ជឿជាក់ថាមនុស្សទាំងអស់គ្នាសុទ្ធតែចង់ឱ្យគ្រួសាររបស់ខ្លួនមានភាពកក់ក្ដៅ ស្នាមញញឹម និងសុភមង្គល។ ប៉ុន្តែរឿងទាំងអស់នេះច្បាស់ណាស់គឺអាស្រ័យលើទង្វើរបស់សមាជិកក្នុងគ្រួសារផងដែរ ហើយព្យាយាមបង្ការរឿងមិនល្អជាច្រើនដែលអាចធ្វើឱ្យគ្រួសារមានបញ្ហា។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកនូវរឿងអពមង្គលធំទាំង ៣ ដែលគ្រួសារនីមួយៗគួរជៀសវាងឱ្យបាន៖
១. ជម្លោះក្នុងគ្រួសារ
ក្នុងគ្រួសារដែលមិនមានភាពចុះសម្រុងគ្នាហើយមានតែការឈ្លោះប្រកែកគ្នា ពិតណាស់កូនៗច្រើនតែជាអ្នករងផលប៉ះពាល់ខ្លាំងជាទីបំផុត។ ក្មេងដែលធំឡើងនៅក្នុងបរិយាកាសគ្រួសារបែបនេះតែងតែខ្វះទំនុកចិត្តលើខ្លួនឯង និងឆាប់មានប្រតិកម្មចំពោះរឿងណាមួយយ៉ាងងាយ។ លើសពីនេះ ពួកគេក៏ឆាប់មានភាពភ័យខ្លាច ច្របូលច្របល់ និងមានអារម្មណ៍ថាខ្លូនមិនដែលទទួលបានក្ដីស្រឡាញ់ឡើយ។ ជាពិសេសទង្វើនៃការឈ្លោះប្រកែកបែបនឹងក្លាយជាគម្រូដែលដក់ជាប់ក្នុងខួរក្បាលជានិច្ច។
២. តឹងរ៉ឹងចំពោះកូនជ្រុលពេក
ជារឿងធម្មតាដែលឪពុកម្ដាយគ្រប់រូបចង់ឱ្យកូនៗមានអនាគតល្អ និងខ្ពស់ខ្ពស់នៅថ្ងៃមុខ។ ដូច្នេះពួកគាត់ច្រើនដាក់សម្ពាធ ភាពតឹងតែង និងក្ដីសង្ឃឹមខ្ពស់ពេកលើខ្លួនកូនរបស់គាត់។ ប៉ុន្តែការអប់រំដែលមានភាពតានតឹងខ្លាំងបែបនេះនឹងធ្វើឱ្យពួកគេមានអារម្មណ៍ថប់ដង្ហើម គ្មានសេរីភាព និងពិបាកនៅក្នុងការរស់នៅខ្លាំងមែនទែន។ ជាងនេះទៅទៀត ពួកគេនឹងមិនគំនិតច្បាស់លាស់អំពីការកំណត់គោលដៅក្នុងជីវិតផងដែរ។ ដូច្នេះក្នុងគ្រួសារក៏ច្រើនមានតែភាពសោះកក្រោះប៉ុណ្ណោះ។
៣. ការអប់រំដោយហិង្សា
ការអប់រំដោយហិង្សាមិនមែនត្រឹមត្រូវទង្វើប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះក៏មានពាក្យសម្ដីដែលត្រូវបានចាត់ទុកជាអំពើហិង្សាលើផ្លូវចិត្តរបស់កុមារផងដែរ។ ការរងរបួសផ្លូវចិត្តនឹងធ្វើឱ្យក្មេងកាន់តែបាត់បង់ភាពជាខ្លួនឯង ឆាប់តក់ស្លុត ភ័យខ្លាច និងប្រៀបដូចជារនាំងមួយដែលខណ្ឌចែកពួកគេឱ្យនៅឆ្ងាយពីមនុស្សជុំវិញខ្លួនផងដែរ។ ជាងនេះទៅទៀត ពួកគេតែងតែមានទំនោរទៅលើភាពអវិជ្ជមានច្រើន និងពិបាកក្នុងការធ្វើរឿងជាច្រើនឱ្យបានសម្រេចខ្លាំងណាស់។ ដូច្នេះនេះជាកត្តាក្នុងគ្រួសារដែលធ្វើឱ្យពួកគេកើតជំងឺផ្លូវចិត្តបានយ៉ាងឆាប់រហ័ស៕