កាលពីពេលថ្មីៗនេះ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីលោកស្រី Laurence ERBS នាយិកាគ្រប់គ្រងក្រុមហ៊ុនព្រលានយន្តហោះ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production នៃប្រទេសកាហ្សាក់ស្ថាន មកកម្ពុជា។

កាលពីថ្ងៃ ១០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ គណៈប្រតិភូ ក៏ដូចជាក្រុមការងារផលិតកម្ម Daubai Production បានមកដល់កម្ពុជា ដើម្បីថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ ពីប្រទេសកម្ពុជា។ ការថតខ្សែភាពយន្តនេះ មានការចូលរួមពីក្រសួងទេសចរណ៍ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម និងក្រុមការងារផលិតកម្ម Daubai Production ទាំង ៣៧ រូប រួមមានតារាល្បីៗ ប្រចាំប្រទេស ១០ រូប ដែលម្នាក់ៗ មានអ្នកគាំទ្រផ្ទាល់ខ្លួនជាងមួយលាននាក់ មកពីសាធារណរដ្ឋកាហ្សាក់ស្ថាន។
ផលិតកម្ម Daubai Production គ្រោងនឹងផលិតវីដេអូភាពយន្តនៅកម្ពុជាស្ដីពី “ដំណើរកម្សាន្តនៃគូស្នេហ៍ ៥ គូ ពីប្រទេសកាហ្សាក់ស្ថាន មកទស្សនាប្រទេសកម្ពុជា។ ការថតភាពយន្តនេះ នឹងចាប់ពីថ្ងៃ ១០ ខែមករា ដល់ថ្ងៃ ១ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងគោលដៅតំបន់ទេសចរណ៍ផ្សេងៗទៀត ជាពិសេស នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ហើយនេះជាលើកទី១ ដែលប្រទេសកាហ្សាក់ស្ថានជ្រើសរើសកម្ពុជា សម្រាប់ថតខ្សែភាពយន្ត ដែលជាគោលដៅទេសចរណ៍ ប្រកបដោយសុខសន្តិភាពល្អក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈសង្គម ស្អាត បៃតង និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ពិសេសសន្តិសុខសុវត្ថិភាព ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីទីតាំងដែលមានសក្ដានុពលទេសចរណ៍កម្ពុជាទៅលើឆាកអន្តរជាតិ។
ដំណឹងនៃការមកដល់របស់ក្រុមផលិតករបរទេស ធ្វើឲ្យមហាជនសាទរពីការខិតខំប្រឹងប្រែងនៃថ្នាក់ដឹកនាំក្រសួងទេសចរណ៍ដែលខិតខំធ្វើការ និងទាក់ទាញបានផលិតកម្មក្រៅប្រទេស ដើម្បីមកថតផ្សព្វផ្សាយពីប្រទេសកម្ពុជា៕



















រូបភាព៖ ក្រសួងទេសចរណ៍























































Account
Security
Favourite Content