ជាទូទៅក្នុងជីវិតមួយនេះយើងតែងតែមានជួបជាមួយមនុស្សច្រើនប្រភេទខុសៗគ្នា ហើយក៏ត្រូវប្រើវិធីសាស្រ្តក្នុងការនិយាយ និងដោះស្រាយផ្សេងគ្នាផងដែរ។ ជាពិសេសក្នុងកាលៈទេសៈដែលយើងជួបជាមួយនឹងមនុស្សដែលយើងមិនចូលចិត្តគឺពិតជាមិនងាយស្រួលក្នុងការសម្របខ្លួនឡើយ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកនូវ ៣ វិធីគួរប្រើពេលជួបជាមួយមនុស្សដែលយើងមិនពេញចិត្ត៖
១. មិនពាក់ព័ន្ធ
នៅពេលអ្នកណាម្នាក់មិនចូលចិត្តយើង នោះក្នុងក្រសែគេ និងមនុស្សជុំវិញខ្លួនពួកគេនឹងបានក្លាយខ្លួនជាមនុស្សអាក្រក់មួយផ្នែកបាត់ទៅហើយ។ ដូច្នេះហើយប្រសិនបើយើងនៅតែព្យាយាមពាក់ព័ន្ធជាមួយមនុស្សទាំងនោះមិនថាដោយផ្ទាល់ ឬប្រយោលនោះទេ វានឹងមិនមានអ្វីប្រសើរឡើងឡើយ។ ជាងនេះទៅទៀត ពួកគេមានឱកាសច្រើនក្នុងការលាបពណ៌ឱ្យយើងដែលនាំឱ្យរឿងរ៉ាវកាន់តែអាក្រក់ឡើង ហើយឈានដល់ការបង្កជម្លោះទៀតផង។ ដូច្នេះការព្យយាមនៅឱ្យឆ្ងាយ និងមិនពាក់ព័ន្ធជាមួយក្រុមមនុស្សប្រភេទគឺជារឿងល្អបំផុត។
២. កុំចាប់អារម្មណ៍
ជាទូទៅមនុស្សប្រភេទនេះតែងតែព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឱ្យយើងចាប់អារម្មណ៍ជាមួយពួកគេ ហើយពេលនោះពួកគេនឹងមានឱកាសក្នុងការបំផ្លាញអារម្មណ៍យើង និងបង្កជម្លោះជាមួយយើងបានយ៉ាងងាយ។ ដូច្នេះហើយជាជម្រើសល្អបំផុតដែលយើងបង្វែរចំណាប់អារម្មណ៍របស់យើងឱ្យឆ្ងាយពីពួកគេដោយមិនត្រឹមតែបង្ការកុំឱ្យមានជម្លោះនោះទេ ថែមទាំងចំណេញពេលវេលាផងដែរ។
៣. កុំបង្ខំខ្លួនឯង
មិនថាក្នុងកាលៈទេសៈ ឬពេលណានោះទេ ប្រសិនបើយើងជួបមនុស្សដែលមិនចូលចិត្តហើយគឺមិនចាំបាច់ស្ទាក់ស្ទើរក្នុងការដើរចេញនោះទេ។ នៅពេលដែលយើងព្យាយាមបង្ខំខ្លួនឯងឱ្យនៅក្នុងកាលៈទេសៈនោះ វានឹងធ្វើឱ្យយើងមានអារម្មណ៍ធុញថប់ និងជិវិតអាប់អួជាមិនខាន។ ដូច្នេះវានឹងមិនមានអ្វីចំណេញឡើយ នៅពេលទ្រាំនៅជាមួយមនុស្សបែបនោះ ៕