ជាការពិតការរស់នៅក្នុងសង្គមចាំបាច់មនុស្សគ្រប់គ្នាត្រូវមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកអាស្រ័យទៅតាមកាលៈទេសៈ។ ក្នុងនោះការឆ្លើយតបពីមនុស្សមួយចំនួនគឺមិនអាចបានដូចអ្វីដែលយើងគិតមួយរយភាគរយនោះទេ។ ជាក់ស្ដែងមនុស្សមួយចំនួននឹងចាប់ផ្ដើមមានចិត្តស្ទាក់ស្ទើរនៅពេលដែលយើងមានធុរៈ និងត្រូវការពឹងពាក់ពួកគេម្ដងៗ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកនូវ ២ ចំណុចសម្រាប់សង្កេត ចង់ដឹងថាមនុស្សម្នាក់មានចិត្តចង្អៀត ឬទូលាយ៖
១. តើពួកគេចេះពីរបៀបដឹងគុណចំពោះអ្នកដែលបានជួយ ឬទេ?
រាល់ការផ្ដល់ជំនួយដល់អ្នកណាម្នាក់ ច្បាស់ណាស់យើងនឹងមិនអាចទាមទារ ឬទទួលបានការតបស្នងមកវិញទាំងអស់នោះទេ។ ពេលនេះគឺជាឱកាសដ៏ល្អមួយសម្រាប់សង្កេតមើលទឹកចិត្តរបស់មនុស្សដែលជិតស្និទ្ធនឹងយើងបំផុត។ ពេលខ្លះពួកគេនឹងមករាប់អានជិតស្និទ្ធនៅពេលដែលគេមើលឃើញប្រយោជន៍ណាមួយពីយើងប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលយើងត្រូវការជំនួយពីពួកគេវិញ គេនឹងមិនត្រឹមតែភ្លេចនូវការជួយរបស់យើងពីមុននោះទេ គេថែមទាំងព្យាយាមគេចវេះ និងរក្សាគម្លាតឱ្យឆ្ងាយពីយើងទៅវិញ។ ដូច្នេះហើយមនុស្សប្រភេទនោះនឹងលាតត្រដាងមុខមាត់ពិតរបស់ពួកគេជាក់ជាមិនខាន។
២. អាកប្បកិរិយានៅពេលប្រឈមនឹងផលប្រយោជន៍
ជាធម្មជាតិរបស់មនុស្សស្ទើរទាំងអស់ អាកប្បកិរិយាពិតនឹងលាតត្រដាងចេញមកនៅពេលចាប់ផ្ដើមមានទំនាស់ផលប្រយោជន៍។ ដើម្បីព្យាយាមស្រវាផលប្រយោជន៍ ពួកគេនឹងមិនខ្វល់ពីអ្វីទាំងអស់មិនថាតម្លៃនៃមិត្តភាព ពេលវេលា ឬអនុស្សាវរីយ៍ជាមួយគ្នាឡើយ។ មនុស្សប្រភេទនេះច្បាស់ណាស់នឹងមិនមានចេះបើកចិត្តទូលាយសម្រាប់មនុស្សជុំវិញខ្លួននោះទេ។ ប៉ុន្តែនៅពេលដែលប្រឈមនឹងផលប្រយោជន៍ ហើយមនុស្សម្នាក់នោះមានទំនោរគិតលើប្រយោជន៍រួមជាធំ នោះពួកគេនឹងមានចិត្តចេះជួយយកអាសានៅពេលដែលយើងមានធុរៈជាមិនខាន៕