តារាចម្រៀងអាមេរិក Lady Gaga ត្រូវបានគេរាយការណ៍ថានឹងរៀបចំការប្រគំតន្ត្រីដោយឥតគិតថ្លៃនៅឆ្នេរសមុទ្រទីក្រុង Rio ប្រទេសប្រេស៊ីល ក្នុងខែឧសភា ឆ្នាំ ២០២៥ ក្នុងកម្មវិធីមួយដែលរំពឹងថានឹងទាក់ទាញទស្សនិកជនរាប់លាននាក់។
ការប្រគំតន្ត្រីដោយមានវត្តមានតារាចម្រៀងលំដាប់ពិភពលោកមកសម្ដែងឱ្យសាធារណជនទស្សនាដោយឥតគិតថ្លៃ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលដើម្បីជំរុញដល់សេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការបង្កើតព្រឹត្តិការពិធីបុណ្យមានឈ្មោះថា “Celebration May”។
កាលពីខែឧសភា ឆ្នាំ២០២៤នេះ តារាចម្រៀង Madona បានទទួលជោគជ័យយ៉ាងខ្លាំងរួចមកហើយតាមរយៈកម្មវិធីប្រគំតន្ត្រីឥតគិតថ្លៃលើតំបន់ឆ្នេរ Copacabana ខណៈអាចទាក់ទាញទស្សនិកជនប្រមាណ ១ លាន ៦ សែននាក់។ សិល្បករល្បីៗជើងចាស់ផ្សេងទៀតដែលធ្លាប់មកសម្ដែងក្នុងមហាព្រឹត្តិការណ៍នេះក្នុងឆ្នាំកន្លងៗមកមានដូចជាក្រុមចម្រៀង Rolling Stones, តារាចម្រៀង Rod Stewart និងតារាចម្រៀង Lenny Kravitz ជាដើម។
បើទោះបីមិនទាន់មានការប្រកាសជាផ្លូវការ តែប្រភពផ្ទៃក្នុងមួយបានបង្ហើបប្រាប់សារព័ត៌មាន Reuters ថា សិល្បករបន្ទាប់នឹងជា Lady Gaga ហើយការប្រគំតន្ត្រីនឹងធ្វើឡើងនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៥។ ប្រភពព័ត៌មានបញ្ជាក់ទៀតថា ក្រៅពីតារាចម្រៀងម្ចាស់បទ “Bad Romance” ក្រុមតន្រ្តីរ៉ុកអៀរឡង់ U2 ក៏អាចនឹងចូលរួមសម្ដែងជាមួយគ្នាដែរ។
គួររំឭកថា សម្រាប់ការប្រគំតន្ត្រីរបស់ Madona កាលពីខែឧសភាកន្លងទៅនេះ រដ្ឋាភិបាលទីក្រុង Rio de Janeiro បានពឹងផ្អែកលើថវិការបស់អ្នកឧបត្ថម្ភ ប៉ុន្តែក៏បានប្រើប្រាស់មូលនិធិរដ្ឋប្រមាណ ១លាន ៦សែនដុល្លារអាមេរិកផងដែរ។ យ៉ាងណាមិញ ភាពជោគជ័យនៃការប្រគំតន្ត្រីអាចឱ្យពួកគេប្រមូលប្រាក់ចំណូលត្រលប់មកវិញរហូតដល់ ៥០ លានដុល្លារ ដែលលើសពីការរំពឹងទុកខ្លាំង។
ប្រធានសហជីពសណ្ឋាគារប្រចាំទីក្រុង Rio លោក Alfredo Lopes បាននិយាយថា “អភិបាលក្រុង Rio មានគោលដៅនាំយកកម្មវិធីធំៗទៅកាន់ទីក្រុងរបស់យើង។ ការប្រគំតន្ត្រីរបស់ Madona គឺជាជោគជ័យទាំងស្រុង។ ការសម្ដែងរបស់ Lady Gaga ក៏ប្រាកដជាជោគជ័យដូចគ្នាសម្រាប់ទីផ្សារទេសចរណ៍” ៕