ទិន្នន័យពីក្រុមហ៊ុន Walt Disney បានបង្ហាញថាភាពយន្ត “Avatar: The Way of Water” អាចរកចំណូលបានប្រហែល ៤៣៥ លានដុល្លារពីការបញ្ចាំងជុំវិញពិភពលោកកាលពីចុងសប្ដាហ៍ ដោយក្នុងនោះចំណូលនៅសហរដ្ឋអាមេរិក និងកាណាដាគឺប្រមាណ ១៣៤ លានដុល្លារ។

ប្រៀបធៀបនឹងការព្យាករណ៍កន្លងមក តួលេខនេះហាក់ទាបជាងការរំពឹងទុក តែភាពយន្តនេះនៅតែជាភាពយន្តដែលអាចរកចំណូលក្នុងសប្ដាហ៍ដំបូងបានខ្ពស់បំផុតលំដាប់ទី៣ ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩មក។
អ្នកជំនាញពី Box office បាននិយាយថាភាពយន្ត “The Way of Water” នៅមានឱកាសទាក់ទាញទស្សនិកជនជាលក្ខណៈគ្រួសារយ៉ាងច្រើនក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំសកលខាងមុន ខណៈមិនមានភាពយន្តធំៗចេញប្រកួតប្រជែងឡើយរហូតដល់ខែកុម្ភៈ។
មិនខុសពីខ្សែភាពយន្តផ្សេងៗទៀតរបស់អ្នកដឹកនាំ James Cameron កន្លងមកទេ “The Way of Water” ត្រូវបានបង្កើតឡើងសម្រាប់ការបញ្ចាំងរយៈពេលវែង ដូច្នេះលទ្ធផលមិនអាចវាយតម្លៃបាននៅសប្ដាហ៍ដំបូងឡើយ ព្រោះចំណូលអាចកើនជាលំដាប់។
ខណៈដែលខាងផលិតកម្មត្រូវបែងចែកចំណូលពីការលក់សំបុត្រជាមួយរោងកុន អ្នកដឹកនាំរឿងលោក Cameron បាននិយាយថាភាពយន្តដែលចេញវគ្គដំបូងតាំងពីឆ្នាំ២០០៩នេះ នឹងត្រូវរកចំណូលឱ្យបានយ៉ាងហោច ២ ពាន់លានដុល្លារទើបអាចរកឃើញប្រាក់ចំណេញ។
ភាពយន្ត “Avatar” វគ្គដំបូងបានទាក់ទាញទស្សនិកជនជាមួយនឹងបច្ចេកវិទ្យា 3D ដែលជាបច្ចេកវិទ្យាថ្មីសម្រាប់ពេលនោះ ហើយបច្ចុប្បន្នរឿងនេះនៅតែជារឿងដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងការលក់សំបុត្រទូទាំងពិភពលោកចំនួន 2.9 ពាន់លានដុល្លារ។ បច្ចុប្បន្ន លោក Cameron បានថតរឿង “Avatar” វគ្គទី ៣ រួចរាល់ហើយ និងវគ្គ ៤ កំពុងចាប់ផ្ដើមថតផ្នែកខ្លះៗ ៕


























Account
Security
Favourite Content