២០២៥នឹងជាឆ្នាំដ៏គួរឱ្យរំភើបមួយទៀតសម្រាប់អ្នកគាំទ្រខេប៉ុបទូទាំងពិភពលោក ខណៈមហាអំណាច K-pop ទាំងបួនរួមមាន YG Entertainment, HYBE, SM Entertainment និង JYP Entertainment បាននិងកំពុងត្រៀមខ្លួនជាស្រេចសម្រាប់បេសកកម្មឆ្នាំ២០២៥ ដែលមានទាំងការវិលត្រលប់ជាក្រុមពេញលេញ និងដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកទ្រង់ទ្រាយធំជាច្រើន។
YG Entertainment
រយៈពេលប្រហែល ៣ ឆ្នាំហើយដែលក្រុមចម្រៀងស្រីរបស់ YG Entertainment BLACKPINK មិនបានចេញអាល់ប៊ុមចម្រៀងរួមគ្នា បន្ទាប់ពីការចេញអាល់ប៊ុមចុងក្រោយមានចំណងជើងថា “Born Pink” ។ ទោះបីជាសមាជិកទាំង ៤ រួមមាន Rose, Jennie, Lisa និង Jisoo បានបន្តកុងត្រាថ្មីជាមួយ YG ក៏ដោយ ប៉ុន្តែមួយរយៈចុងក្រោយពួកគេម្នាក់ៗបាននិងកំពុងផ្តោតលើសកម្មភាពទោលរៀងៗខ្លួននៅក្រោមក្រុមហ៊ុនដាច់ដោយឡែក។
ប៉ុន្តែនៅឆ្នាំ២០២៥ នេះ BLACKPINK បានគ្រោងនឹងធ្វើការវិលត្រលប់ជុំគ្នាឡើងវិញជាក្រុមពេញលេញ ដោយទទួលបានការទន្ទឹងរង់ចាំខ្ពស់ពីអ្នកគាំទ្រទូទាំងពិភពលោក។ ប្រធានផលិតករ និងជាស្ថាបនិករបស់ YG Entertainment លោក Yang Hyun-suk បានប្រកាសកាលពីខែកក្កដាឆ្នាំមុនថា នៅឆ្នាំ ២០២៥ សិល្បករជាច្រើនរបស់ខ្លួននឹងមានសកម្មភាពព្រមៗគ្នា ហើយវានឹងក្លាយជាឆ្នាំដែលការត្រលប់មកវិញរបស់ BLACKPINK និងការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេចាប់ផ្តើមម្ដងទៀត។
ទោះយ៉ាងណា ព័ត៌មានលម្អិត និងពេលវេលានៃការចេញអាល់ប៊ុមថ្មីរបស់ក្រុម និងការប្រគំតន្ត្រីទេសចរណ៍នេះមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ខណៈការត្រលប់មកវិញរបស់ក្រុមនារីមួយនេះត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់ YG នៅឆ្នាំ២០២៥។
ជាមួយគ្នានោះ YG ក៏គ្រោងនឹងចេញអាល់ប៊ុមថ្មីសម្រាប់ក្រុមបុរសរបស់ខ្លួនគឺ TREASURE ផងដែរបន្ទាប់ពីមានការផ្លាស់ប្ដូរអ្នកដឹកនាំក្រុម ដោយ Choi Hyun-suk និង Jihoon នឹងប្រគល់តំណែងអ្នកដឹកនាំក្រុមរបស់ពួកគេទៅឱ្យ Junkyu និង Asahi ហើយក្រុមរបស់ពួកគេនឹងមានអាល់ប៊ុមតូចថ្មីគ្រោងចេញនៅខែកុម្ភៈ និងអាល់ប៊ុមពេញនៅខែកក្កដា ឬសីហា ព្រមជាមួយព្រឹត្តិការណ៍ផ្សេងៗ រួមទាំងការប្រគំតន្ត្រីទេសចរណ៍ពិភពលោកនៅក្នុងតុលា។
HYBE
