ក្រុមចម្រៀងបុរសខេប៉ុប ENHYPEN បានប្រារព្ធខួបគម្រប់ ៥ ឆ្នាំនៃការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ ជាមួយនឹងសមិទ្ធផលគួរឱ្យចាប់អារម្មណ៍ ដោយអាចលក់អាល់ប៊ុមជាង ២០ លានច្បាប់ និងមានអ្នកគាំទ្រជិត ១.៥ លាននាក់បានចូលរួមទស្សនាការប្រគំតន្ត្រីទេសចរណ៍របស់ពួកគេទូទាំងពិភពលោក។

យោងតាមភ្នាក់ងាររបស់ពួកគេ BELIFT LAB ដែលជាបុត្រសម្ព័ន្ធមួយរបស់ HYBE បានឱ្យដឹងនៅថ្ងៃទី១ ខែធ្នូនេះថា ENHYPEN ដែលរួមមានសមាជិក Jungwon, Heeseung, Jay, Jake, Sunghoon, Sunoo និង Ni-ki បានលក់អាល់ប៊ុមសរុបចំនួន ២០.៣៣ លានច្បាប់ ដោយគិតសរុបទាំងនៅក្នុងប្រទេសកូរ៉េ និងជប៉ុន។
ក្នុងចំណោមអាល់ប៊ុមចំនួន ១៦ របស់ពួកគេ មានប្រាំបីអាល់ប៊ុមអាចលក់ដាច់ច្រើនជាងមួយលានច្បាប់។ ក្នុងនោះអាល់ប៊ុមខ្នាតពេញទីពីររបស់ពួកគេ ‘ROMANCE : UNTOLD’ បានធ្វើឱ្យពួកគេទទួលបានងារជា “triple million-seller” ឬអ្នកលក់អាល់ប៊ុមបាន ៣ លានច្បាប់ជាលើកដំបូង ខណៈដែលអាល់ប៊ុមខ្នាតតូច ‘ORANGE BLOOD’ និង ‘DESIRE : UNLEASH’ អាចលក់បាន ២ លានច្បាប់។
លើសពីនេះ ឥទ្ធិពលក្នុងលក់សំបុត្រ Concert របស់ពួកគេក៏ខ្លាំងក្លាដូចគ្នាដែរ។ តាមរយៈការប្រគំតន្ត្រីទេសចរណ៍ពិភពលោកចំនួនបីគឺ ‘MANIFESTO’, ‘FATE’ និង ‘WALK THE LINE’ ក្រុមចម្រៀង ENHYPEN បានរៀបចំការសម្ដែងចំនួន ៩៦ ឆាក សម្រាប់ទស្សនិកជនសរុបប្រមាណ ១.៥ លាននាក់។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ក្រុមចម្រៀងបុរសមួយនេះក៏បានឈ្នះពានរង្វាន់ធំមួយពីកម្មវិធី MAMA ឆ្នាំ២០២៥ដែរ គឺពានរង្វាន់ជម្រើសអ្នកគាំទ្រ (FANS’ CHOICE OF THE YEAR)។
ក្នុងឱកាសនេះ សមាជិកក្រុមក៏បានសម្តែងការដឹងគុណដល់ ENGENE ដែលជាក្រុមអ្នកគាំទ្ររបស់ពួកគេដោយនិយាយថា៖ “យើងបានមកដល់ចំណុចនេះដោយសារ ENGENEs។ ពួកយើងនឹងបន្តឆ្ពោះទៅរកគោលដៅខ្ពស់ជាងនេះដោយមិនហត់នឿយ” ៕




























Account
Security
Favourite Content