អាល់ប៊ុមទោលពេញលេញដំបូងរបស់ LISA មានចំណងជើងថា ALTER EGO បានក្លាយជាអាល់ប៊ុមចម្រៀងដំបូងដែលអាចទទួលបានការចូលស្ដាប់គ្រប់ ១ ពាន់លានដងនៅលើ Spotify តាំងពីមុនការចេញផ្សាយអាល់ប៊ុមពេញលេញនៅថ្ងៃទី ២៨ ខែកុម្ភៈនេះ។


សមិទ្ធផលនេះក៏បានធ្វើឱ្យនាងក្លាយជាតារា K-pop ស្រីដែលមានអាល់ប៊ុមចម្រៀងមានអ្នកស្ដាប់ច្រើនដល់ខ្ទង់ពាន់លានលឿនបំផុតផងដែរ ដោយបានបំបែកកំណត់ត្រាពីមុនដែលកាន់កាប់ដោយអាល់ប៊ុមរបស់ Rosé ដែលចំណាយពេល ២១ ថ្ងៃដើម្បីឈានដល់ចំនួនដូចគ្នា។
ចំនួននៃការស្ដាប់រហូតដល់ ១ ពាន់លានលើកនេះ បានមកពីបទចម្រៀងផ្សេងៗដែលនាងបានបញ្ចេញម្ដងមួយៗមុនចេញអាល់ប៊ុមពេញផ្លូវការដូចជាបទ ROCKSTAR ដែលទទួលបានការស្ដាប់ជាង ៣៦១ លានដង បទ NEW WoMAN ដែលសហការជាមួយ Rosalía ទទួលបានការស្ដាប់ ២៨២ លានដង បទ MOONLIT FLOOR (Kiss Me) ទទួលបានការស្ដាប់ ២៧៧ លានដង និងបទ BORN AGAIN ដែលសហការជាមួយ Doja Cat & RAYE ទទួលបានការស្ដាប់ ៧៧ លានដង។
នៅថ្ងៃទី២៨ ខែកុម្ភៈនេះដែរ Lisa ក៏បានចេញវីដេអូចម្រៀងបទ FUTW និងបទចម្រៀងផ្សេងទៀតសម្រាប់អាល់ប៊ុមនេះមានដូចជាបទ Elastigirl, Thunder, FXCK UP THE WORLD (feat. Future), Rapunzel (feat. Megan Thee Stallion), When I’m With You (feat. Tyla), BADGRRRRL, Lifestyle, Chill, Dream និងបទផ្សេងទៀតដែលទំនងជាអាចបង្កើតកំណត់ត្រាថ្មីជាច្រើនបន្តបន្ទាប់ទៀត។
គួររំឭកថា Lisa បានធ្វើការលើអាល់ប៊ុម ALTER EGO នេះអស់រយៈពេលជាងមួយឆ្នាំកន្លះ បន្ទាប់ពីបានប្រកាសថានាងនឹងលែងធ្វើការងារទោលក្រោមផលិតកម្ម YG Entertainment ទៀតហើយ លើកលែងតែការងារជាមួយ BLACKPINK។ នាងបានថតបទចម្រៀងសម្រាប់អាល់ប៊ុមនេះនៅទីតាំងជាច្រើនជុំវិញពិភពលោក រួមទាំងនៅទីក្រុង Los Angeles និង Miami សហរដ្ឋអាមេរិក ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ និងនៅភូកេត ប្រទេសថៃ ខណៈពេលកំពុងថតរឿង The White Lotus Season 3។
នៅថ្ងៃទី២ ខែមីនាខាងមុខនេះ Lisa នឹងឡើងសម្ដែងនៅឆាក Oscar ហើយនៅខែមេសា នឹងសម្ដែងនៅមហោស្រពតន្ត្រីអាមេរិក Coachella មុននឹងចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកជាមួយសមាជិក BLACKPINK នៅខែកក្កដា ៕



























Account
Security
Favourite Content