នៅយប់ថ្ងៃទី២៧ ខែតុលានេះ ក្រុមចម្រៀងខេប៉ុបបុរស Nchive បានបញ្ចេញវីដេអូចម្រៀងពិសេសរបស់បទ LUV+Me បង្ហាញទីតាំងទេសចរណ៍ក្នុងទីក្រុងភ្នំពេញ រួមទាំងដែនសមុទ្រកម្ពុជាផងដែរ។

ជាក់ស្ដែងវីដេអូចម្រៀងនេះ បានផ្ដិតយកទិដ្ឋភាពប្រទេសកម្ពុជា គ្រាដែលសមាជិកទាំង ៦នាក់ គឺ E.aN, HA.L, Kang San, Yu Chan, Ju Young និង N បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ២៩ ខែកក្កដា កន្លងទៅ តាមរយៈគម្រោង NCHIVE Promotion Cambodia Tour។
នៅក្នុងវីដេអូចម្រៀងបទ LUV+Me ពីអាល់ប៊ុម BELIVE ដែលជាអាល់ប៊ុមទី ២ នេះ សមាជិកក្រុមម្នាក់ៗបានឈរច្រៀងនៅក្នុងទីតាំងសំខាន់ផ្សេងៗគ្នា រួមមាន ព្រះបរមរាជវាំង វិមានឯករាជ្យ កោះពេជ្យ និងទីតាំងមួយចំនួនទៀត មុននឹងអ្នកទាំង ៦ បានបង្ហាញវត្តមានជិះទូកជុំគ្នា នៅលើដែនសមុទ្រ នាខេត្តព្រះសីហនុ។

គួរឱ្យដឹងផងដែរថា Nchive គឺជាក្រុមចម្រៀងថ្មីដែលទើបតែចាប់ផ្ដើមប្រកាសខ្លួនជាតារាខេប៉ុបតាមរយៈអាល់ប៊ុម DRIVE នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្រោមការគ្រប់គ្រង់របស់ទីភ្នាក់ងារ Aubemoon Studio។ ដើមឡើយក្រុមនេះមានសមាជិកសរុប ៧នាក់ រួមមាន Minjun ម្នាក់ទៀត មុននឹងលោកសម្រេចចិត្តចាកចេញពីក្រុមនៅដើមខែកក្កដា ឆ្នាំ២០២៤ ព្រោះបញ្ហាសុខភាព៕























Account
Security
Favourite Content