នៅកំពង់សោមមានកោះតូចច្រឡឹងមួយនៅលើផ្ទៃនៃដែនសមុទ្ទ ដែលពុំចាំបាច់ជិះទូកក៏អាចទៅដល់បាននោះគឺ កោះរាជបុត្រ។ កោះដ៏ស្រស់ស្អាតនេះជាផ្នែកមួយនៃឧទ្យាមរាម ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដើម្បីទៅកម្សាន្តនៅរមណីយដ្ឋានកោះធម្មជាតិនេះ យើងត្រូវធ្វើដំណើរចេញពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅកាន់ឧទ្យានជាតិរាម ចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ បន្ទាប់មកយើងនឹងឃើញកូនកោះតូចមួយ បណ្ដែតខ្លួនយ៉ាងសង្ហារលើផ្ទៃសាគរ។ ប្រៀបបីដូចរាជបុត្រមួយអង្គ កោះសំពោច លយចូលក្នុងផ្ទៃសមុទ្រ ចម្ងាយប្រមាណ ១៤០ម៉ែត្រពីឆ្នេរ។ តភ្ជាប់ពីឆ្នេរមួយនេះ ស្ពានឈើមួយខ្សែបន្លាយខ្លួនអូសកាត់ទឹកសមុទ្រ រង់ចាំចម្លងអ្នកទេសចរ ទៅទស្សនាកូនកោះតូចច្រឡឹង ដែលគ្របដណ្ដប់ទៅដោយរុក្ខជាតិខៀវស្រងាត់។ ជាទីឋានដ៏សែនមនោរម្យ អមដោយស្ពានឈើព័ទ្ធជុំវិញ ដែលផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការទស្សនាទេសភាពលើដែនកោះ។
ទីនេះផងដែរក៏មានតូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរហើយក៏មានសេវាកម្មទទួលកម្មង់អាហារផងដែរ។លោកអ្នកពុំចាំបាច់បារម្មណ៍រឿងកន្លែងស្នាក់នៅឡើយ នៅទីនេះមានបឹងហ្គាឡូ មានផ្ទះសំណាក់ និងមានសណ្ឋាគារទៀតផង៕
































Account
Security
Favourite Content