អាចនិយាយបានថាជាបទដែលមានការរំពឹងទុកខ្ពស់ ហើយ JISOO ក៏មិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តដែរជាមួយស្នាដៃចម្រៀងថ្មីរបស់នាងមានចំណងជើងថា “EYES CLOSED” ដែលមានការសហការជាមួយ Zayn Malik។ បន្ទាប់ពីចេញបទចម្រៀងពេញកាលពីពាក់កណ្ដាលអធ្រាត្រ នៅព្រឹកថ្ងៃទី១០ ខែតុលានេះ វីដេអូចម្រៀងពេញក៏បានចេញជាផ្លូវការនៅលើ Youtube ។
EYES CLOSED គឺជាបទចម្រៀងប៉ុបលាយជាមួយ R&B ខណៈទំនុកភ្លេង និងទំនុកច្រៀង មានលក្ខណៈជាបទចម្រៀងមនោសញ្ចេតនាបែបមនុស្សធំ។ បទចម្រៀងនិយាយអំពីការចាប់ផ្តើមស្នេហាថ្មីដោយមិនប្រកាន់អតីតកាល ដោយប្រៀបធៀបការបិទភ្នែកដើម្បីកុំឱ្យមើលឃើញកំហុស ឬព្រឹត្តិការណ៍អតីតកាល ប៉ុន្តែជ្រើសរើសការស្រលាញ់គ្នាដោយបើកចិត្តទូលាយ ខណៈមានទំនុកច្រៀងថា “យើងគួរស្រលាញ់គ្នាដោយបិទភ្នែក លោកនេះគ្មានអ្នកណាល្អឥតខ្ចោះទេ ហើយអតីតកាលក៏មិនអាចធ្វើបាបយើងបានដែរ បើយើងមិនមើលទៅក្រោយវិញ”។
ចំណុចពិសេសនៃបទចម្រៀងនេះគឺភាពស៊ីសង្វាក់គ្នានៃសំឡេងរបស់តារាទាំងពីរ ដែលធ្វើឱ្យបទចម្រៀងកាន់តែគួរឱ្យចង់ស្ដាប់និងមានភាពទាក់ទាញ។
គួរបញ្ជាក់ថា JISOO ក៏បានសហការនិពន្ធបទចម្រៀងនេះដែរ ដែលបន្ទាប់ពីការចេញផ្សាយកាលពីយប់មិញ នាងក៏បានបង្ហាញពីអារម្មណ៍ចំពោះការចេញបទ EYES CLOSED ថា “ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចសាកស្ដាប់បទនេះក្នុងពេលឆាប់ៗនេះ ហើយរីករាយជាមួយវា ។ នេះជាលើកដំបូងរបស់ខ្ញុំដែលធ្វើបទចម្រៀងឆ្លងឆ្លើយបែបនេះ ហើយខ្ញុំពិតជាភ័យ និងរំភើបខ្លាំងៗ ប៉ុន្តែក៏សប្បាយចិត្តខ្លាំងណាស់ដែរ ដែលបានមានឱកាសធ្វើបទចម្រៀងជាមួយសិល្បករដ៏អស្ចារ្យដូចជា Zayn” ៕
























Account
Security
Favourite Content