កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន្តរជាតិ។

ឆ្នាំ ២០២៦ គឺជាជំនាន់ទី១៥ នៃការរៀបចំមហោស្រពភាពយន្តខ្លីដំបូងគេនៅកម្ពុជាមួយនេះ។ CSFFនឹងរៀបចំកម្មវិធីបញ្ចាំងដោយផ្ទាល់ក៏ដូចជាចាក់បង្ហាញសាច់រឿងថ្មីៗ ទៅកាន់ទស្សនិកជននៅតាមរោងភាពយន្តផងដែរ។
អ្វីដែលសមិទ្ធិករទន្ទឹងរង់ចាំក៏បានមកដល់អំពីការប្រកាសលទ្ធផល នៃភាពយន្តខ្លីដែលបានដាក់ប្រកួតតាំងពី ការបើកទទួល តាំងខែមករា កន្លងទៅ។ បន្ទាប់ពីឆ្លងកាត់ការជ្រើសរើសរឿងសរុបប្រមាណ ៤០០ ចំណងជើង យ៉ាងស្វិតស្វាញ គណៈកម្មការរបស់ CSFF បានជ្រើសរើសរឿង សម្រាប់ប្រកួតបានហើយ។
ដោយភាពយន្តខ្មែរទាំងអស់ដែលបានដាក់ប្រកួតមាន ៨៥ ចំណងជើង ក្នុងនោះមានភាពយន្តប្រតិដ្ឋ ២៨ ចំណងជើង។ ចំណែកភាពយន្តបរទេសទាំងអស់ដែលបានដាក់ប្រកួតមាន ២៩៧ ចំណងជើង ក្នុងនោះមានភាពយន្តប្រតិដ្ឋ ចំនួន ២៦៤ ចំណងជើង រួមទាំងរឿងផលិតដោយ មាន ២៦ ចំណងជើង។ ភាពយន្តដែលត្រូវចាក់បញ្ចាំក្នុងឆ្នាំ ២០២៦ នេះ សរុប ៩៩ រឿង មកពី ៣៣ ប្រទេសផ្សេងៗគ្នា រួមទាំងកម្ពុជាផងដែរ។
សម្រាប់ការជ្រើសរើសរឿងឆ្នាំនេះ លោក អៀម ទិត្យសីហា អ្នករើសរឿងក្នុងស្រុក (Local Programmer) បានឲ្យដឹងថា ១៥ ឆ្នាំមកនេះមហោស្រពភាពយន្តខ្លីចតុមុខ បានរួមចំណែកយ៉ាងសំខាន់ក្នុង ការជ្រោមជ្រែង និងពង្រីកសហគមន៍សមិទ្ធិករភាពយន្តនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។ លោកបន្ថែមថា “ឆ្នាំនេះគឺជាការបោះជំហានទៅមុខដ៏ធំធេងមួយទៀតដោយសារ មានការកើនឡើងនូវចំនួនស្នាដៃដែលបានផ្ញើមកចូលរួម ពីសំណាក់សមិទ្ធិករក្នុងស្រុក មកពីគ្រប់មជ្ឈដ្ឋាន។ ក្នុងនាមជាអ្នកជ្រើសរើសភាពយន្តប្រចាំកម្មវិធី អ្វីដែលខ្ញុំស្វែងរកគឺ គំនិតស្នូលរឹងមាំ និងការនិទានរឿងច្បាស់លាស់ដែល គ្រប់ធាតុផ្សំ ចាប់តាំងពីអត្ថបទរឿង ការសម្ដែង បច្ចេកទេសថត ការរៀបចំពន្លឺ រហូតដល់ការកាត់ត សុទ្ធតែដើរស្របគ្នា យ៉ាងមានហេតុផល និងស៊ីសង្វាក់គ្នា“។

