ កន្លងទៅ។
កម្មវិធីប្រគល់ពានរង្វាន់ក្នុងវិស័យតន្ត្រីមួយនេះ ក៏ទទួលបានការកោតសរសើរច្រើនពីទស្សនិកជន រួមទាំងប្រព័ន្ធផ្សព្វផ្សាយអាមេរិកាំង ទៅលើការរួបរួមតារាថ្មីៗ និងតារាចាស់វស្សាបានយ៉ាងស័ក្តិសម។ ជាក់ស្ដែង Billboard បានពណ៌នាកម្មវិធីនេះថាជា “VMAs អស្ចារ្យ និងគួរឱ្យចងចាំបំផុតមិនធ្លាប់មាន”។

ឯម្ចាស់ជយលាភីវិញ ក៏សុទ្ធសឹងតែជាតារាលេចធ្លោ ដូចជា Rosé ដែលឈ្នះបានពានរង្វាន់ បទចម្រៀងប្រចាំឆ្នាំ Lisa ម្ចាស់ពានរង្វាន់ខេប៉ុបឆ្នើម Ariana Grande ម្ចាស់ពានរង្វាន់វីដេអូប្រចាំឆ្នាំ ខណៈដែល Lady Gaga ឈ្នះបានពានរង្វាន់ចំនួន ៤ រួមមាន សិល្បករប្រចាំឆ្នាំ និង ការសហការឆ្នើម ជាដើម។
ជាមួយនឹងប្រជាប្រិយភាពនៅគ្រានេះ MTV VMAs ទំនងនឹងក្លាយជាកម្មវិធីគោលមួយរបស់ CBS ក្រោយកម្មវិធីប្រគល់ពានរង្វាន់ GRAMMY Awards ដែលធ្លាប់តែជាដៃគូនឹងគ្នាអស់ពេល ៥០ឆ្នាំកន្លងមកហើយ បែរទៅចុះហេត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹង Disney វិញ ដោយការចាក់ផ្សាយកម្មវីធី GRAMMY Awards នៅលើ CBS លើកចុងក្រោយនឹងធ្វើឡើងនៅក្នុងឆ្នាំ ២០២៦ ខាងមុខ៕


























Account
Security
Favourite Content