កំពូលតារាភាពយន្តហុងកុង ចូវ យុនហ្វាត ឬអ្នកគាំទ្រភាពយន្តនៅកម្ពុជាស្គាល់ថាជា ស្តេចល្បែង អាចែ បានឈ្នះពានរង្វាន់ផលិតករភាពយន្តអាស៊ីប្រចាំឆ្នាំ ឬ Asian Filmmaker of the Year ពីមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសានលើកទី ២៨។

ដើម្បីអបអរជយលាភីរបស់លោក ព្រឹត្តិការណ៍មួយនេះនឹងមានការចាក់បញ្ចាំងខ្សែភាពយន្តល្បីៗបំផុតរបស់លោក រួមមានរឿង Crouching Tiger, Hidden Dragon រឿង A Better Tomorrow និងភាពយន្តដែលទើបនឹងចាក់បញ្ចាំងថ្មីៗ One More Chance ជាដើម។ បើយោងតាមសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារបានឱ្យដឹងថា លោក ចូវ នឹងទៅទទួលពានផលិតករភាពយន្តប្រចាំឆ្នាំប្រចាំទ្វីបអាស៊ីដោយផ្ទាល់នៅក្នុងពិធីបើកមហោស្រពភាពយន្តនេះ។
ស្របពេលជាមួយគ្នានេះដែរ លោក Kevin Yeung Yun-hung លេខាធិការទទួលបន្ទុកវប្បធម៌ កីឡា និងទេសចរណ៍ហុងកុង បានចេញសារអបអរសាទរលោក ចូវ ចំពោះអាជីពភាពយន្តដ៏ឆ្នើមរបស់គាត់។
មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសានលើកទី ២៨ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី ៤-១៣ខែតុលា និងមានវត្តមាន ភ្ញៀវអន្តរជាតិក្នុងវិស័យភាពយន្តល្បីៗជាច្រើនរួមមាន Luc Besson ផលិតករភាពយន្តជប៉ុន Hirokazu Kore-eda និង Ryusuke Hamaguchi ផលិតករភាពយន្តកូរ៉េ-អាមេរិក Lee Isaac Chung និង Justin Chon និងតារាសម្តែងចិន Fan Bingbing។

មហោស្រពនេះដែរ នឹងសម្ពោធជាមួយនឹងការចាក់បញ្ចាំងជាលើកដំបូងនៃរឿង #I Hate Korea របស់ផលិតករ Jang Kun-jae ដែលជាសាច់រឿងកែសម្រួលពីប្រលោមលោកដ៏ពេញនិយមរបស់ Chang Kang-myoung និងបិទជាមួយនឹងភាពយន្តរបស់ផលិតករភាពយន្តចិន Ning Hao គឺរឿង The Movie Emperor៕






















Account
Security
Favourite Content