ទោះបីអាល់ប៊ុមថ្មីរបស់ក្រុម BTS ដែលមានចំណងជើងថា “ARIRANG” មិនទាន់ត្រូវបានបញ្ចេញជាផ្លូវការក៏ដោយ ប៉ុន្តែស្នាដៃថ្មីនេះបានបង្កើតកំណត់ត្រាពិភពលោកថ្មីរួចជាស្រេចទៅហើយ។

យោងតាមប្រភពទិន្នន័យពី Chart Data បានបង្ហើបឱ្យដឹងថា មកទល់ថ្ងៃទី២០ ខែមករានេះមានអ្នកប្រើប្រាស់កម្មវិធី Spotify បានចុច Pre-save ដើម្បីរង់ចាំស្តាប់អាល់ប៊ុមនេះលើសពី ២ លានដង ដែលនេះជាអាល់ប៊ុមដំបូងបង្អស់របស់សិល្បករ K-pop ដែលមានអ្នករង់ចាំស្តាប់ច្រើនបំផុតដល់កម្រិតនេះ។
ចំនួននៃការចុច Pre-save ជាង ២.០២ លានដង នេះ បានកើតឡើងក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីការប្រកាសដាក់ឱ្យ Pre-save ជាលើកដំបូងកាលពីថ្ងៃទី ១៦ ខែមករា។ បច្ចុប្បន្ន អាល់ប៊ុម “ARIRANG” ក៏កំពុងឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងតារាង Top 10 Countdowns ដែលជាតារាងចំណាត់ថ្នាក់អាល់ប៊ុមដែលមានអ្នកទន្ទឹងរង់ចាំស្តាប់ច្រើនបំផុតនៅលើ Spotify ផងដែរ។
សូមបញ្ជាក់ថា “ARIRANG” គឺជាស្នាដៃជាក្រុមថ្មីដំបូងរបស់ BTS ក្នុងរយៈពេល ៣ ឆ្នាំ ៩ ខែ ដោយពួកគេនឹងបញ្ចេញបទចម្រៀងសរុបចំនួន ១៤ បទ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦។ នៅក្នុងអាល់ប៊ុមនេះ សមាជិកម្នាក់ៗបានចូលរួមយ៉ាងសកម្មក្នុងការនិពន្ធ និងផលិតបទចម្រៀង ដើម្បីបង្ហាញពីមនោសញ្ចេតនារបស់ពួកគេចំពោះហ្វេនៗ (ARMY) ក្តីស្រឡាញ់ចំពោះតន្ត្រី និងការផ្សារភ្ជាប់ទៅនឹងឫសគល់នៃវប្បធម៌កូរ៉េ។
ការវិលត្រឡប់មកវិញជាមួយអាល់ប៊ុម “ARIRANG” គឺជាការជួបជុំគ្នាពេញលេញជាលើកដំបូងរបស់សមាជិកទាំង ៧ រូប បន្ទាប់ពីពួកគេបានបញ្ចប់កាតព្វកិច្ចយោធាជាស្ថាពរនៅពាក់កណ្តាលឆ្នាំ ២០២៥។ អាល់ប៊ុមនេះតំណាងឱ្យ “ការចាប់ផ្តើមនៃជំពូកថ្មី” និងការដឹងគុណចំពោះអ្នកគាំទ្រដែលបានរង់ចាំអស់រយៈពេលជិត ៤ ឆ្នាំ។
ក្រៅពីអាល់ប៊ុមថ្មីដែលមាន ១៤ បទ BTS ក៏គ្រោងនឹងបើកយុទ្ធនាការ World Tour ដ៏ធំសម្បើមក្នុងខែមេសា ឆ្នាំ ២០២៦ ដើម្បីអបអរសាទរការវិលត្រឡប់មកកាន់ឆាកតន្ត្រីពិភពលោកវិញក្នុងនាមជាក្រុមចម្រៀងប៉ុបលំដាប់កំពូល ៕
























Account
Security
Favourite Content