ក្រុមតារាចម្រៀងបុរសចំនួន ៦ក្រុម គឺ TXT, RIIZE, BOYNEXTDOOR, SEVENTEEN, KickFlip និង P1Harmony រួមគ្នាជាមួយ Jin សមាជិក BTS កំពុងតែត្រៀមបញ្ចេញស្នាដៃថ្មីបណ្ដាក់គ្នា ក្នុងខែឧសភា។

ផ្ដើមដោយក្រុម TXT សមាជិកក្រុមទាំង ៥នាក់ នឹងបញ្ចេញនូវបទចម្រៀងក្រោមចំណងជើងថា “Love Language” នៅថ្ងៃទី២ ដើមខែតែម្ដង។ ជាក់ស្ដែង តារាប្រុសដែលស្ថិតនៅក្រោមក្រុមហ៊ុន HYBE បានបង្ហើបពីដំណឹងល្អនេះទៅកាន់អ្នកគាំទ្រ កាលពីពួកគេបានចូលនៅក្នុងមហោស្រព AXE Ceremonia ឯប្រទេសម៉ិកស៊ិក។
បន្តដោយក្រុម BOYNEXTDOOR ក្រុមចម្រៀងរបស់ KOZ Entertainment មួយនេះ មានគម្រោងនឹងបញ្ចេញអាល់ប៊ុមខ្នាតតូចទី៤ នៅថ្ងៃទី១៣ ដោយអាល់ប៊ុមនេះមានឈ្មោះថា “No Genre”។ ជាក់ស្ដែង សមាជិកទាំង ៦ក៏ទើបតែបានបញ្ចេញចម្រៀងថ្មីរួមគ្នាកាលពីខែមករានេះដែរ ដោយបទនោះមានចំណងជើងថា IF I SAY, I LOVE YOU។


ដោយឡែក RIZZE ក៏កំពុងតែត្រៀមខ្លួនចេញអាល់ប៊ុមពេញខ្នាតរបស់ខ្លួនដូចគ្នា ដោយផលិតកម្ម SM ធ្លាប់បានចេញមកបញ្ជាក់ថា សមាជិកក្រុមទាំង ៥នាក់កំពុងតែមមាញឹកនឹងគម្រោងនេះ ក៏ប៉ុន្តែផលិតកម្មមិនបានឱ្យដឹងទេថា អាល់ប៊ុមខ្នាតវែងនេះនឹងចេញនៅថ្ងៃទីប៉ុន្មាន ក្នុងខែឧសភានេះ។
ក្រឡែក មកបងធំប្រចាំក្រុម BTS Jin នឹងបញ្ចេញស្នាដៃទោលរបស់ខ្លួននៅថ្ងៃទី១៦ ដោយអាល់ប៊ុមដែលមានឈ្មោះថា “Echo” មានសរុបចំនួន ៧បទ លាយបញ្ចូលប្រភេទចម្រៀងផ្សេងៗគ្នាក្នុងអាល់ប៊ុមតែមួយ។ បន្ថែមពីនេះទៀត នៅក្នុងខែមិថុនា ខាងមុខ Jin ក៏នឹងចាប់ផ្ដើមដំណើរប្រគំតន្រ្តី #RUNSEOKJIN_EP.TOUR ដែលរាប់ជាលើកទី១សម្រាប់លោក ក្នុងការធ្វើកម្មវិធីបែបនេះ ក្នុងនាមជាសិល្បករទោលនៅលើទឹកដីបរទេស។


ក្រុមចម្រៀងបុរសកំពូលប្រជាប្រិយភាពមួយទៀត គឺ SEVENTEEN ក៏នឹងបញ្ចេញស្នាដៃនៅថ្ងៃទី២៦ ក្នុងខែតែមួយដែរ ដោយអាល់ប៊ុមនេះមានឈ្មោះជាផ្លូវការថា “HAPPY BURSTDAY”។ យ៉ាងណាមិញ ដោយសារតែសមាជិកចំនួន ២រូប គឺ Wonwoo និង Jeonghan កំពុងជាប់កាតព្វកិច្ចក្នុងជួរទាហាន មានត្រឹមតែសមាជិក ១១នាក់ប៉ុណ្ណោះដែលនឹងចូលរួមនៅក្នុងគម្រោងនេះ។
បន្ថែមពីនេះទៀត KickFlip ក្រុមចម្រៀងបុរសរបស់ JYP Entertainment ដែលទើបតែបង្ហាញវត្តមាននៅក្នុងខែមករា ដើមឆ្នាំ២០២៥នេះ ក៏នឹងបញ្ចេញស្នាដៃនៅក្នុងខែឧសភា ផងដែរ។ ក៏ប៉ុន្តែព័ត៌មានលម្អិតទាក់ទងនឹងស្នាដៃនេះ នៅរក្សាទុកជារឿងសម្ងាត់នៅឡើយ។


សម្រាប់ក្រុមចុងក្រោយដែលនឹងមានស្នាដៃថ្មីជូនទស្សនិកជនក្នុងខែឧសភា គឺក្រុម P1Harmony ដោយបុរសទាំង ៦ រូបនឹងចេញជាអាល់ប៊ុម “DUH!” នៅថ្ងៃទី៨។ អាល់ប៊ុមខ្នាតតូចទី ៨ នេះ នឹងក្លាយជាស្នាដៃចុងក្រោយបង្អស់បន្ទាប់ពីបទ SAD SONG ដែលពួកគេបានចេញតាំងតែពី ៨ខែមុន៕























Account
Security
Favourite Content