ក្រោយប្រកាសជ្រើសរើសតួសម្ដែងអស់ពេលជាង ៨ខែ និងបានជ្រើសរើសយ៉ាងសម្រិតសម្រាំងពីបេក្ខជនជាង ៣២ ០០០នាក់ ទីបំផុត HBO បានបើកបង្ហាញតារាសម្ដែងវ័យក្មេងដែលនឹងមកដើរជា តួឯកទាំង ៣នាក់ គឺ Harry Potter, Ron Weasley និង Hermione Granger។

ការប្រកាសស្វែងរកតួសម្ដែងសម្រាប់ Harry Potter ក្នុងទម្រង់រឿងភាគនេះ គឺបានចាប់ផ្ដើមឡើងតាំងតែពីខែកញ្ញា ឆ្នាំ ២០២៤មកម៉្លេះ ដោយកំណត់ឱ្យបេក្ខជនចូលរួម មានអាយុចន្លោះពី ៨ ទៅ ១១ឆ្នាំ និងតម្រូវឱ្យជាកុមារដែលរស់នៅក្នុងចក្រភពអង់គ្លេស និងអៀវឡង់ តែមិនបានកំណត់ជាតិសាសសន៍នោះទេ។
ជាលទ្ធផល តួអង្គដែលសំខាន់បំផុត គឺ Harry Potter បានធ្លាក់ទៅលើក្មេងប្រុសជនជាតិស្កុតឡែនម្នាក់ដែលមានឈ្មោះថា Dominic McLaughlin ដោយកុមារារូបនេះក៏ធ្លាប់មានបទពិសោធន៍ទាក់ទងនឹងការសម្ដែងខ្លះផងដែរ ពីស្នាដៃរឿងកំប្លែងចំណងជើងថា Grow ដែលត្រៀមនឹងចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។
ទន្ទឹមគ្នានេះ តួអង្គ Ron Weasley នឹងសម្ដែងដោយ Alastair Stout ស្របពេលដែលតួអង្គ Hermione Granger នឹងសម្ដែងដោយ Arabella Stanton ដែលធ្លាប់មានស្នាដៃសម្ដែងនៅក្នុងល្ខោនតន្ត្រី Matilda: The Musical ផងដែរ។

ក្រុមការងារផលិតរឿងខាងលើ បានលើកឡើងពីតារាវ័យក្មេងទាំង ៣រូបនេះថា៖ “ទេពកោសល្យរបស់តួអង្គទាំង ៣នាក់នេះគឺពិតជាពិសេស និងគួរឱ្យតាមដានមែនទែន។ យើងក៏ទន្ទឹងរង់ចាំឱ្យពិភពលោកទទួលបានបទពិសោធន៍នៃវេទមន្តតាមរយៈកញ្ចក់ទូរទស្សន៍ផងដែរ”។
សូមរំឭកថា Harry Potter គឺជាស្នាដៃប្រលោមលោកដ៏ល្បីល្បាយរបស់ J. K. Rowling នឹងធ្លាប់លើកយកមកផលិតជាភាពយន្តកុនរហូតដល់ទៅ ៨រឿងរួចទៅហើយ ដោយគ្រានោះតួអង្គ Harry គឺសម្ដែងដោយ Daniel Radcliffe ឯតួអង្គ Ron សម្ដែងដោយ Rupert Grint ខណៈ Hermione សម្ដែងដោយ Emma Watson៕



























Account
Security
Favourite Content