ក្រុមហ៊ុនចម្រៀងកូរ៉េ HYBE បានប្រកាសលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ក្នុងផលិតកម្ម SM ឱ្យក្រុមហ៊ុនចិន Tencent ក្នុងតម្លៃ ១៧៧ លានដុល្លារ ក្រោយការតស៊ូដណ្ដើមភាគហ៊ុននេះមករាប់ឆ្នាំ។

អាណាចក្រក្រុមហ៊ុនចម្រៀងធំជាងគេរបស់កូរ៉េនិងជាទ្រនំរបស់ក្រុម BTS មួយនេះបានប្រកាសកាលពីថ្ងៃទី ២៧ ខែឧសភា ថាក្រុមហ៊ុន Tencent Music Entertainment របស់ប្រទេសចិន នឹងទិញយកភាគហ៊ុន SM របស់ខ្លួនទាំងអស់ចំនួន 2,21 លានភាគហ៊ុន ក្នុងតម្លៃប្រហែល 80 ដុល្លារក្នុងមួយហ៊ុន ដូច្នេះតម្លៃសរុបទាំងអស់គឺប្រហែល 177 លានដុល្លារ។
កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តបន្ទាប់ពីទីផ្សារបិទនៅថ្ងៃទី 30 ខែឧសភា ដោយភាគហ៊ុននឹងត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Tencent Music នៅហុងកុង។ នៅពេលប្រតិបត្តិការបានបញ្ចប់ Tencent Music នឹងក្លាយជាម្ចាស់ភាគហ៊ុនធំទីពីររបស់ SM Entertainment បន្ទាប់ពីក្រុមហ៊ុន Kakao ជំនួសឱ្យ HYBE។
សូមរំឭកថា HYBE បានចូលប្រឡូកក្នុងសមរភូមិទិញយកផលិតកម្ម SM ជាលើកដំបូងនៅដើមឆ្នាំ 2023 ដោយបានទិញភាគហ៊ុន 14.8 ភាគរយពីស្ថាបនិក SM គឺផលិតករ Lee Soo Man ។ ទោះយ៉ាងណា បន្ទាប់ពីចាញ់ Kakao ក្នុងការដេញថ្លៃទិញភាគហ៊ុននេះ ខាង HYBE ក៏បានលក់ភាគហ៊ុន SM ពាក់កណ្តាលរបស់ខ្លួនទៅឱ្យ Kakao ។ តាមរយៈប្រតិបត្តិការចុងក្រោយនេះទៀត បង្ហាញថាពួកគេបានដកខ្លួនទាំងស្រុងពី SM ។
ពាក់ព័ន្ធការលក់នេះ HYBE បាននិយាយថា៖ “ការបោះជំហានថ្មីនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់យើងក្នុងការសម្រួលទ្រព្យសកម្មដែលមិនមែនអាជីវកម្មស្នូល។ ទឹកប្រាក់ដែលបានមកនឹងត្រូវយកទៅប្រើដើម្បីគាំទ្រគំនិតផ្តួចផ្តើមថ្មីៗនាពេលអនាគត”។
អ្នកលេងអ៊ិនធឺណិតកូរ៉េជាច្រើនបានបញ្ចេញមតិវិជ្ជមានដែលទីបំផុត HYBE បោះបង់គំនិតលេបយកក្រុមហ៊ុន SM ដែលអាចឱ្យការប្រកួតប្រជែងក្នុងវិស័យខេប៉ុបនៅមានភាពផុលផុស ជាជាងការមានក្រុមហ៊ុនធំតែមួយក្នុងទីផ្សារ។ ទន្ទឹមនឹងនោះ ការចូលរួមរបស់ក្រុមហ៊ុនចិន ក៏ជាការពង្រីកឱកាសទីផ្សារសម្រាប់សិល្បករ SM ក្នុងប្រទេសចិនផងដែរ ៕
























Account
Security
Favourite Content