អ្នកគ្រូ ម៉ូវ សុផាន់ ដែលមានជំងឺខូចតម្រងនោម ពេលនេះមានក្ដីសង្ឃឹមឡើងវិញហើយក្រោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្ដម ហ៊ុន ម៉ានី និងក្រុមការងារបានសង្គ្រោះ និងចេញមុខរ៉ាប់រងការព្យាបាល វះកាត់ ដើម្បីឲ្យអ្នកគ្រូជាសះស្បើយ ហើយអាចទៅបង្រៀនដូចដើមបាន។ អ្នកគ្រូ ម៉ូវ សុផាន់ ដែលកាលពីឆ្នាំ ២០២៣ ល្បីល្បាញខ្លាំង ធ្លាប់ជាបេក្ខភាពបវរកញ្ញាតំណាងឲ្យខេត្តស្ទឹងត្រែង ហើយទទួលបានការចាប់អារម្មណ៍ដោយសារ ការតស៊ូមិនចុះចាញ់ ព្រោះបណ្ដើរម៉ូតូអស់សាំងនៅតាមផ្លូវពេលទៅយកឈុត អំឡុងកាលពេលប្រកួតប្រជែង។

ក្រោយប្រកួតប្រជែងសម្រស់ ២ ឆ្នាំកន្លងទៅ ម៉ូវ សុផាន់ តស៊ូដើម្បីប្រឡងធ្វើជាគ្រូ បានជោគជ័យពិតមែន។ ដូចពាក្យគេតែងនិយាយថា ជីវិតជាការតស៊ូ ដោយក្រោយកាលប្រកួតឆ្នាំ ២០២៣ ទោះមិនបានលទ្ធផលអ្វី តែនាងបានខិតខំរៀន និងប្រឡងជាប់គ្រូកិច្ចសន្យា កាលពីឆ្នាំ ២០២៥ ដែលជាអាជីពល្អ សមរម្យ និងមានកិត្តិយសក្នុងសង្គមមិនបានប៉ុន្មានផង ម៉ូវ សុផាន់ ក៏បន្តជួបទុក្ខធំក្នុងជីវិត។
ដោយអ្នកគ្រូ សុផាន់ ត្រូវបានរកឃើញថា ខ្សោយតម្រងនោម, ជាតិពុលឡើងខ្លាំងក្នុងតម្រងនោម, ទឹកដក់ក្នុងពោះ និងក្រលៀនស្រពោន ដែលតម្រូវឲ្យត្រូវលាងឈាម ដើម្បីអាចរស់រានមានជីវិតបន្តបាន។ នៅពេលអស់លទ្ធភាពក្នុងការចំណាយព្យាបាល អ្នកគ្រូបានអំពាវនាវឲ្យថ្នាក់ដឹកនាំ សូមជួយដល់ខ្លួនផង ព្រោះអ្នកគ្រូនៅចង់បន្តជីវិត និងបង្រៀនក្មេងៗ ឲ្យកាន់តែមានអនាគតភ្លឺស្វាងថែមទៀត។


ក្រោយឃើញការអំពាវនាវរបស់អ្នកគ្រូ ម៉ូវ សុផាន់ ហើយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅយប់ថ្ងៃ ១៧ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅនោះ បានប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ របស់អ្នកគ្រូ ម៉ូវ សុផាន់។ មិនតែប៉ុណ្ណោះរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី បានបង្ហោះលើបណ្ដាញសង្គមថា “បន្ទាប់ពីក្រុមការងារបានធ្វើការទំនាក់ទំនងជាមួយ ប្អូនស្រី ម៉ូវ សុផាន់ កាលពីថ្ងៃសៅរ៍កន្លងទៅ ថ្ងៃនេះខ្ញុំបានខលដើម្បីសួរសុខទុក្ខអំពីអាការៈ និងស្ថានភាពសុខភាពបច្ចុប្បន្នរបស់ប្អូនស្រីផ្ទាល់។ ក្នុងនោះ ប្អូន បានឆ្លើយតបដោយរៀបរាប់ថា ពីដើមទីមកមានអាការៈខ្លះដែរ តែពុំសូវជាបានចាប់អារម្មណ៍ និងតាមដានឱ្យបានដិតដល់ ប៉ុន្តែលុះដល់ប្រហែលរយៈពេល២ ខែចុងក្រោយនេះ អាការៈមានការវិវត្ត ហើយបន្ទាប់ពីបានជួបពិនិត្យជាមួយគ្រូពេទ្យ ទើបបានដឹងច្បាស់ពី ស្ថានភាពជំងឺជាក់ស្ដែងស្ថិតក្នុងដំណាក់កាលបច្ចុប្បន្ន។ ដូចដែល សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេច នឹងទទួលរ៉ាប់រងលើការព្យាបាលទាំងស្រុងដល់ប្អូនស្រី រូបខ្ញុំផ្ទាល់រួមនឹងសហការី នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការជួយសម្របសម្រួល និងពិគ្រោះយោបល់ជាបន្តបន្ទាប់ លើដំណោះស្រាយនៃការព្យាបាលរបស់ប្អូនស្រី”។
ជីវិតអតីតបវរកញ្ញារូបនេះ កម្សត់ខ្លាំងណាស់ កាលប្រកួតប្រជែងសម្រស់ ពេលទៅយកឈុតទៅប្រកួត ម៉ូតូបែរជាអស់សាំងតាមផ្លូវ និងត្រូវបណ្ដើរ ហើយមិត្តភក្តិក៏ថតបង្ហោះជួយលើកទឹកចិត្តពីការតស៊ូប្រឹងប្រែងមិនចុះចាញ់ការលំបាកឡើយ” ដោយពេលនោះមានការគាំទ្រ និងស្គាល់ច្រើន៕






















































Account
Security
Favourite Content