Super Star កូរ៉េទាំង២រូបគឺ IU និង Byeon Woo Seok នឹងចូលរួមសម្ដែងនៅក្នុងភាពយន្តភាគមនោសញ្ចេតនាថ្មីរបស់ស្ថានីយទូរទស្សន៍ MBC ដែលគ្រោងនឹងចាក់ផ្សាយនៅក្នុងឆ្នាំ ២០២៥ខាងមុខ។

កាលពីថ្ងៃទី២ ខែធ្នូនេះ Kakao Entertainment បានប្រកាសជាផ្លូវការនូវគម្រោងភាពយន្តភាគថ្មីចំណងជើង 21st Century Grand Prince’s Wife ដោយបានបញ្ជាក់ថា ស្នាដៃសហផលិតជាមួយ MBC មួយនេះ នឹងមានវត្តមានរបស់តារាពហុជំនាញទាំងពីររូបមករួមសម្ដែងជាគូតួឯកទៀតផង។
ជាក់ស្ដែង IU នឹងដើរតួជា Seong Hee Joo កូនស្រីទីពីរក្នុងគ្រួសារលំដាប់កំពូលមួយរបស់ប្រទេសកូរ៉េខាងត្បូង។ ត្បិតមានជោគវាសនាកើតក្នុងគ្រួសារដែលមានឋានៈ ព្រមទាំងមានសម្រស់ស្រស់ស្អាត ឆ្លាតវៃ និងមានគំនិតចូលចិត្តប្រកួតប្រជែងតាំងតែពីកំណើតក្ដី តែនាមជា “សមញ្ញជន” បានក្លាយជាឧបសគ្គដែលនឹងស្មានមិនដល់នៅក្នុងជីវិតរបស់នាង។

ផ្ទុយគ្នាវិញ Byeon Woo Seok សម្ដែងជា Lee Ahn ដែលជាព្រះអង្គម្ចាស់ទី ២នៃរាជរង្សកូរ៉េខាងត្បូង។ ទោះមានឈាមជ័រក្នុងត្រកូលស្ដេចក៏ពិតមែន តែក្នុងដៃរបស់ Lee Ahn បែរជាទទេស្អាត ហើយជីវិតរបស់ព្រះអង្គក៏ជួបជាមួយនឹងទុក្ខលំបាកមិនចាញ់នឹងតួអង្គ Seong Hee Joo នោះទេ។

ហេតុដូចនេះហើយ ទើបភាពយន្តភាគដែលផ្អែកតាមរយៈស្នាដៃម្ចាស់ពានរង្វាន់អត្តបទភាពយន្តរបស់ MBC មួយនេះ ផ្តោតសំខាន់ទៅលើជំនួបរបស់តួអង្គទាំងពីរ ដែលពុះពារឧបសគ្គដើម្បីជីវិតរៀងខ្លួន មុននឹងអារម្មណ៍មនោសញ្ចេតនាបានកើតឡើងរវាងទំនាក់ទំនងអ្នកទាំងពីរ។ ជាចំណុចលេខធ្លោមួយដែរ ត្បិតដំណើររឿងមានជាប់ពាក់ព័ន្ធនឹងសែរាជរង្សក៏ពិតមែន តែសាច់រឿងទាំងមូល អ្នកនិពន្ធបានប្រតិដ្ឋឡើងនៅក្នុងសតវត្សរ៍ទី ២១ ពោលគឺនិយាយពីជីវិតរបស់ត្រកូលស្ដេចក្នុងពេលបច្ចុប្បន្ននេះតែម្ដង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នរឿង 21st Century Grand Prince’s Wife កំពុងស្ថិតក្នុងដំណាក់កាលរៀបចំផលិតដើម្បីអាចចាក់បញ្ចាំងនៅចុងឆ្នាំ ២០២៥ ៕























































Account
Security
Favourite Content