ជាការស្វាគមន៍នូវរដូវកាលថ្មី មហោស្រពភាពយន្ដខ្លី ឬ CSFF បានបើកប្រកាសទទួលរឿងប្រកួតដល់សមិទ្ធិកររឿងខ្លី ចាប់តាំងពីថ្ងៃទី៣០ ខែមីនា នេះតទៅដោយមហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់ យុវសមិទ្ធិករឱ្យបង្ហាញទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី១៤នេះនឹងត្រូវបានរៀបចំដោយ ក្រុមភាពយន្តឈូករ័ត្ន (Sunflower Film Alliance [SFA]) និងជំនាញការភាពយន្តឯករាជ្យក្នុងស្រុក និងក្រៅស្រុក។
ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោចជា៧ប្រភេទដូចតទៅ៖
- ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា៖ នឹងទទួលបានទឹកប្រាក់ ៤លានរៀល និងពាន១
- ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា៖ នឹងទទួលបានទឹកប្រាក់ ២លានរៀល និងពាន១
- ភាពយន្តខ្លីឆ្នើមអន្តរជាតិ៖ នឹងទទួលបានទឹកប្រាក់ប្រមាណ៣០០ ដុល្លារ និងពាន១
- រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក៖ នឹងទទួលបានលិខិតសសើរ
- រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ៖ នឹងទទួលបានលិខិតសសើរ
- ចំណារពិសេសពីមេប្រយោគ ដល់ភាពយន្តខ្លីក្នុងស្រុក៖ នឹងទទួលបានលិខិតសសើរ
- ចំណារពិសេសពីមេប្រយោគ ដល់ភាពយន្តខ្លីអន្តរជាតិ៖នឹងទទួលបានលិខិតសសើរ

ជាមួយគ្នានេះមហោស្រពធំក៏នឹងគ្រោងនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២៥នេះបន្ទាប់ពីកម្មវិធីផ្សព្វផ្សាយផ្សេងទៀតដូចជា «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» (Chaktomuk Film Insight) យុទ្ធនាការផ្សព្វផ្សាយតាមរយៈជនមានឥទ្ធិពល (Influencers) និងទៅដល់ទស្សនិកជន តាមសាកលវិទ្យាល័យ ឬសាលានៅរាជធានីភ្នំពេញ (Outreach Campaign) សន្និសីទព័ត៌មាន។
អ្នកស្រី ណយ សុផារី ជាសមាជិកាគណៈប្រឹក្សាមហោស្រពក្នុងឆ្នាំ បានថ្លែងចំណាប់អារម្មណ៍ថា៖ «មហោស្រពភាពយន្តខ្លីគឺជាវេទិការសាធារណៈសម្រាប់ផលិតករអាចបង្ហាញស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ខ្លួនក្នុងការបញ្ចេញមតិទៅកាន់សាធារណៈជន តាមរយៈសាច់រឿងខ្លីៗ ខ្ញុំសង្ឃឹមថាផលិតករ នឹងឆ្លៀតយកឱកាសនេះដើម្បីបង្ហាញសមិទ្ធិផលរ បស់ខ្លួន ហើយមហោស្រពភាពយន្តនឹងក្លាយជាកន្លែងមួយដែលផ្សារភ្ជាប់សាធារណជន និងគំនិតថ្នៃប្រឌិតរបស់ផលិតករ។»

អ្នកស្រី ណយ សុផារី
លោក ស៊ុំ ស៊ីថែន ជាប្រធានមហោស្រពឆ្នាំទី១៤នេះថ្លែងថា៖ «ដោយសារបទពិសោធល្អពីឆ្នាំមុនៗ វិភាគទានពី អង្គការ «មូលនិធិកុមារកម្ពុជា» និងការចូលរួមពីដៃគូមុនៗ សរបញ្ជាក់ពីទំនុកចិត្តរបស់ពួកគាត់កន្លងមក លើការរៀបចំរបស់យើង។ មួយវិញទៀត ឆ្នាំនេះ យើងអនុវត្តគោលការណ៍ថ្មីក្នុងការដាក់រឿង ដោយការយឺតយ៉ាវត្រូវបង់ថ្លៃបន្ថែម ដើម្បីបិរច្ចាគគាំទ្រដល់ មហោស្រព។ ទោះយ៉ាងណា មហោស្រពនឹងរៀបចំវគ្គបណ្តុះបណ្តាល់ខ្លីៗ តាមរយៈ«កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» នៅពេលខាងមុខ ដើម្បីបំប៉នជំនាញដល់សមិទ្ធករថ្មោងថ្មី ដែលចង់បង្ហាញស្នាដៃក្នុងវិស័យនេះ»។