ការជ្រើសរើសភាពយន្តប្រចាំឆ្នាំនេះ ត្រូវបានបែងចែកជា ២ ប្រធានបទសំខាន់ៗគឺ «ពិភពក្នុងខ្លួន» ដែលផ្ដោតលើការតស៊ូ ប្រជែងខាងផ្លូវចិត្តរបស់តួអង្គ និង «ពិភពជុំវិញខ្លួន» ដែលបង្ហាញពីសម្ពាធសង្គម ដែលបានដាក់មកលើរូបគេ។ បន្ថែមពីនេះ ទៅទៀតយើងក៏មានផ្នែក «ភាពយន្តសិស្ស-និស្សិតកម្ពុជា» ដើម្បីលើកទឹកចិត្ត ដល់យុវជនមានទេពកោសល្យ ដែលកំពុងសិក្សាមានឱកាសបង្ហាញស្នាដៃរបស់ពួកគេផងដែរ។ វាជាកិត្តិយសយ៉ាងខ្ពង់ខ្ពស់ក្នុងការនាំយកភាពយន្តទាំងនេះមកចែករំលែកព្រមទាំងបានរួមគ្នាចូលរួមអបអរសាទរសមិទ្ធផលដ៏ធំធេងមួយទៀត សម្រាប់វិស័យភាពយន្តកម្ពុជា។ ដូច្នេះយើងខ្ញុំសូមអញ្ជើញទស្សនិកជនក្នុងស្រុក និងក្រៅស្រុកមកស្វែងយល់ ពីប្រទេសកម្ពុជា តាមរយៈសាច់រឿងខ្លីតែខ្លឹមទាំងអស់នេះ នៅចុងខែតុលាខាងមុខ“។
រីឯលោក Masoud SOHEILI អ្នករើសរឿងអន្តជាតិ (international programmer) បានលើកឡើងថា «ការរៀបចំកម្មវិធីនាឆ្នាំនេះ ទទួលបានស្នាដៃផ្ញើមកចូលរួមរហូតដល់ ៣២៣ ស្នាដៃដែលជាតួលេខកើនឡើងជិត ៣ដង បើធៀបនឹងឆ្នាំមុន ដែលបានសបញ្ជាក់យ៉ាងច្បាស់ពីភាពរស់រវើកកាន់តែខ្លាំងឡើងនៃវិស័យភាពយន្តខ្លី ព្រមទាំងធ្វើឲ្យ ការសម្រិតសម្រាំង ស្នាដៃប្រចាំឆ្នាំនេះ រឹតតែមានសារៈសំខាន់ជាពិសេស»។

Masoud SOHEILI បន្តថា ដំណើរការនៃការវាយតម្លៃពិតជាមានភាពស្វិតស្វាញ និងលំបាកបំផុត ព្រោះគុណភាពជារួមនៃស្នាដៃដែលបានផ្ញើមក មានការកើនឡើង គួរឲ្យកត់សម្គាល់ ស្របពេលដែលពេលវេលានៃការចាក់បញ្ចាំងមានកំណត់ ដែលតម្រូវឲ្យមានការសម្រេចចិត្តយ៉ាងម៉ត់ចត់ ក្នុងការជ្រើសរើស។ ហេតុនេះហើយ ទើបស្នាដៃដ៏ឆ្នើមៗជាច្រើនទៀត មិនត្រូវបានរាប់បញ្ចូល។
ឆ្នាំនេះ ក៏បានបើកទទួលស្នាដៃប្រភេទថ្មីមួយទៀត គឺភាពយន្តដែលបង្កើតឡើងដោយបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI)។ ដោយសារវាជាមធ្យោបាយសិល្បៈដ៏ថ្មីស្រឡាងមួយ បច្ចេកវិទ្យា AIដែលផ្ដល់លទ្ធភាព ដល់សមិទ្ធិករ ភាពយន្តក្នុងការប្រែក្លាយគំនិតច្នៃប្រតិដ្ឋ ជាចំណីចក្ខុកាន់តែអស្ចារ្យលេចចេញជារូបរាងឡើង ជាមួយការចំណាយលើការផលិតទាបជាងមុន ព្រមទាំងជួយទម្លាយព្រំដែននៃការនិទានរឿងក្នុងទម្រង់ជាភាពយន្តខ្លីកាន់តែគ្មានដែនកំណត់។
អ្វីដែលគួរឲ្យសម្គាល់នោះគឺ កម្មវិធីប្រចាំឆ្នាំនេះមានរួមបញ្ចូលភាពយន្ត ៣ រឿង ដែលនិយាយពីជីវិតអាណិកជនខ្មែរ។ មហោស្រពភាពយន្តខ្លីចតុមុខរបស់យើង នឹងរៀបចំឡើងទៅ ពីថ្ងៃ ៣០ខែតុលា ដល់ថ្ងៃ ២ ខែវិច្ឆិកា ឆ្នាំនេះ រយៈពេល សរុបមាន ៤ ថ្ងៃជាប់ៗគ្នា ដែលក្នុងនោះមានពិធីបើក និងបិទមហោស្រព ដែលរំពឹងថានឹងមានការចូលរួមពីសំណាក់ក្រសួងស្ថាប័ន និងសមិទ្ធិករ និងសិល្បករ ពាក់ព័ន្ធ ក្នុងវិស័យភាពយន្តជាច្រើនរូបផងដែរ។ ទស្សនិកជនដែលចង់លើក ទឹកចិត្ត យុវសមិទ្ធិករ និងចង់មានចូលចិត្ត ភាពយន្តខ្មែរក៏ដូចជាបរទេស អាចមកចូលរួមទស្សនារាល់រឿងខ្លី ជាប់ជម្រើស ទាំងអស់ នៅតាម រោងភាពយន្ត ដូចជា Legend Cinema Olympia, Sabay Cinema, Fable Cinema, ផ្ទះមេត្តា, មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា, F3, Lumiere Phnom Penh៕






















































Account
Security
Favourite Content