ពាក្យ “សង្ហាមិនក្រែងចិត្តអ្នកដទៃ” អាចជាពាក្យដែលសក្ដិសមបំផុតសម្រាប់ភាពសង្ហារបស់ MacKenyu តារាសម្តែងជប៉ុនដែលសម្ដែងជាតួ Zoro ក្នុងរឿង One Piece។ បន្ទាប់ពីបានទស្សនារឿងនេះហើយ មនុស្សជាច្រើននិយាយដូចគ្នាថារូបគេសង្ហាដូចផុសចេញពី Anime ហើយលើសពីនេះ ក្បាច់គុនដាវរបស់លោកក៏មើលទៅឡូយសម្បើមណាស់ដែរ។ ដូច្នេះហើយថ្ងៃនេះ AMS ចង់នាំប្រិយមិត្តមកស្គាល់តារារូបនេះកាន់តែច្បាស់តាមរយៈរឿងរ៉ាវខាងក្រោមនេះ!

Mackenyu ឬ Mackenyu Arata គឺជាតារាសម្តែងជនជាតិជប៉ុនដែលធំធាត់នៅអាមេរិក។ គ្រួសាររបស់លោកមានសមាជិកជាតារាសម្តែង អ្នកដឹកនាំរឿង ផលិតករ និងអ្នកជំនាញក្បាច់គុន។ ដូច្នេះហើយ លោកបានទទួលឥទ្ធិពលពីវិស័យភាពយន្ត និងកីឡាប្រយុទ្ធតាំងពីកុមារភាពមកម្ល៉េះ។ រហូតដល់ធំឡើង លោកក៏តែងតែផ្តោតលើការសម្តែងមករហូត ហើយតាមរយៈជំនាញសម្តែងបូកផ្សំជាមួយនឹងសមត្ថភាពក្បាច់គុន រួមទាំងរូបសម្រស់ត្រូវចិត្តអ្នកគាំទ្រផងនោះ ក៏បានធ្វើឱ្យលោកមានឈ្មោះល្បីល្បាញយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន។

ជាមួយរហស្សនាម ‘Godfather of Live Action’ តារាវ័យ ២៦ឆ្នាំរូបនេះបានសម្តែងក្នុងខ្សែភាពយន្តដែលផលិតចេញពីគំនូរជីវចលជាច្រើនដូចជា Kaiji: Final Game, Fullmetal Alchemist: Final Chapter, Kamen Rider Drive, Rurouni Kenshin, Knights of the Zodiac រួមទាំងរឿងចុងក្រោយបំផុតនៅក្នុងរឿង One Piece ដែលសម្ដែងជាតួ Zoro ។

Mackenyu មិនត្រឹមតែធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងមុខមាត់ និងភាពសង្ហាសក្ដិសមជាតួអង្គ Zoro ប៉ុណ្ណោះទេ ប៉ុន្តែអត្ថន័យនៃឈ្មោះលោកក៏ពិសេសដែរ ពោលគឺមានអត្ថន័យទាក់ទងនឹងដាវដែលជាអាវុធសំណព្វរបស់ Zoro តែម្ដង។ ឪពុករបស់លោកមានបំណងឱ្យឈ្មោះ Mackenyu ត្រូវបានបញ្ចេញជាភាសាជប៉ុន និងជាភាសាអង់គ្លេស ប៉ុន្តែនៅក្នុងភាសាជប៉ុន ពាក្យនេះមានន័យថា “ដាវនៃសច្ចភាពខាងស្ដាំដៃ”។ ពាក្យថានៅខាងស្តាំសំដៅទៅលើទីតាំងរបស់សាមូរ៉ៃក្នុងអតីតកាល។ បើអ្នកណានៅខាងស្ដាំ អ្នកនោះជាមនុស្សដែលមានឋានៈខ្ពស់ជាង។ ដូច្នេះ ការនិយាយថានៅខាងស្តាំអាចត្រូវបានបកប្រែថាជា មិនចាញ់អ្នកណាឡើយ ហើយខ្លាំងជាងអ្វីទាំងអស់។


ចំណែកជីវិតឯកជនវិញ ចង់ប្រាប់ថាបុរសសង្ហាម្នាក់នេះមានម្ចាស់បេះដូងរួចទៅហើយដោយ MacKenyu បានប្រកាសរៀបការជាមួយនារីម្នាក់ដែលមិនមែនអ្នកសិល្បៈកាលពីដើមឆ្នាំ។ លោកក៏បានបង្កើតភាពភ្ញាក់ផ្អើលទ្វេដងដោយប្រកាសរៀបការក្នុងថ្ងៃតែមួយជាមួយនឹងបងប្រុសពិតប្រាកដ។ យ៉ាងណាមិញ ជីវិតស្នេហារបស់តារាជប៉ុនតែងមានភាពឯកជនច្រើន ដូច្នេះអ្វីដែលមហាជនបានដឹងគឺត្រឹមតែរូបគេបានជួបមិត្តស្រីពេលថតកុននៅបរទេស។

បច្ចុប្បន្នក្រៅពីការងារសម្ដែង ថ្មីៗនេះ MacKenyu ក៏បានបើកហាងលក់សម្លៀកបំពាក់ និងគ្រឿងអលង្ការក្រោមឈ្មោះ INCRM ផងដែរ ។ សម្រាប់អ្នកដែលចាប់អារម្មណ៍នឹងតារាប្រុសរូបនេះ អាចតាមដាន Instagram របស់លោកឈ្មោះ mackenyu ៕




























Account
Security
Favourite Content