បទចម្រៀងដំបូងរបស់ក្រុមនារី K-pop ថ្មី MEOVV ហាក់មិនទទួលបានភាពជោគជ័យដូចការរពឹងទុក មិនថាពីមជ្ឈដ្ឋានអ្នកស្ដាប់ និងអ្នកវិភាគ។

MEOVV ជាក្រុមចម្រៀងដំបូងរបស់ផលិតកម្ម THE BLACK LABEL ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយនឹងបទចម្រៀងមានចំណងជើងក្នុងសំនៀងតែមួយជាមួយនឹងឈ្មោះក្រុម “MEOW”។ ដោយឡែក បើទោះបីជាសមាជិកក្រុមម្នាក់ៗពោរពេញទៅដោយសមត្ថភាពយ៉ាងលេចធ្លោក៏ពិតមែន តែបទចម្រៀងដំបូងរបស់តារាស្រីទាំង ៥រូប ហាក់មានការយល់ឃើញអវិជ្ជមាននៅលើផ្នែកជាច្រើនរបស់បទមួយនេះ។
ជាក់ស្ដែង ទស្សនាវដ្តី IZM ដែលជាស្ថាប័នមានកេរ្តិ៍ឈ្មោះទៅលើការវាយតម្លៃតន្ត្រីអនឡាញរបស់កូរ៉េខាងត្បូង បានចេញអត្ថបទវិភាគទៅលើបទ MEOW ជាមួយនឹងលទ្ធផលដែលមិនប្រសើរប៉ុន្មាន កាលពីថ្ងៃទី១៧ ខែកញ្ញានេះ។
IZM ដាក់ពិន្ទុឱ្យបទមួយនេះត្រឹមតែ ១ផ្កាយតែប៉ុណ្ណោះ ដោយលើកហេតុផលថា ការប្រើប្រាស់សំឡេងរបស់សត្វឆ្មាច្រើនដងពេកបានធ្វើឱ្យបទនេះគួរឱ្យធុញ និងបាត់បង់ការចាប់អារម្មណ៍ទៅលើសំឡេងរបស់សិល្បករ។ ទស្សនាវដ្ដីមួយនេះបានរិះគន់ថា៖ “បទមួយនេះមានពេលមិនដល់ ៣នាទីផង តែប្រើប្រាស់ពេលដល់ទៅ ១នាទីសម្រាប់សំឡេងសត្វឆ្មាដែលគ្មានគោលបំណង ឬអត្ថន័យអ្វីសោះ។ ការប្រើប្រាស់ពាក្យដែលឥតន័យបែបនេះដដែលៗមិនថានៅក្បាលចម្រៀង ចុងចម្រៀង ការបន្ទរនានា និងពេល Rap បានធ្វើឱ្យបទនេះគួរឱ្យធុញ។ អ្វីដែលសំខាន់នោះ វាបានរំខានដល់ចំណុចសំខាន់បំផុតរបស់ចម្រៀង គឺសំឡេងរបស់សមាជិកក្រុម”។

អត្ថបទដដែលក៏បានរិះគន់ទៅលើកំហុសឆ្គងនៃការប្រើប្រាស់ធាតុផ្សុំផ្សេងៗផងដែរ ដោយ IZM បានយល់ថា ទាំងការប្រើប្រាស់ស្គរ បាស ចង្វាក់ សំឡេង និងធាតុផ្ស៊ំដទៃទៀតសុទ្ធតែទាញទម្លាក់គុណភាពរបស់បទមួយនេះ។
មានត្រឹមតែចំណុចមួយប៉ុណ្ណោះដែល IZM បានបង្ហាញការពេញចិត្ត។ អត្ថបទវាយតម្លៃមួយនេះ បានលើកសរសើរពីសមត្ថភាពនៃការប្រើប្រាស់សំឡេងរបស់ Gahyeon។ ទន្ទឹមគ្នានោះ IZM ក៏បានរិះគន់ថា បទចម្រៀងមួយនេះនៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដែលអនុញ្ញាត្តឱ្យសមាជិកម្នាក់ៗបង្ហាញសក្តានុពលរបស់ខ្លួននោះទេ។
មុននឹងបញ្ចប់ការវាយតម្លៃរបស់ខ្លួន IZM បានចោទជាសំណួរមួយទៅលើនិន្នាការរបស់វិស័យ K-pop ក្នុងពេលបច្ចុប្បន្នដែលផ្ដោតទៅលើភាពល្បីល្បាញជាជាងភាពគង់វង្ស ដោយទស្សនាវដ្ដីមួយនេះ បានសួរថា៖ “ហេតុអ្វីបានជាគេផ្ដល់អទិភាពទៅលើការផលិតបទទាក់ទាញដែលល្បីតែមួយប្រាវ ជាជាងការផលិតបទណាដែលអាចទាក់ទាញឱ្យទស្សនិកជនស្ដាប់ម្ដងហើយម្ដងទៀត?”
























Account
Security
Favourite Content