Karina សមាជិកក្រុម aespa ដែលធ្លាប់តែជាប់លេខកំពូលៗក្នុងបញ្ជីចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះតារា K-pop ប្រចាំខែ ពេលនេះបានជួបប្រទះនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់សម្រាប់ខែមិថុនា។
យោងតាម Allkpop ថ្មីៗនេះ នាងត្រូវបានគេប្រទះឃើញធ្លាក់ពីចំណាត់ថ្នាក់លេខ ៤ កាលពីខែមុនមកនៅលេខ ២៦ ក្នុងបញ្ជីចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះរបស់តារាស្រីខេប៉ុបប្រចាំខែមិថុនា។ អ្នកលេងអ៊ីនធឺណិតកូរ៉េបានដាក់ការសង្ស័យថាការធ្លាក់ចុះយ៉ាងលឿននេះគឺដោយសារព័ត៌មានចម្រូងចម្រាសនយោបាយ ពាក់ព័ន្ធរូបថតដែលនាងបង្ហោះតាមអ៊ីនធឺណិតកាលពីខែឧសភា។

ក្នុងការបង្ហោះ Instagram ដែលពេលនេះត្រូវបានលុបបាត់ទៅហើយ Karina បានពាក់អាវរងាខ្មៅមានក្រឡាពណ៌ក្រហម ដែលមានលេខ “២” នៅពីលើ អមដោយ emoji រូបផ្កាកុលាប។ ខណៈដែលរូបភាពនេះមើលទៅគ្រាន់តែជារូបភាពធម្មតា ប៉ុន្តែពេលវេលាក្នុងការបង្ហោះ និង សញ្ញាពាក់ព័ន្ធនានាបានបង្កឱ្យមានការសង្ស័យជាច្រើន។ នៅក្នុងការបោះឆ្នោតនាពេលនោះ លោក Kim Moon-soo បេក្ខជននៃគណបក្សអំណាចប្រជាជនអភិរក្សនិយម (PPP) ប្រើប្រាស់ពណ៌ក្រហម និងមានលេខរៀងទី ២។ អ្នកលេងអ៊ីនធឺណិតជាច្រើនបានបកស្រាយការបង្ហោះរបស់នាងថាជាសេចក្តីថ្លែងការណ៍នយោបាយបែបស៊ីជម្រៅ ខណៈក្នុងអំឡុងពេលបោះឆ្នោត តារា K-pop ត្រូវបានជំរុញឱ្យអនុវត្តតាមច្បាប់ “គ្មានពណ៌ គ្មានកាយវិការ” ដោយរាប់បញ្ចូលទាំងការជៀសវាងពណ៌គណបក្សផ្សេងៗដូចជា ក្រហម ខៀវ លឿង និងបៃតង និងចៀសវាងកាយវិការដៃដូចជាសញ្ញាសន្តិភាព ឬការលើកមេដៃ ដែលអាចត្រូវបានបកស្រាយថាជានិមិត្តសញ្ញាគាំទ្របក្សណាមួយ។
ទោះបីជាក្រោយមក Karina បានសុំទោស ហើយផលិតកម្ម SM Entertainment បានបដិសេធពីចេតនានយោបាយក៏ដោយ ក៏មនុស្សជាច្រើនជឿថា កេរ្តិ៍ឈ្មោះរបស់នាងបានរងផលប៉ះពាល់រួចហើយ។ អ្នកលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិថា “នាងបានធ្លាក់ចំណាត់ថ្នាក់លេខ ៤ ដល់លេខ ២៦។ ពិន្ទុរបស់នាងធ្លាក់ចុះសឹងតែបួនដង។ ភាពចម្រូងចម្រាសនយោបាយហាក់ដូចជាមានការប៉ះពាល់យ៉ាងខ្លាំង”។ អ្នកលេងអ៊ីនធឺណេតរូបនេះក៏ភ្ជាប់រូបថត Screenshot ចំណាត់ថ្នាក់ ដែលបង្ហាញថា Karina នៅចំណាត់ថ្នាក់ទី ២៦ បន្ទាប់ពី Mina របស់ TWICE ផងដែរ។

ការបង្ហោះនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិតកូរ៉េ ហើយមនុស្សជាច្រើនបានចូលរួមចែករំលែកគំនិតរបស់ពួកគេលើបញ្ហានេះ។ ខាងក្រោមនេះគឺសម្រង់មតិមួយចំនួន៖
“ដូច្នេះតើនេះមានន័យថា Giselle មានប្រជាប្រិយភាពជាង Karina ឥឡូវនេះមែនទេ? Lol តាមពិតចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះគ្រាន់តែជាពិន្ទុពីទិន្នន័យប៉ុណ្ណោះ។ វាមិនអាចកំណត់ Level របស់តារាទេ។”
“ការប្រតិកម្មភាគច្រើនគឺមកពីសហគមន៍ស្ត្រី និងមនុស្សដែលគិតខ្លួនឯងថានឹងធ្វើឱ្យ Karina ឈឺចាប់? គិតខុសហើយ ភ្ញាក់ខ្លួនទៅ”
“ប្រសិនបើមានការខូចខាតដោយសារភាពចម្រូងចម្រាសពិតមែន កិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្មរបស់នាងត្រូវបានលុបចោលអស់ហើយ ប៉ុន្តែជាក់ស្ដែងនាងនៅតែមានយុទ្ធនាការធំៗជាច្រើននៅឡើយ”

ងាកចេញពីរឿងចម្រូងចម្រាស ពេលនេះ Karina និងសមាជិក aespa កំពុងត្រៀមខ្លួនសម្រាប់ការវិលត្រលប់មកឆាកតន្ត្រីវិញនៅចុងខែនេះ តាមរយៈបទចម្រៀងថ្មី “Dirty Work” ដែលត្រៀមចេញនៅថ្ងៃទី២៧ ខែមិថុនានេះ ៕

























Account
Security
Favourite Content