ខ្សែភាពយន្ត Kazakh Vibe ដែលជាស្នាដៃរួមគ្នារវាងផលិតកម្ម DAUBAY របស់សាធារណរដ្ឋកាហ្សាក់ស្ថាន និងផលិតកម្ម KUDU Studios របស់ប្រទេសកម្ពុជា បានបញ្ចេញនូវ Trailer ដំបូង ដោយមានបង្ហាញពីទេសភាពប្រាសាទបុរាណខ្មែរលើទឹកដីសៀមរាបអង្គរ។
យោងតាមគណនីហ្វេសប៊ុក Nathan Nathan ដែលជាអ្នកដឹកនាំភាពយន្តជនជាតិខ្មែរ និងត្រូវជាជំនួយការដឹកនាំរឿងទី២ របស់ភាពយន្តមួយចំណងជើងនេះ បានរៀបរាប់ថា ភាពយន្តចំណងជើងខាងលើបានផ្ដិតយកទេសភាពពីតំបន់ទេសចរណ៍លើទឹកដីខេត្តសៀមរាបរហូតដល់ទៅ ៩៥ ភាគរយនៃសាច់រឿង បន្ថែមដោយទិដ្ឋភាពទីក្រុងភ្នំពេញ និងប្រទេសកាហ្សាក់ស្ថាន។
ជាក់ស្ដែង ភាពយន្តដំបូងរបស់សាធារណរដ្ឋកាហ្សាក់ស្ថាន ដែលថតនៅក្នុងប្រទេសកម្ពុជា បាននិយាយពីដំណើរកម្សាន្តរបស់គូស្នេហាចំនួន ៥ គូ មកកាន់ប្រទេសកម្ពុជា ដោយតារាសម្ដែងល្បីៗ ១០រូប រួមទាំងក្រុមការងារបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាតាំងតែពីថ្ងៃទី១០ ខែមករា នឹងចំណាយពេលថតប្រមាណ ២០ ថ្ងៃនៅក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ និងទីក្រុងភ្នំពេញ។

ភាពយន្តរឿង Kazakh Vibe ក៏ទទួលបានការជ្រោមជែង និងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ នាយកដ្ឋានភាពយន្ត និងអាជ្ញាធរជាតិអប្សរា។ តួយ៉ាង កាលពីថ្ងៃទី១៩ ខែមេសានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានអញ្ចើញចូលរួមសម្ពោធភាពយន្តរឿងនេះ នៅឯទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថានផងដែរ៕


























Account
Security
Favourite Content