បន្ទាប់ពីចែកផ្លូវគ្នាដើម្បីផ្ដោតលើការងារទោលរៀងៗខ្លួនជាង១ឆ្នាំ នៅពេលនេះមានសេចក្ដីរាយការណ៍ថាសមាជិកទាំង ៤ របស់ក្រុម BLACKPINK មានគម្រោងជួបជុំគ្នាម្តងទៀតសម្រាប់ការប្រារព្ធខួប ៨ ឆ្នាំនៃការបង្កើតក្រុមរបស់ពួកគេ។
យោងតាមសារព័ត៌មានកូរ៉េ TenAsia បានរាយការណ៍កាលពីថ្ងៃទី ១៩ ខែមិថុនា ពេលនេះសមាជិកក្រុម BLACKPINK កំពុងពិភាក្សាដើម្បីជួបជុំគ្នាឡើងវិញសម្រាប់ខួបលើកទី ៨ របស់ពួកគេនៅថ្ងៃទី ៨ ខែសីហា ហើយបន្ទាប់ពីនោះពួកគេនឹងបន្តផ្តោតលើអាជីពទោលរៀងៗខ្លួនរហូតដល់ដាច់ឆ្នាំ។ ក្នុងនោះផែនការសម្រាប់ព្រឹត្តិការណ៍ពិសេសមួយកំពុងត្រូវបានរៀបចំសម្រាប់អ្នកគាំទ្រ។ ទោះបីជាទម្រង់នៃការប្រារព្ធពិធីនេះកំពុងស្ថិតក្រោមការពិភាក្សាក៏ដោយ តែច្បាស់ណាស់ថាកម្មវិធីខួបនេះពិតជាមានអត្ថន័យពិសេសសម្រាប់សមាជិកទាំង ៤ និង Blink គ្រប់គ្នា។
យោងតាមសេចក្ដីរាយការណ៍ដដែល បើទោះបីជាកម្មវិធីជួបជុំនេះអាចប្រព្រឹត្តទៅក៏ដោយ ប៉ុន្តែគម្រោង Comeback ជាក្រុមរបស់ពួកគេទំនងមិនអាចកើតឡើងនោះទេក្នុងឆ្នាំនេះ។ ផ្ទុយទៅវិញ សមាជិកម្នាក់ៗនឹងបន្តផ្តោតលើគម្រោងទោលរបស់ពួកគេ។ ក្នុងនោះ Lisa, Jennie, និង Rosé ត្រូវបានគេរំពឹងថានឹងចេញអាល់ប៊ុមទោល ខណៈដែល Jisoo នឹងផ្តោតលើអាជីពសម្តែងទាំងក្នុងរឿងភាគ និងខ្សែភាពយន្ត។
លម្អិតអំពីគម្រោងបន្ទាប់របស់សមាជិក BLACKPINK ម្នាក់ៗ៖
កាលពីចុងឆ្នាំ ២០២៣ YG Entertainment បានបញ្ជាក់ពីការបន្តកិច្ចសន្យាជាមួយសមាជិក BLACKPINK ទាំងអស់សម្រាប់ការងារជាក្រុម។ យ៉ាងណាមិញ សម្រាប់ការងារទោលសមាជិកនីមួយៗបានដើរផ្លូវរៀងៗខ្លួន ដោយ Rosé បានចុះកិច្ចសន្យាផ្តាច់មុខជាមួយ THE BLACK LABEL ខណៈសមាជិក ៣នាក់ទៀតបានបង្កើតក្រុមហ៊ុនដើម្បីគ្រប់គ្រងការងារទោលរបស់ខ្លួន ដូចជា Jennie បានបង្កើតក្រុមហ៊ុន ODD ATELIER, Jisoo បានបង្កើតក្រុមហ៊ុន BLISSOO ជាមួយបងប្រុសនាង ហើយ Lisa បានបង្កើតក្រុមហ៊ុននាងគឺ LLOUD។


ចាប់ពីឆមាសទីពីរនៃឆ្នាំនេះ សមាជិកនីមួយៗនឹងផ្តល់អាទិភាពដល់សកម្មភាពទោលរបស់ពួកគេ។ Lisa នឹងក្លាយជាសមាជិកដំបូងគេដែលចាប់ផ្តើមអាជីពឯករាជ្យជាផ្លូវការជាមួយនឹងការចេញបទចម្រៀង “ROCKSTAR” នៅថ្ងៃទី ២៨ ខែមិថុនា។ ការចេញផ្សាយនេះត្រូវបានគេទន្ទឹងរង់ចាំយ៉ាងខ្លាំងព្រោះវាជាគម្រោងតន្ត្រីដំបូងចាប់តាំងពីការចាប់ដៃគូរវាង LLOUD និង RCA Records ដែលជាស្លាកយីហោដ៏ធំមួយនៅក្រោម Sony Music។ លើសពីនេះ Lisa ក៏គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងរឿងភាគហូលីវូដ គឺរឿង “White Lotus” រដូវកាលទី ៣នៅឆ្នាំ ២០២៥ ។
សម្រាប់ Jennie ថ្មីៗនេះបានបង្ហាញចម្រៀងទោលរបស់នាងដូចជាបទ “Slow Motion” ជាមួយ Matt Champion និងបទ “SPOT!” ជាមួយផលិតកររ៉េប ZICO ក្រោមស្លាកផលិតកម្ម ODD ATELIER និងចូលរួមក្នុងកម្មវិធី Apartment 404។
ងាកមក Jisoo កំពុងត្រៀមត្រលប់មកការសម្ដែងតាមរយៈរឿងភាគ Influenza ដែលនាងបានសម្តែងជាមួយ Park Jung Min និង Kim Joon Han។ មិនតែប៉ុណ្ណោះ នាងក៏បានចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង “Omniscient Reader’s Viewpoint” ជាមួយ Lee Min Ho ផងដែរដែលស្នាដៃទាំងនេះនឹងពង្រឹងកេរ្តិ៍ឈ្មោះរបស់នាងកាន់តែខ្លាំងនៅក្នុងឧស្សាហកម្មភាពយន្ត។ ចំណែកឯ Rosé វិញគឺកំពុងតែរៀបចំចេញបទចម្រៀងទោលថ្មីក្រោមផលិតកម្ម THE BLACK LABEL ដោយបន្តដំណើររបស់នាងក្នុងនាមជាសិល្បករទោល ៕


























Account
Security
Favourite Content