ចាប់តាំងពីសមាជិក BTS បានចាប់ផ្តើមកាតព្វកិច្ចយោធារបស់ពួកគេម្តងម្នាក់ៗក្នុងឆ្នាំ ២០២២ ផលិតកម្ម BigHit Music ដែលជាបុត្រសម្ព័ន្ធរបស់ HYBE ក៏បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញចន្លោះដោយបានចេញអាល់ប៊ុមទោលដែលសមាជិកបានថតទុកមុនពេលចូលបម្រើជាតិ។
Jungkook និង Jimin បានគ្របដណ្តប់តារាងតន្ត្រីក្នុងស្រុក និងពិភពលោកជាមួយនឹងអាល់ប៊ុមរបស់ពួកគេមានចំណងជើងថា “Golden” និង “Muse” ទោះបីជាកំពុងបម្រើក្នុងជួរយោធាក៏ដោយ។ ដោយឡែក Jin និង J-hope បានចាប់ផ្ដើមការងារទោលរបស់ពួកគេវិញហើយ បន្ទាប់ពីបានបញ្ចប់កាតព្វកិច្ចកាលពីឆ្នាំមុន។
ក្រោយរយៈពេលប្រហែល ៣ ឆ្នាំ សមាជិកទាំង ៧ នាក់នឹងត្រូវបញ្ចប់កាតព្វកិច្ចទាំងអស់គ្នា ដោយ RM, Suga, V, Jimin និង Jungkook គឺជាសមាជិកចុងក្រោយដែលនឹងត្រូវចេញពីជួរកងទ័ពនៅខែមិថុនានេះ ហើយការវិលត្រលប់ជាក្រុមរបស់ពួកគេត្រូវបានរំពឹងថានឹងកើតឡើងក្នុងឆ្នាំ២០២៥នេះ បើសិនជាគ្មានការផ្លាស់ប្ដូរ។
ភ្នាក់ងារក្រោម HYBE មួយទៀតគឺ Pledis Entertainment នឹងមានគម្រោងធំៗដូចជាក្រុម Seventeen នឹងបញ្ចប់ដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Right Here” នៅឆមាសទីមួយឆ្នាំនេះ ហើយគ្រោងនឹងសម្តែងនៅឯមហោស្រពតន្ត្រី Tecate Pa’l Norte របស់ប្រទេសម៉ិកស៊ិកក្នុងខែមេសា។
ដោយឡែក NewJeans មកពីក្រុមហ៊ុនបុត្រសម្ព័ន្ធ HYBE មួយផ្សេងទៀតគឺ Ador ត្រូវបានគេរំពឹងថានឹងឆ្លងកាត់ការតស៊ូផ្លូវច្បាប់ជាមួយទីភ្នាក់ងាររបស់ខ្លួន បន្ទាប់ពីសមាជិកទាំង ៥ បានប្រកាសបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់ខ្លួននៅក្នុងខែវិច្ឆិកា ប៉ុន្តែខាងក្រុមហ៊ុនបានបដិសេធ។
SM Entertainment
SM Entertainment ត្រូវបានគេស្គាល់ថាជាសសរស្តម្ភដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ K-pop ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥។ ក្រុមហ៊ុនបានផលិតសិល្បករ K-pop ជំនាន់ដំបូងដូចជា H.O.T និង S.E.S ហើយក៏បន្តភាពជោគជ័យរបស់ខ្លួនជាមួយនឹងតារាជំនាន់ទី ៥ដូចជា aespa និង NCT
ក្នុងខែកុម្ភៈឆ្នាំនេះ SM នឹងប្រារព្ធខួបលើកទី ៣០ របស់ខ្លួន ជាមួយនឹងការប្រគំតន្ត្រីធំរយៈពេលពីរថ្ងៃគឺ “SM Town Live 2025” ។ ការប្រគំតន្ត្រីដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ១១ ខែមករា និងថ្ងៃទី ១២ ខែមករា នៅ Gocheok Sky Dome ក្នុងសង្កាត់ Guro ទីក្រុងសេអ៊ូល នឹងអញ្ជើញសិល្បករសំខាន់ៗដែលស្ថិតនៅក្រោម SM ជាច្រើនទសវត្សរ៍កន្លងមក ដូចជា Tony An មកពី H.O.T. និង Bada មកពី S.E.S. BoA និង TVXQ ក៏ដូចជា Red Velvet, NCT 127, aespa និងសិល្បករនិម្មិតដំបូងគេគឺ Naevis ។
