ក្រោយការទន្ទឹងរង់ចាំជាង ៤ ឆ្នាំរបស់អ្នកគាំទ្រ ទីបំផុតតារាចម្រៀងប៉ុបកាណាដា Justin Bieber ក៏បានប្រកាសអាល់ប៊ុមទីប្រាំពីររបស់ខ្លួនមានចំណងជើងថា “Swag”។

តាមរយៈគណនី Instagram នៅថ្ងៃទី១១ ខែកក្កដានេះ តារាចម្រៀងម្ចាស់បទ “Love Yourself” បានចាប់ផ្ដើមផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់ខ្លួន ខណៈបានបង្ហាញរូបភាពពីអាល់ប៊ុមនេះលើផ្ទាំងប៉ាណូនៅតំបន់ផ្សេងៗជាច្រើនផងដែរ។
តាមរយៈផ្ទាំងរូបភាពដែលចេញផ្សាយ អាល់ប៊ុមថ្មីនេះនឹងរួមមានបទចម្រៀងមួយចំនួនដូចជា All I Can Take, Walking Away, Dadz Love និងបទ Forgiveness។ សារព័ត៌មាន Hollywood Reporter បានរាយការណ៍ថាអាល់ប៊ុមនេះនឹងចេញលក់ និងមានលើសេវាកម្ម Streaming នានថ្ងៃសុក្រ ទី១១ ខែកក្កដា (ត្រូវនឹងថ្ងៃសៅរ៍នៅកម្ពុជា)។
អាល់ប៊ុមថ្មីនេះនឹងកត់សម្គាល់ការចេញស្នាដៃចម្រៀងថ្មីលើកដំបូងរបស់ Justin ចាប់តាំងពីអាល់ប៊ុម “Justice” បានចេញក្នុងឆ្នាំ ២០២១ ហើយក៏ជាអាល់ប៊ុមដំបូងដូចគ្នាបន្ទាប់ពីលោកបានក្លាយជាឪពុកគេ ដោយកាលពីខែសីហាឆ្នាំ ២០២៤ តារាវ័យ ៣១ ឆ្នាំនិងភរិយាគឺតារាម៉ូដែល Hailey Bieber បានប្រកាសកំណើតកូនដំបូងរបស់ពួកគេមានឈ្មោះថា Jack Blues Bieber។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០២៣ Justin Bieber បានលក់សិទ្ធិលើបទចម្រៀងក្នុងអាល់ប៊ុមដែលបានចេញទាំង ៦ របស់ខ្លួន ដែលរួមទាំងបទល្បីៗដូចជា Sorry និង Baby ឱ្យទៅ Hipgnosis ដែលជាក្រុមហ៊ុនវិនិយោគតន្ត្រីមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុក្នុងកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែទស្សនាវដ្តី Billboard រាយការណ៍ថា ការលក់នេះមានតម្លៃប្រហែល ២០០ លានដុល្លារអាមេរិក ៕






























Account
Security
Favourite Content