ជាការពិតការរាប់អានមិត្តភ័ក្ដិនៅខាងក្រៅមិនមែនជារឿងលំបាកនោះទេក្នុងពេលបច្ចុប្បន្ន។ វានឹងក្លាយជារឿងដ៏លំបាកខ្លាំងក្នុងការស្មានចិត្តរបស់ពួកគេថាពិតជាស្រឡាញ់រាប់អានយើងចេញពីចិត្តមែន ឬយ៉ាងណា។ ប៉ុន្តែយើងមិនគួរឈឺក្បាលពីមនុស្សបែបនោះច្រើនទេ ឱ្យតែចេះធ្វើរឿងទាំង ៤ នេះមិនខ្វះទេអ្នកស្រឡាញ់ចូលចិត្តយើង៖
១. ចេះស្ដាប់
ការស្ដាប់គឺសកម្មភាពមួយដែលធ្វើឱ្យយើងមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនបានឆាប់រហ័ស។ ការស្ដាប់នោះដែរមិនមែនចេះស្ដាប់ធម្មតានោះទេ ពោលគឺត្រូវប្រើចិត្តស្ដាប់ដោយមិនត្រូវរំខានគេនោះទេ ហើយក៏មិនត្រូវឱ្យអ្នកណារំខានយើងដែរដើម្បីបញ្ជាក់ថាយើងពិតជាបានស្ដាប់រឿងរ៉ាវរបស់គេបានច្បាស់លាស់។ ការធ្វើបែបនេះមិនត្រឹមតែក្លាយជាមនុស្សគួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងទទួលបានការគោរព និងឱ្យតម្លៃពីមនុស្សជុំវិញខ្លួនទៀតផង។

២. បង្ហាញទង្វើយកចិត្តទុកដាក់
បើសិនជាខ្លួនយើងផ្ទាល់នៅពេលកំពុងប្រាស្រ័យទាក់ទងជាមួយអ្នកណាម្នាក់ ប៉ុន្តែពួកគេបែរជាមានកាយវិការច្រងេងងាង ឬមិនយកចិត្តទុកដាក់លើអ្វីដែលយើងនិយាយ នោះច្បាស់ណាស់នឹងមានអារម្មណ៍ថាគេហាក់ដូចជាមិនឱ្យតម្លៃយើងសោះតែម្ដង។ ដូចគ្នានេះបើសិនយើងបង្ហាញទង្វើយកចិត្តទុកដាក់ពេលអ្នកណាម្នាក់កំពុងនិយាយ ប្រាកដណាស់នឹងមានតែអ្នកចូលចិត្តចង់មកក្បែរយើង និងចាប់ផ្ដើមការសន្ទនាជាមិនខាន។
៣. កុំបំផ្លាញភាពស្ងៀមស្ងាត់
នៅពេលដែលសង្កេតឃើញថាបរិយាកាសជុំវិញខ្លួនយើងមានភាពស្ងៀមស្ងាត់ នោះមានន័យថាមនុស្សនៅទីនោះមិនត្រូវការសន្ទនា ឬសំឡេងរំខានឡើយ។ បើទោះបីជាវាអាចធ្វើឱ្យយើងមានអារម្មណ៍ថាអផ្សុក ឬស្ងាត់ខ្លាំងបន្តិចមែន ប៉ុន្តែវាមិនមែនជាសុជីវធម៌ល្អនោះទេប្រសិនបើយើងស្រាប់តែរំខានភាពស្ងៀមស្ងាត់របស់គេ។ មិនត្រឹមប៉ុណ្ណេះ វាថែមទាំងអាចធ្វើឱ្យគេវាយតម្លៃថាយើងជាមនុស្សមិនល្អ និងមិនគួរចង់ឱ្យរាប់អានទៀតផង។
៤. មិនត្រូវវិនិច្ឆ័យអ្នកណាម្នាក់
អ្វីដែលត្រូវចងចាំមួយទៀតនោះគឺមិនត្រូវវិនិច្ឆ័យអ្នកណាម្នាក់តែសម្បកក្រៅនោះទេ។ ដោយសារមនុស្សគ្រប់គ្នាមិនមានអ្នកណាម្នាក់មានភាពល្អឥតខ្ចោះសូម្បីតែយើងខ្លួនឯង ដូច្នេះប្រសិនបើចង់ឱ្យគេស្រឡាញ់រាប់អាន គោរព យកចិត្តទុកដាក់ និងឱ្យតម្លៃយើងឱ្យបានច្រើនគឺមិនត្រូវចេះតែចាំរិះគន់ចាប់កំហុសគេនោះទេ៕


























Account
Security
Favourite Content