ការប្រគំតន្ត្រីនឹងចាប់ផ្តើមនៅទីក្រុងសេអ៊ូល ហើយបន្ទាប់មកនឹងមានការប្រគំតន្ត្រីទេសចរណ៍នៅទីក្រុងចំនួនបួនទៀត ដូចជាទីក្រុងម៉ិកស៊ិក ឡូសអេនជឺលេស ឡុងដ៍ និងតូក្យូ រហូតដល់ខែសីហា។ នៅឆ្នាំនេះដែរ SM ក៏គ្រោងនឹងបង្ហាញខ្លួនក្រុមចម្រៀងស្រីថ្មីជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៥ ឆ្នាំ ខណៈក្រុមចម្រៀងអង់គ្លេសដំបូងបង្អស់របស់ពួកគេគឺ dearALICE ក៏គ្រោងបង្ហាញខ្លួនផ្លូវការក្នុងឆ្នាំនេះដូចគ្នា។
JYP Entertainment
បើកក្បាលឆ្នាំ២០២៥ JYP Entertainment បានបង្ហាញខ្លួនក្រុមចម្រៀងបុរសថ្មីរបស់ខ្លួនមួយហើយគឺក្រុម KickFlip ដែលមានសមាជិកសរុប ៧ នាក់។ បន្ទាប់ពីបទចម្រៀងបង្ហាញខ្លួនដំបូងរបស់ពួកគេមានចំណងជើងថា “Umm Great” បានចេញកាលពីថ្ងៃទី៦ ខែមករា មីនីអាល់ប៊ុមដំបូងរបស់ពួកគេមានចំណងជើងថា “Flip it, Kick it!” នឹងចេញនៅថ្ងៃទី២០ ខែមករា។
ក្នុងឆ្នាំនេះដែរ JYP ក៏នឹងដំណើរការការប្រគំតន្ត្រីធំៗទូទាំងពិភពលោកសម្រាប់សិល្បករល្បីៗដូចជា Stray Kids និង Day6។ ក្រុមចម្រៀងបុរស Stray Kids ដែលបានសាងជោគជ័យជាប្រវត្តិសាស្ត្រក្លាយជាសិល្បករដំបូងគេដែលមានអាល់ប៊ុម ៦ ជាប់គ្នាឈរនៅលើកំពូលតារាង Billboard 200 នឹងចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោកកាន់តែធំ ដោយនឹងចាប់ផ្តើមការប្រគំតន្ត្រី ” dominATE” ជុំទី២ នៅក្នុងខែមីនា ដោយបន្ថែមគោលដៅនៅអាមេរិកឡាទីនចំនួន ៥ និងតំបន់អឺរ៉ុបចំនួន ៥ រួមជាមួយនឹងទីក្រុងចំនួន ១០ នៅអាមេរិកខាងជើង។ ដំណើរប្រគំតន្ត្រីទេសចរណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញទស្សនិកជនជាមធ្យមចំនួន ៥ ម៉ឺននាក់ក្នុងមួយកម្មវិធី ខណៈអ្នកចូលរួមសរុបអាចនឹងជិត ១ លាននាក់។
ចំណែកក្រុម Day6 ក៏គ្រោងនឹងរៀបចំការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ខ្លួន ដើម្បីពង្រីកមូលដ្ឋានអ្នកគាំទ្រទូទាំងពិភពលោក ដោយធ្វើដំណើរទៅកាន់ទីក្រុងនានាដូចជា ហ្សាកាតា អូសាកា ម៉ានីល ស៊ីដនី ឡូស អាន់ជឺឡេស និងញូវយ៉ក ពេញមួយខែឧសភា សម្រាប់ដំណើរទេសចរណ៍ពិភពលោកលើកទីបី “Forever Young” ដែល ចាប់ផ្តើមនៅខែកញ្ញានៅ Incheon ៕