រឿង «ដូរប្រពន្ធ» កំពុងផ្ទុះការគាំទ្រខ្លាំងនៅលើបណ្ដាញសង្គមហ្វេសបុក និង Tik Tok ដែលរឿងភាគខ្លីមួយនេះបានធ្វើឱ្យមហាជនជក់ចិត្ត និងចង់តាមដានជាខ្លាំងរហូតធ្វើឱ្យចំនួនអ្នកទស្សនាបានកើនឡើងដល់ទៅរាប់លាននាក់ក្នុង១ភាគៗ។
នាពេលថ្មីៗនេះ ផេកមួយដែលមានឈ្មោះថា ”វីរបុរសTeam” បានបង្កើតរឿងភាគមួយក្រោមចំណងជើងថា «ដូរប្រពន្ធ» ជាសាច់រឿងនិយាយពីសង្គមគ្រួសារមួយដែលមានភាពចម្រូងចម្រាស់គ្នារហូតបង្កើតបានជារឿង ដោះស្រាយមិនចេះចប់មិនចេះហើយ។ សាច់រឿងកម្សត់ ប៉ុន្តែបានបង្ហាញរូបភាពគ្រប់យ៉ាងនៅក្នុងសង្គមខ្លះ ហើយបានចាក់ទម្លុះបេះដូងមហាជនជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសបុក និង Tik Tok ជក់ចិត្តដិតអារម្មណ៍រង់ចាំតាមដានពីមួយភាគ១ ទៅមួយភាគមិនដាច់ធ្វើឱ្យសន្ទុះនៃការទស្សនាខ្សែរឿងមួយនេះកើនឡើងដល់រាប់លាននាក់។ ក្រឡេកទៅមើលតួលេខនៃអ្នកតាមដានតាំងពីភាគទី១ ដល់ភាគទី១៣ គឺសុទ្ធតែស្ថិតក្នុងខ្ទង់លានទាំងអស់ យ៉ាងតិចក៏ជាង ១ លាន និងច្រើនរហូតក៏ជិត ៥ លាននាក់ក៏មានដែរ។
មកដល់ពេលនេះ រឿង «ដូរប្រពន្ធ» បានចេញដល់ភាគទី១៣ ហើយនៅសល់តែ១ភាគទៀតប៉ុណ្ណោះដែលជាភាគបញ្ចប់។ គួរបញ្ជាក់ដែរថា រឿង«ដូរប្រពន្ធ» មិនមែនជារឿងដំបូងដែលបង្កើតឡើងនៅក្នុងផេក ”វីរបុរស Team” នោះទេ។ ផេកមួយនេះធ្លាប់បានបង្កើតរឿងមួយចំនួនដូចជា រឿង “ប្រុសចិញ្ចឹម” រឿង ”លះបង់” រឿង ”មិត្តផ្លែល្វា” រឿង អត់ចិត្តជាដើម៕