ចាត់ទុកថាជាព័ត៌មានចម្រូងចម្រាសធំមួយសម្រាប់ខ្សែភាពយន្ត Superhero ពីចក្រវាឡ DC គឺ Aquaman ដោយបន្ទាប់ពីបានចេញផ្សាយ Trailer ដំបូងសម្រាប់ភាគថ្មី Aquaman and the Lost Kingdom ដែលគ្រោងនឹងចេញផ្សាយនៅចុងខែធ្នូ ក៏មានលេចធ្លាយឯកសារពីការកាត់ក្តីរវាងតារាសម្តែង Amber Heard និងអតីតស្វាមី Johnny Depp បង្ហាញថាបរិយាកាសក្នុងការថតរឿង Aquaman មានភាពមិនប្រក្រតីនោះទេ ហើយ Amber មានអារម្មណ៍ថានាងមិនបានទទួលការគាំទ្រសមរម្យពីអ្នកដឹកនាំរឿងឡើយ។

Amber បានបន្ថែមថា នាងត្រូវបានអ្នកដឹកនាំរឿងលោក James Wan ធ្វើបាបយ៉ាងធ្ងន់ធ្ងរ ហើយឈុតឆាករបស់នាងត្រូវបានគេកាត់ចោលច្រើនខ្លាំង។ ការលើកឡើងនេះក៏ស្របតាម Trailer ភាពយន្តដែលបានចេញផ្សាយដែរ ដោយក្នុងនោះឈុតឆាកសម្ដែងរបស់តួអង្គ Mera គឺមានតែមួយវិនាទីប៉ុណ្ណោះ ធ្វើឲ្យអ្នកទស្សនាសង្ស័យថា អាចមកពីរឿងក្ដីក្ដាំរបស់នាង។ ប៉ុន្តែកន្លងមកអ្នកដឹកនាំរឿងធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថាតួអង្គរបស់នាងនឹងមានតួនាទីតិចជាងមុន ព្រោះសាច់រឿងនៅក្នុងវគ្គនេះនឹងផ្តោតលើការប្រយុទ្ធរវាង Arthur (Aquaman) និង Orm ច្រើនជាង ហើយអ្នកតំណាងមកពី DC បានចេញមកនិយាយថាអ្នកដឹកនាំ James បានបង្កើតបរិយាកាសការងារល្អ និងគោរពមនុស្សគ្រប់រូបដោយគ្មានករណីលើកលែងឡើយ។
ទន្ទឹមនឹងនោះក៏មានការលាតត្រដាងដ៏គួរឱ្យភ្ញាក់ផ្អើលពាក់ព័ន្ធការដែលថា Amber នៅតែមានមុខក្នុងវគ្គបន្ត ដោយប្រភពព័ត៌មាន Variety បានទម្លាយថាបន្ទាប់ពីខ្សែភាពយន្តដំបូងត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១៨ ស្ទូឌីយោបានសម្រេចចិត្តដកនាងចេញដោយសារតែតួអង្គទាំងពីរមើលទៅមិនសូវសមគ្នា ដោយមិនពាក់ព័ន្ធរឿងក្ដីក្ដាំរបស់នាងនោះទេ។ ទោះយ៉ាងណា អតីតមិត្តប្រុសរបស់ Amber គឺមហាសេដ្ឋី Elon Musk បានផ្ញើលិខិតគំរាមមួយច្បាប់ទៅកាន់ស្ទូឌីយោ Warner Bros. ដោយបញ្ជាក់ថា ពួកគេនឹងមានបញ្ហា ប្រសិនបើពួកគេមិនឱ្យនាងចូលសម្តែងវិញ។ នៅទីបញ្ចប់ តារាស្រីរូបនេះបានបន្តលេចមុខក្នុងរឿង Aquaman ជាថ្មី។

ទោះយ៉ាងណាបញ្ហានេះប្រហែលជាមិនបញ្ចប់ងាយៗនោះទេ ហើយប្រហែលជាត្រូវចំណាយពេលយូរទៀតទម្រាំអ្នកគាំទ្រទទួលបានភាពច្បាស់លាស់លើបញ្ហាទាំងអស់។ ដូច្នេះពិតជាគួរឱ្យចាប់អារម្មណ៍ក្នុងការតាមដានថាតើ Aquaman and the Lost Kingdom ដែលនឹងចេញផ្សាយនៅឆ្នាំនេះនឹងទៅជាយ៉ាងណា ឬនឹងមានរឿងចម្រូងចម្រាសអ្វីបន្តទៀតក្រោយចាក់បញ្ចាំង គឺមានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា ៕


























Account
Security
Favourite Content