អ្នកតាមដានវិស័យខេប៉ុបនៅដើមសប្ដាហ៍នេះមានការភ្ញាក់ផ្អើលនិងជ្រួលច្របល់ជាខ្លាំងបន្ទាប់ពីលេចធ្លាយរូបថតនិងព័ត៌មានបង្ហាញថាទាយាទពីត្រកូល Chaebol (គ្រួសារដែលកាន់កាប់ក្រុមហ៊ុនធំៗបំផុតនៅកូរ៉េខាងត្បូង) នឹងឈានជើងចូលក្នុងវិស័យនេះក្នុងនាមជាសមាជិកក្រុមចម្រៀង។

រូបថតពីរសន្លឹកបានផ្ទុះការចែករំលែកខ្លាំងនៅលើអ៊ីនធឺណិតកាលពីថ្ងៃចន្ទដែលហាក់ដូចជាបង្ហាញពី Trainee នៅ The Black Label (ក្រុមហ៊ុនបុត្រសម្ព័ន្ធ YG) ដោយក្នុងនោះរួមមានតារាសម្តែង និងម៉ូដែល Ella Gross អ្នកបង្ហាត់រាំឈ្មោះ Bailey Sok និងទាយាទក្រុមហ៊ុន Shinsegae ឈ្មោះ Annie Moon។ ក្រោយមក The Black Label បានបញ្ជាក់ថារូបថតទាំងនេះមិនត្រូវបានបញ្ចេញជាផ្លូវការដោយក្រុមហ៊ុននោះទេ ប៉ុន្តែត្រូវបានបែកធ្លាយតាមរយៈប្រភពអនាមិក។
សូមបញ្ជាក់ថា Annie Moon គឺជាចៅស្រីរបស់ប្រធានក្រុមហ៊ុនផ្សារទំនើបដ៏ធំ Shinsegae Group គឺលោក Lee Mung-hee និងជាកូនស្រីរបស់លោក Chung Yoo-kyung ដែលជាប្រធានអាជីវកម្មហាងទំនិញរបស់ Shinsegae។ កើតក្នុងឆ្នាំ ២០០២ Moon ត្រូវបានគេរាយការណ៍ថាបានចូលរៀននៅសាកលវិទ្យាល័យ Columbia ហើយមានអ្នកតាមដានជាង ៧ម៉ឺននាក់នៅលើគណនី Instagram របស់នាង។ ប្រសិនបើនាង Debut ក្នុងនាមជាសមាជិកក្រុមចម្រៀងនារី នោះនឹងក្លាយជាករណីកម្រមួយដែលសមាជិកនៃគ្រួសារ Chaebol បានក្លាយជាសិល្បករ K-pop ។

សម្រាប់តារាម៉ូដែល Ella Gross គឺត្រូវបានគេស្គាល់នៅឆ្នាំ ២០១៨ បន្ទាប់ពីមានការប្រកាសថានាងបានចូលរួមជាមួយ The Black Label នៅអាយុត្រឹមតែ ១០ ឆ្នាំ។ រូបថតរបស់នាងរួមគ្នាជាមួយសមាជិកក្រុម Blackpink ត្រូវបានផុសលើអ៊ីនធឺណិតក្នុងឆ្នាំដដែល ហើយអ្នកគាំទ្រដាក់រហស្សនាម Gross ថាជា “ប្អូនស្រីតូចរបស់ Jennie” ដោយសារនាងមានមុខមាត់ស្រដៀងនឹងសមាជិកក្រុម Blackpink រូបនេះ។
ចំណែក Bailey Sok ជាអ្នករាំអាជីព និងជា influencer ម្នាក់ និងត្រូវបានអ្នកគាំទ្រ K-pop ស្គាល់ថាជាអ្នកបង្ហាត់រាំឱ្យក្រុមល្បីៗដូចជា Red Velvet, Taeyang និង Jimin ក្រុម BTS ជាដើម។
ក្នុងចំណោមពួកគេ មានតែ Gross ប៉ុណ្ណោះដែលមានឈ្មោះជា Trainee ផ្លូវការនៅលើគេហទំព័ររបស់ The Black Label ហើយក្រុមហ៊ុននេះមិនបានធ្វើការបកស្រាយបន្ថែមនោះទេ នៅពេលអ្នកកាសែតចោទសួរថាអ្នកប៉ុន្មានរូបនេះនឹងបង្ហាញខ្លួនជាក្រុមចម្រៀងនារីឬក៏អត់។
គួរបញ្ជាក់ដែរថា The Black Label គឺជាទីភ្នាក់ងារដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយផលិតករដៃមាសចាស់វស្សារបស់ YG Entertainment គឺ Teddy ដែលធ្លាប់ផលិត និងសហការនិពន្ធបទចម្រៀងសម្រាប់ក្រុមធំៗរួមមានក្រុម Blackpink, Big Bang, 2NE1 និងសិល្បករទោល Lee Hi និង Jeon Somi។ បច្ចុប្បន្ន ទីភ្នាក់ងារនេះមានអ្នកសិល្បៈ K-pop រួមមាន Taeyang, Jeon Somi និង Zion.T ព្រមទាំងតារាសម្ដែងដូចជា Park Bo-gum ជាដើម ៕























Account
Security
Favourite Content