ហក់ដល់ចំណាត់ថ្នាក់កំពូលក្នុងពិភពលោក កម្មវិធី Culinary Class Wars មិនត្រឹមទាក់ទាញចំណាប់អារម្មណ៍លើម្ហូបកូរ៉េ ថែមទាំងជួយពង្រីកទីផ្សារទៀត

កម្មវិធីទូរទស្សន៍ថ្មីមួយទៀតរបស់ Netflix គឺ Culinary Class Wars បានឈានដល់ចំណុចកំពូលនៅក្នុងចំណាត់ថ្នាក់ពិភពលោក ខណៈទើបចាក់ផ្សាយបានពីរសប្ដាហ៍។ ការកើនឡើងនៃចំណាប់អារម្មណ៍ក្នុងកម្មវិធីធ្វើម្ហូបមួយនេះក៏កំពុងតែមានឥទ្ធិពលដល់ឧស្សាហកម្មភោជនីយដ្ឋានផងដែរ។

កម្មវិធីនេះផងដែរគឺមានការចូលរួមប្រកួតប្រជែងពីចុងភៅមានជំនាញមកពីបណ្ដាភោជនីយដ្ឋានជាមួយចុងភៅកំពូលៗផ្សេងទៀតលើវិញ្ញាសាធ្វើម្ហូបកូរ៉េដែលពោរពេញដោយភាពច្នៃប្រឌិត។ ទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសកូរ៉េភ្លាមៗបន្ទាប់ពីការចាក់ផ្សាយហើយ ពេលនេះកម្មវិធី Culinary Class Wars បានក្លាយជាស៊េរីកម្មវិធីទូរទស្សន៍លេខ ១ លំដាប់ពិភពលោកយ៉ាងឆាប់រហ័សនៅក្នុងប្រភេទកម្មវិធីដែលមិនមែនជាភាសាអង់គ្លេសរបស់ Netflix។ ក្រៅពីប្រទេសកូរ៉េ កម្មវិធីប្រកួតប្រជែងធ្វើម្ហូបមួយនេះក៏ទទួលបានចំណាត់ថ្នាក់លេខ ១ នៅប្រទេសសិង្ហបុរី និងហុងកុង ព្រមទាំងឈរលើចំណាត់ថ្នាក់កំពូលៗក្នុងប្រទេសចំនួន ១៨ ផ្សេងទៀតផងដែរ។

មិនត្រឹមប៉ុណ្ណេះ ភាពល្បីល្បាញរបស់កម្មវិធីមួយនេះក៏បានជះឥទ្ធិពលវិជ្ជមានដល់ភោជនីយដ្ឋានរបស់បេក្ខភាពមេចុងភៅដែលអ្នកមើលយល់ថាមានលក្ខណៈពិសេស និងលេចធ្លោនៅក្នុងកម្មវិធីដោយនេះត្រូវបានគេរាប់ថាជាវិធីសាស្រ្តដ៏ល្អមួយក្នុងការធ្វើទីផ្សារដោយអាចជួយស្រោចស្រង់ឧស្សាហកម្មភោជនីយដ្ឋានកំពុងជួបការលំបាកឱ្យប្រសើរឡើងវិញ។ ។ យោងតាមកម្មវិធីសម្រាប់កក់ហាងអាហារបានបង្ហាញថាភោជនីយដ្ឋានមួយចំនួនត្រូវបានកក់ពេញអស់ទៅហើយក្នុងរយៈពេលដ៏ខ្លី។

ក្រៅពីភាពល្បីល្បាញតាមរយៈការឈរជើងលើចំណាត់ថ្នាក់កំពូលក្នុងតារាងកម្មវិធីរបស់ប្រទេសនានាហើយ កម្មវិធី Culinary Class Wars ក៏ទទួលបានមតិវិជ្ជមានច្រើនដោយទស្សនិជនសុទ្ធតែបង្ហាញការពេញចិត្តទៅលើរបៀបចម្អិន ជាពិសេសភាពចម្រុះនៃម្ហូបកូរ៉េផ្ទាល់តែម្ដង។

ជាមួយនឹងភាគសរុបចំនួន ១២ កម្មវិធីប្រកួតប្រជែង Culinary Class Wars នឹងចាក់ផ្សាយរៀងរាល់ថ្ងៃអង្គារដោយគេរំពឹងនឹងទទួលបានចំណាប់អារម្មណ៍ និងការកើនឡើងនូវចំនួនអ្នកទស្សនាកាន់តែច្រើនពីមួយវគ្គទៅវគ្គស្របពេលដែលសមរភូមិផ្ទះបាយកាន់តែក្ដៅគគុក។ នៅក្នុងការប្រកួតប្រជែងគឺត្រូវបានដឹកនាំ និងវិនិច្ឆ័យដោយលោក Paik Jong Won ជាម្ចាស់ភោជនីយដ្ឋានល្បីដែលទទួលបានពានរង្វាន់ និងកិត្តិយសជាច្រើន ក៏ដូចជាចុងភៅ Anh Sung Jae ជាម្ចាស់ភោជនីយដ្ឋាន Mosu Seoul លំដាប់ផ្កាយបីផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *