ក្រុមចម្រៀងខេប៉ុប ENHYPEN បន្តបំបែកកំណត់ត្រាជាបន្តបន្ទាប់ជាមួយអាល់ប៊ុមចុងក្រោយរបស់ពួកគេ។

ថ្មីៗនេះ ក្រុមចម្រៀងប្រុស ENHYPEN បានធ្វើការវិលត្រលប់មកឆាកតន្ត្រីវិញជាមួយនឹងអាល់ប៊ុមពេញទីពីររបស់ពួកគេមានចំណងជើងថា “ROMANCE : UNTOLD” ជាមួយបទចម្រៀងនាំមុខមានចំណងជើង “XO (Only If You Say Yes)”។
នៅថ្ងៃទី១២ ខែកក្កដា ដែលជាថ្ងៃដំបូងនៃការលក់ចេញលក់ អាល់ប៊ុមនេះអាចលក់បានជាង ១,៨៨ លានបន្ទះ ដែលអាចបំបែកកំណត់ត្រាលក់ថ្ងៃដំបូងនៃអាល់ប៊ុមមុនរបស់ពួកគេ “ORANGE BLOOD” ដែលចេញកាលពីឆ្នាំ២០២៣ បានសម្រេច។ រយៈពេលមិនដល់ប្រាំថ្ងៃក្រោយមក គេហទំព័រទិន្នន័យតន្ត្រីកូរ៉េ Hanteo Chart បានបង្ហាញថាអាល់ប៊ុម “ROMANCE : UNTOLD” បានលក់អស់ជាង ២,១ លានបន្ទះ ធ្វើឱ្យអាល់ប៊ុមនេះក្លាយជាអាល់ប៊ុមដំបូងរបស់ ENHYPEN ដែលលក់បានលើសពី ២ លានក្នុងសប្តាហ៍ដំបូង។


កំណត់ត្រានេះដែរធ្វើឱ្យ ENHYPEN អាចស្ថិតក្នុងចំណោមក្រុមខេប៉ុបកំពូលៗតែ ៧ ក្រុមប៉ុណ្ណោះដែលលក់អាល់ប៊ុមបានលើស ២ លានបន្ទះក្នុងសប្តាហ៍ដំបូងនៃការចេញផ្សាយ ខណៈក្រុមផ្សេងទៀតដែលអាចសម្រេចកំណត់ត្រានេះនាពេលកន្លងមកមានដូចជា BTS, TXT, SEVENTEEN, Stray Kids, NCT DREAM និង ZEROBASEONE។
គួរបញ្ជាក់ថា ENHYPEN គឺជាក្រុមចម្រៀងមានសមាជិកសរុប ៧ នាក់ រួមមាន Heeseung, Jay, Jake, Sunghoon, Sunoo, Jungwon និង Niki ស្ថិតក្រោមផលិតកម្ម Belift Lab ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE។ ក្រុមរបស់ពួកគេត្រូវបានបង្កើតឡើងដោយឆ្លងកាត់ការប្រលងកម្មវិធី Mnet I-LAND និងបានចេញអាល់ប៊ុមដំបូងមានចំណងជើងថា “BORDER : DAY ONE” នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ៕


























Account
Security
Favourite Content