អត្ថបទពីស្ថាប័នព័ត៌មាន Money Today រងការរិះគន់ ក្រោយមានការលើកឡើងថា ការដែល Rosé ជាប់ឈ្មោះនៅលើតារាងតន្រ្តី Billboard អាចមកពី BTS ជាអ្នកនាំតន្ត្រីប៉ុបបែបកូរ៉េទៅកាន់ឆាកអន្តរជាតិ។

អត្ថបទព័ត៌មានរបស់ Money Today ចំណងជើងថា “ ‘BTS will return’ Everyone is slowly buying them except for ants?…A reverse in HYBE’s Atmosphere” បានរៀបរាប់ពីអាល់ប៊ុមទោល Happy របស់ Jin សមាជិក BTS ព្រមទាំងបានសរសេរពីភាពជោគជ័យរបស់ក្រុមហ៊ុន HYBE តាមរយៈក្រុមចម្រៀងបុរសមួយនេះផងដែរ។ ដោយឡែក ក្នុងអត្ថបទតែមួយនេះក៏បានលើកយកភាពជោគជ័យរបស់តារាស្រីពីផលិតកម្មផ្សេងមកជាប់ពាក់ព័ន្ធ ដែលធ្វើឱ្យអ្នកគាំទ្រពីកូរ៉េខាងត្បូងជាច្រើនរូបបញ្ចេញមតិរិះគន់។
យោងតាមការបកប្រែរបស់ Koreaboo អត្ថបទដើមជាភាសាកូរ៉េបានសរសេរថា៖ “ BTS ជាកម្លាំងដែលធ្វើឱ្យ HYBE មានឱកាសក្លាយខ្លួនជាក្រុមហ៊ុនកំពូលនៅក្នុងឧស្សាហកម្មកម្សាន្ត។ BTS បានជាប់ចំណាត់ថ្នាក់លេខមួយនៅលើតារាង Billboard ចំនួន ៨ដង (រួមបញ្ចូលសកម្មភាពទោល) និងបានចូលតារាងដដែលនេះច្រើនជាង ៥០ដងរួចមកហើយ”។
“ថ្មីៗនេះ Rosé សមាជិក BLACKPINK បានជាប់ចំណាត់ថ្នាក់លេខ ៨ នៅលើតារាង Billboard ជាមួយនឹងបទ APT. ស្នាដៃរួមគ្នាជាមួយនឹង Bruno Mars។ នេះអាចមកពី BTS ជាអ្នកត្រួសត្រាយផ្លូវទៅកាន់ទីផ្សារចម្រៀងប៉ុបពិភពលោក ដែលមិនស្គាល់ចម្រៀងខេប៉ុបពីមុនមក” អត្ថបទដដែលអះអាងបែបនេះ។

ក្រោយព័ត៌មានខាងលើបានចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកានេះ ប្រជាជនកូរ៉េខាងត្បូងជាច្រើនបានចេញមុខរិះគន់ទៅលើការលើកឡើងរបស់ Money Today និងនិយាយថាពួកគេកំពុងតែមើលងាយដល់ភាពជោគជ័យរបស់ PSY ដែលបាននាំយកតន្ត្រីខេប៉ុបឱ្យពិភពលោកស្គាល់តាមរយៈបទ Gangnam Style។ ដោយម្នាក់ក្នុងចំណោមអ្នកបញ្ចេញមតិទាំងនោះ យល់ឃើញថា៖ “បើអ្នកនិយាយដូច្នេះ មិនមែនមានន័យថា PSY ជាអ្នកដំបូងទេឬ?”។
“គេអាចនឹងគិតថា BTS ជាក្រុមដំបូងដែលជោគជ័យនៅក្រៅប្រទេស។ អ្នកកំពុងលែងសើចទេដឹង?” អ្នកគាំទ្រម្នាក់ទៀតបញ្ចេញមតិបែបនេះ។
ដោយឡែក ក្រៅពីការវែកញែកថា នរណាជាអ្នកដែលនាំប្រជាប្រិយភាពពីពិភពលោកមកកាន់តន្រ្តីក្នុងប្រទេសខ្លួន អ្នកគាំទ្រខ្លះយល់ឃើញថា អត្ថបទបែបនេះកំពុងតែធ្វើឱ្យប៉ះពាល់ដល់ក្រុមចម្រៀង BTS ដែលមិនបានដឹងអ្វីសោះពីក្រោយរឿងនេះ។ តាមរយៈអ្នកគាំទ្រម្នាក់ បានសរសេរបញ្ចេញមតិថា៖ “តើអត្ថបទប្រភេទនេះ មិនមែនកំពុងតែទាញទម្លាក់កេរ្តិ៍ឈ្មោះរបស់ BTS ទេឬ?”។
ការចេញផ្សាយអត្ថបទរបស់ Money Today លើកនេះបាននាំឱ្យមានការរិះគន់ថែមទៀតចំពោះរបៀបប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់ HYBE ដើម្បីវាយប្រហារសិល្បករក្រុមហ៊ុនដទៃ បន្ទាប់ពីមុននេះមានការបែកធ្លាយឯកសារផ្ទៃក្នុងជាច្រើនដែលមានខ្លឹមសារវាយប្រហារបែបអវិជ្ជមានលើតារាខេប៉ុបស្ទើរគ្រប់ផលិតកម្ម ៕
























Account
Security
Favourite Content