លោក ស៊ុំ ស៊ីថែន
ដោយសារមហោស្រពត្រូវបានរៀបចំដោយ «ក្រុមភាពយន្តឈូករ័ត្ន» លោក អ៊ុង ស៊ីវថុង ប្រធានក្រុមក៏បានបង្ហើបដែរថា៖ «CSFF ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិថីផលិតភាពយន្តរបស់ខ្ញុំ។ ក្នុងឆ្នាំ២០២២ ខ្ញុំបាទ បានចូលរួមជាប្រធានផ្នែកផលិត ហើយមានឱកាសដកពិសោធរៀបចំមហោស្រព ពីក្រោយឆាក។ តួនាទីនេះនាំឱ្យខ្ញុំមើលឃើញ ទិដ្ឋភាពថ្មីមួយ ពីរបៀបរៀបចំមហោស្រព និងសារៈសំខាន់របស់មហោស្រព។ រួចមក ក្នុងឆ្នាំ២០២៤ ខ្ញុំបានដាក់ភាពយន្តខ្លី ដែលខ្ញុំសហដឹកនាំ «ស្នេហ៍គ្មានស្តង់ដារ» ហើយក៏បានជាប់ក្នុងការចាក់បង្ហាញ។ ខណៈពេលរំលឹកខ្ញុំបាទឱ្យយល់ពីឥទ្ធិពលនៃ វេទិកាដែលជឿជាក់លើអ្នកមានស្នាដៃថ្មីថ្មោង។ ឆ្នាំនេះ ខ្ញុំត្រឡប់មកវិញ ដោយសារចង់រៀនបន្ថែម និងជំរុញខ្លួនឱ្យកាន់តែឆ្នៃ ប្រឌិត និងបន្តលូតលាស់ជំនាញតាមរយៈសហគមន៍មួយនេះ។ CSFF មិនត្រឹមតែជាមហោស្រពទេ តែជាកន្លែងដែល លើកស្ទួយយុវសមិទ្ធិករយើង និងជួយឱ្យពួកយើងមានការទទួលស្គាល់ទៀត។»

លោក អ៊ុង ស៊ីវថុង
គួររំឮកផងដែរថា ម្ចាស់ជ័យលាភីភាពយន្តខ្លីឆ្នើមកាលពីឆ្នាំ២០២៣ គឺបានទៅលើភាពយន្ដមានចំណងជើងថា «Black Light» សហដឹកនាំរឿងដោយលោក ឈាន ពិសេន។ រឿងខ្លីនេះបានលើកឡើងពីខ្សែជីវិតរបស់បុរសម្នាក់ជាអ្នករើសសម្រាម ហើយតាមដានជីវិតមនុស្សដែលប្រឹងរស់នៅជុំវិញខ្លូនគាត់ ហើយឆ្លុះត្រឡប់មកខ្លួនគាត់វិញ។

ដូច្នេះប្រសិនបើប្រិយមិត្តចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀតនៅភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នកទាំងអស់គ្នាជាមួយទស្សនិកជនឱ្យបានច្រើន សូមផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវតាមរយៈ https://filmfreeway.com/CSFF ឬ http://csff.co/submission/។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖
- គេហទំព័រ៖ www.csff.co
- ទំព័រហ្វេសប៊ុក៖ https://www.facebook.com/CSFF.co/
- Telegram៖ https://t.me/csffkh
- YouTube: https://www.youtube.com/c/ChaktomukShortFilmFestival/
- TikTok: https://www.tiktok.com/@chaktomukshortfest























Account
Security
Favourite Content